Connect with us

ព័ត៌មានអន្ដរជាតិ

មេ​បញ្ជាការ​កំពូល​ក្រុម​ហេសបូឡា​ទាំង​៧​នាក់ ដែល​អ៊ីស្រាអែលសម្លាប់ ជានរណា​?

បានផុស

នៅ

ក្នុងរយៈពេលត្រឹមតែជាងមួយសប្តាហ៍ប៉ុណ្ណោះ ការវាយប្រហាររបស់អ៊ីស្រាអែល​កើន​ឡើងកាន់តែខ្លាំងនៅក្នុងប្រទេសលីបង់ ហើយ​បានសម្លាប់មេបញ្ជាការជាន់ខ្ពស់​​ដ៏​មាន​ឥទ្ធិពល​ចំនួន​៧​រូប​របស់​ក្រុមសកម្មប្រយុទ្ធ​ហេសបូឡា ដោយ​ក្នុង​នោះ​មាន​ទាំងមេដឹកនាំក្រុមលោក Hassan Nasrallah ផង​ដែរ។

ការវាយប្រហារនាពេលថ្មីៗនេះនៅក្នុងប្រទេសលីបង់ និងការធ្វើឃាតលោក Nasrallah គឺជាការកើនឡើង​​នៃ​ភាព​តានតឹង​គួរឲ្យកត់សម្គាល់នៅក្នុងសង្គ្រាមមជ្ឈិមបូព៌ា​រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា។

ក្រុម​ហេសបូឡា ដែល​ជា​កង​កម្លាំងយោធា និង​កង​កម្លាំង​នយោបាយដ៏មានឥទ្ធិពលបំផុត​នៅ​លីបង់ ឥឡូវនេះ​កំពុងព្យាយាម​ងើប​ខ្លួន​ឡើង​វិញ​​បន្ទាប់​ពី​រង​ការវាយប្រហារយ៉ាងធ្ងន់ធ្ងរ​​ពី​ភាគី​​អ៊ីស្រាអែល ដែល​បាន​ធ្វើ​ឲ្យ​បាត់បង់សមាជិកសំខាន់ៗ​នៃ​ក្រុមហេសបូឡា គិត​ចាប់តាំងពីការបង្កើតឡើងនា​ដើមទសវត្សរ៍ឆ្នាំ​១៩៨០។

មេ​បញ្ជាការ​និង​មន្ត្រី​ជាន់​ខ្ពស់​ក្រុម​ហេសបូឡា​​ដែល​​ត្រូវ​អ៊ីស្រាអែល​​សម្លាប់​​ មាន​ដូចជា៖

លោក Hassan Nasrallah

ចាប់តាំងពីឆ្នាំ១៩៩២ លោក Nasrallah បានដឹកនាំក្រុមឆ្លងកាត់សង្រ្គាមជាច្រើនជាមួយអ៊ីស្រាអែល ហើយបានមើលការខុសត្រូវនៃការផ្លាស់ប្តូរគណបក្សទៅជា​ក្រុម​​ដ៏មាន​អំណាច​​​មួយ​នៅក្នុងប្រទេសលីបង់។ ក្រុមហេសបូឡាបានចូលប្រឡូកក្នុងឆាកនយោបាយលីបង់ និង​ចូលរួម​​ក្នុង​ជម្លោះក្នុងតំបន់ ដែលធ្វើឲ្យ​ខ្លួនក្លាយជាកង​កម្លាំងប៉ារ៉ាយោធាដ៏មានឥទ្ធិពលបំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីការបះបោររបស់ប្រទេសស៊ីរីឆ្នាំ២០១១​បានអូសបន្លាយ​ក្លាយ​ជា​​សង្រ្គាមស៊ីវិល ក្រុមហេសបូឡាបានដើរតួយ៉ាងសំខាន់ក្នុងការរក្សា​តំណែង​របស់​ប្រធានាធិបតីស៊ីរីលោក Bashar Asad។ នៅក្រោម​ការ​គ្រប់គ្រង​របស់​លោក Nasrallah ក្រុមហេសបូឡាក៏បានជួយអភិវឌ្ឍសមត្ថភាពរបស់ក្រុមប្រដាប់អាវុធដែលគាំទ្រដោយអ៊ីរ៉ង់នៅប្រទេសអ៊ីរ៉ាក់ និង​ប្រទេស​យេម៉ែនផងដែរ។

លោក Nabil Kaouk

លោក Kaouk ដែល​ត្រូវ​បាន​គេ​សម្លាប់​ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​កាល​ពី​ថ្ងៃ​សៅរ៍​ គឺ​ជា​អនុប្រធាន​ក្រុមប្រឹក្សា​កណ្តាល​របស់​ក្រុម​ហេសបូឡា។ លោកបានចូលរួមជាមួយក្រុមសកម្មប្រយុទ្ធនៅដើមទសវត្សរ៍ឆ្នាំ១៩៨០។

លោក Kaouk ក៏បានបម្រើការជាមេបញ្ជាការយោធារបស់​ក្រុម​ហេសបូឡា នៅភាគខាងត្បូងលីបង់​ចាប់​ពីឆ្នាំ១៩៩៥រហូតដល់ឆ្នាំ២០១០។

លោកបានបង្ហាញខ្លួនតាមប្រព័ន្ធផ្សព្វផ្សាយជាច្រើន និងថ្លែងសុន្ទរកថាទៅកាន់អ្នកគាំទ្រ រួមទាំងនៅក្នុងពិធីបុណ្យសពសម្រាប់​សមាជិក​ក្រុមសកម្មប្រយុទ្ធ​ហេសបូឡា ដែល​ត្រូវ​បានសម្លាប់។ លោក​ត្រូវបានគេមើលឃើញថាជាអ្នកស្នងតំណែងដ៏មានសក្តានុពលរបស់​លោក Nasrallah ។

លោក Ibrahim Akil

លោក Akil គឺជាមេបញ្ជាការកំពូលម្នាក់ និងបានដឹកនាំកងកម្លាំង Radwan របស់​ហេសបូឡា ដែលអ៊ីស្រាអែលបាននិងកំពុងព្យាយាមរុញច្រានឲ្យឆ្ងាយពីព្រំដែនរបស់ខ្លួនជាមួយប្រទេសលីបង់។ លោកក៏ជាសមាជិកនៃស្ថាប័នយោធា​ជាន់​ខ្ពស់បំផុត​នៃក្រុមប្រឹក្សា Jihad ហើយអស់រយៈពេលជាច្រើនឆ្នាំបានស្ថិតនៅក្នុងបញ្ជី​ចាប់​ខ្លួន​របស់សហរដ្ឋអាមេរិក។ ក្រសួងការបរទេសអាមេរិក បាន​និយាយថា លោក Akil គឺជា​សមាជិក​ម្នាក់​ក្នុង​ចំណោម​ក្រុម​ដែលបានធ្វើការទម្លាក់គ្រាប់បែកកាលពីឆ្នាំ​១៩៨៣ លើស្ថានទូតអាមេរិកនៅទីក្រុងបេរូត និងបានរៀបចំ​ផែនការ​ចាប់ចំណាប់ខ្មាំងជនជាតិអាល្លឺម៉ង់ និងអាមេរិក។

លោក Ahmad Wehbe

លោក Wehbe គឺជាមេបញ្ជាការនៃកងកម្លាំង Radwan ហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍក្រុមនេះ ចាប់តាំងពីការបង្កើតឡើងកាលពីជិតពីរទសវត្សរ៍មុន។ លោកត្រូវ​បាន​គេ​សម្លាប់​នៅ​ក្បែរ​លោក Akil ក្នុង​ការ​វាយ​ប្រហារ​តាម​អាកាស​នៅ​ជាយក្រុង​ភាគ​ខាង​ត្បូង​រដ្ឋធានី​បេរូត​។

លោក Ali Karaki

លោក Karaki បានដឹកនាំរណសិរ្សភាគខាងត្បូងរបស់ហេសបូឡា ដោយដើរតួនាទីយ៉ាងសំខាន់ក្នុងជម្លោះដែលកំពុងបន្តកើត​ឡើង។ សហរដ្ឋ​អាមេរិក​ បាន​ពណ៌នា​លោកថា​ជា​ឥស្សរជន​សំខាន់​ម្នាក់​ក្នុង​ការ​ដឹកនាំ​របស់​ក្រុម​សកម្មប្រយុទ្ធ។ លោក Karaki ដែលត្រូវបានសម្លាប់​ក្នុង​ពេល​តែ​មួយ​ជាមួយលោក Nasrallah។

លោក Mohammad Surour

លោក Surour គឺជាប្រធានអង្គភាព​ដ្រូន​របស់ហេសបូឡា ដែលត្រូវបាន​បង្កើត​ជាលើកដំបូងនៅក្នុងជម្លោះបច្ចុប្បន្នជាមួយអ៊ីស្រាអែល។ ក្រោមការដឹកនាំរបស់លោក ក្រុមហេសបូឡាបានបាញ់បង្ហោះដ្រូនបំផ្ទុះ និងឈ្លបយកការណ៍​ចូល​ជ្រៅទៅក្នុងប្រទេសអ៊ីស្រាអែល ហើយ​ក៏​ស្គាល់​ច្បាស់​ពី​ប្រព័ន្ធការពារ​ខ្លួន ដែលភាគច្រើនផ្តោតលើគ្រាប់រ៉ុកកែត និងមីស៊ីលរបស់ក្រុម។

លោក Ibrahim Kobeissi

លោក Kobeissi បានដឹកនាំអង្គភាពមីស៊ីល​នៃ​​ក្រុម​ហេសបូឡា។ យោធាអ៊ីស្រាអែល និយាយថា លោក Kobeissi បានរៀបចំផែនការចាប់​ជម្រិត និងសម្លាប់ទាហានអ៊ីស្រាអែលបីនាក់នៅព្រំដែនភាគខាងជើងក្នុងឆ្នាំ២០០០ ដែលសាកសពរបស់ពួកគេត្រូវបានប្រគល់មកវិញនៅក្នុងការដោះដូរអ្នកទោសជាមួយក្រុម​ហេសបូឡា​នៅ​បួនឆ្នាំ​បន្ទាប់៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម