Connect with us

ព័ត៌មានជាតិ

ក្រសួងព័ត៌មាន៖ សំណុំរឿងរបស់ជនត្រូវចោទ ម៉ិច ដារ៉ា មិនពាក់ព័ន្ធនឹងវិជ្ជាជីវៈសារព័ត៌មានទេ

បានផុស

នៅ

ក្រសួងព័ត៌មាន ចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹងករណីរបស់ជនត្រូវចោទឈ្មោះ ម៉ិច ដារ៉ា (អតីតអ្នកសារព័ត៌មាន) ដែលត្រូវបានសាលាដំបូងរាជធានីភ្នំពេញចោទប្រកាន់ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៤ ។

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងព័ត៌មាន ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០២៤ បានឱ្យដឹងថា ក្រសួងបន្តតាមដានយ៉ាងយកចិត្តទុកដាក់លើសំណុំរឿងដែលកំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការ។ ជាមួយគ្នានេះ ក្រសួងលើកទឹកចិត្តដល់ជនត្រូវចោទ ម៉ិច ដារ៉ា និងក្រុមមេធាវីការពារក្តី ខិតខំប្រមែរ​ប្រមូល​ភស្តុតាងដើម្បីតតាំងស្របតាម នីតិវិធីច្បាប់នៅចំពោះមុខតុលាការ។ ក្រសួងសង្កត់ធ្ងន់ថា៖«បុគ្គលដែលប្រព្រឹត្តបទល្មើស ត្រូវទទួលខុសត្រូវតាមច្បាប់។ ករណីជនត្រូវចោទមានតម្រូវការផ្នែកមេធាវីការពារក្តីបន្ថែម ក្រសួងនឹងពិនិត្យពិចារណាតាមលក្ខខណ្ឌដែលបានកំណត់ដូចអ្វីដែលក្រសួងបានពិនិត្យផ្តល់ជូនដល់អ្នកសារព័ត៌មានផ្សេងៗទៀតដែរ»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមក្រសួងព័ត៌មាន យោងតាមទិន្នន័យនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍នៃក្រសួងព័ត៌មាន, បណ្ណសម្គាល់ខ្លួនជាអ្នកសារព័ត៌មានរបស់ឈ្មោះ ម៉ិច ដារ៉ា បានហួសសុពលភាពតាំងពីចុង ឆ្នាំ២០២២ មកម៉្លេះ និងមិនមានការស្នើសុំបន្តសុពលភាពជាថ្មីទេរហូតមកដល់ពេលនេះទោះក្នុងទម្រង់ស្ថាប័ន ឬជាអ្នកសារព័ត៌មានគ្មានអង្គភាព (freelancer)។
សេចក្តីប្រកាសបញ្ជាក់ថា៖«យោងតាមអង្គហេតុដែលបានចោទប្រកាន់សំណុំរឿងរបស់ជនត្រូវចោទ ម៉ិច ដារ៉ា មិនពាក់ព័ន្ធនឹងវិជ្ជាជីវៈ សារព័ត៌មានទេ ដូច្នេះសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធមួយចំនួនកុំព្យាយាមភ្ជាប់នឹងការអនុវត្តវិជ្ជា ជីវៈសារព័ត៌មាន និងធ្វើការវាយតម្លៃដោយខុសឆ្គងនិងគ្មានមូលដ្ឋានលើវិស័យសារព័ត៌មាននៅកម្ពុជា និងមិនគួរមានជំងឺតួឯក និងតាំងខ្លួនជាជើងឯកក្នុងសេរីភាពសារព័ត៌មាននោះទេ»។

គួរជម្រាបថា ការឃាត់ខ្លួនជនត្រូវចោទឈ្មោះ ម៉ិច ដារ៉ា បន្ទាប់ពីលោកបានបង្ហោះសារជាច្រើនដែលមានលក្ខណៈញុះញង់ និងយករូបភាពកាត់តរមណីយដ្ឋានបាភ្នំ ត្រូវបានវាយកម្ទេចចោល បំភ្លៃការពិត មូលបង្កាច់ ប្រឌិតព័ត៌មានមិនពិតផ្សេងទៀត ដែលធ្វើឡើងក្នុងចេតនាទុច្ចរិត ញុះញង់ បញ្ចុះកំហឹងឱ្យប្រជាពលរដ្ឋមានការភាន់ច្រឡំមកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានបង្ហោះ ចូលក្នុងផេកហ្វេសប៊ុករបស់ខ្លួនឈ្មោះ Mech Dara និងបានចែកចាយក្នុងបណ្តាញសង្គមFacebook, Twitter, Telegrame, whatsapp, និងSignal ដែលជនត្រូវចោទមានចេតនាទុច្ចរិត បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់ សន្តិសុខសង្គម។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ។

ប្រភពដដែលបញ្ជាក់ថា៖« អំពើដែលប្រព្រឹត្តឡើងដោយជនត្រូវចោទឈ្មោះ ម៉ិច ដារ៉ា ជាអំពើល្មើសច្បាប់ព្រហ្មទណ្ឌជាធរមាន ហើយជនត្រូវចោទរូបនេះបានទទួលស្គាល់ និងសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ប្រាកដមែន»។

ការប្រឌិតព័ត៌មានក្លែងក្លាយ និងបង្ហោះសារផ្សព្វផ្សាយដែលមានលក្ខណៈញុះញង់ បំភ្លៃការពិត មួលបង្កាច់ ប្រឌិតព័ត៌មានមិនពិតផ្សេងៗដែលធ្វើឡើងក្នុងចេតនាទុច្ចរិត ញុះញង់ បញ្ឆេះកំហឹងប្រជាពលរដ្ឋឱ្យមានការយល់ច្រឡំ មិនមែនជាសេរីភាពនៃការបញ្ចេញមតិឡើយ ហើយបើករណីជននោះជាអ្នកសារព័ត៌មាន ការបំភ្លៃការពិត និងប្រឌិតព័ត៌មានក្លែងក្លាយមិនមែនជាសេរីភាពនៃសារព័ត៌មាន និងសេរីភាពនៃការបោះពុម្ពផ្សាយទេ។ ទង្វើបំពានក្រៅវិជ្ជាជីវៈ សារព័ត៌មានត្រូវប្រឈមនឹងផលវិបាកផ្នែករដ្ឋប្បវេណី និងព្រហ្មទណ្ឌដូចមានចែងក្នុងច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន។ ទង្វើបំពានទាំងនេះមិនស្ថិតក្នុងក្របខណ្ឌនៃសេរីភាពនៃសារព័ត៌មានឡើយ។ នេះបើតាមក្រសួងព័ត៌មាន។

រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងព័ត៌មាន បានប្រកាន់នូវគោលជំហរម៉ឺងម៉ាត់លើកស្ទួយសេរីភាពខាងសារព័ត៌មាន។ ជាមួយគ្នានេះ កម្ពុជារួមជាមួយពិភពលោកបាននិងកំពុងប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ព័ត៌មានក្លែងបន្លំ និងព័ត៌មានបំភ័ន្តផ្សេងៗដើម្បីធានាផ្តល់ជូនប្រជាពលរដ្ឋនូវសន្តិសុខព័ត៌មាន និងសុវត្ថិភាពព័ត៌មានសម្រាប់សាធារណជន និងដើម្បីធានាសិទ្ធិទទួលបានព័ត៌មានពិត និងត្រឹមត្រូវរបស់ប្រជាពលរដ្ឋ ក៏ដូចជាការពារលទ្ធិប្រជាធិបតេយ្យ។

យោងតាមរបាយការណ៍ស្តីពីសេរីភាពសារព័ត៌មាននៅកម្ពុជាចេញផ្សាយនៅឆ្នាំ២០២៤ បញ្ជាក់ថាសេរីភាពខាងសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ។ ក្រសួងបានគូសរំលេចថា៖«គេមិនត្រូវយកបុគ្គលប្រព្រឹត្តបទល្មើសម្នាក់មកវាយតម្លៃលើស្ថានភាពសារព័ត៌មាននៅកម្ពុជាឡើយ។ សេរីភាពសរព័ត៌មាននៅកម្ពុជាក៏មិនមែនស្ថិតនៅលើបបូរមាត់របស់ជនបរទេសវាយតម្លៃដែរ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម