Connect with us

ព័ត៌មានជាតិ

ទ័ពជើងគោកប្រទេសអាស៊ាន-កូរ៉េ ប្ដេជ្ញាពង្រឹងភាពជាដៃគូដើម្បីសន្តិសុខក្នុងតំបន់

បានផុស

នៅ

កងទ័ពជើងគោកនៃបណ្ដាប្រទេសសមាជិកអាស៊ាន និងកងទ័ពជើងគោកកូរ៉េខាងត្បូង បានប្តេជ្ញាពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការរួមគ្នា ដើម្បីសន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់។ ការប្ដេជ្ញាចិត្តនេះ បានធ្វើឡើងនៅក្នុងសន្និសីទមេបញ្ជាការកងទ័ពជើងគោកកូរ៉េ-អាស៊ាន លើកទី១ នាទីក្រុងដេជុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិព័រណ៍ឧស្សាហកម្មការពារជាតិកងទ័ពជើងគោកកូរ៉េ និងសន្និសីទមេបញ្ជាការកងទ័ពជើងគោកកូរ៉េ-អាស៊ាន លើកទី១ បានរៀបចំឡើងក្រោមប្រធានបទ«ពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តក្នុងកម្រិតកងទ័ពជើងគោក» ទីក្រុងដេជុន ប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤។ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោក កម្ពុជា ក៏បានដឹកនាំប្រតិភូចូលរួមសន្និសីទនេះដែរ។

នាយឧត្តមសេនីយ៍ PARK AN-SU មេបញ្ជការកងទ័ពជើងគោកកូរ៉េ បានថ្លែងថា ភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ច រវាងកូរ៉េ និងអាស៊ាន មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ទាំងការពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តក្នុងកម្រិតកងទ័ពជើងគោក និងកិច្ចសន្ទនាពហុភាគីជាមួយបណ្តាប្រទេសសមាជិកអាស៊ាន ដែលពិតជាមានសារៈសំខាន់ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនានា។

លោក បន្ថែមថា កងទ័ពជើងគោកកូរ៉េ នឹងបន្តផ្តល់ការគាំទ្រដល់កងទ័ពជើងគោកនៃបណ្តាប្រទេសសមាជិកអាស៊ាន តាមរយៈការហ្វឹកហ្វឺន ផ្លាស់ប្តូរបទពិសោធពាក់ព័ន្ធការងារភ័ស្តុភារ ជំនាញប្រឆាំងភេរវកម្ម និងសន្តិសុខអ៊ីនធើណែត។

អញ្ជើញថ្លែងសុន្ទរកថាស្តីពីការសម្របសម្រួលប្រតិបត្តិការមនុស្សធម៌សកល នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានលើកឡើងអំពីការចូលរួមរបស់កងយោធពលខេមរភូមិន្ទ ក្នុងបេសកកម្មរក្សាសន្តិភាព និងក្នុងក្របខណ្ឌគ្រប់គ្រងគ្រោះមហន្តរាយរបស់អាស៊ាន តាមរយៈមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន សម្រាប់ជំនួយមនុស្សធម៌លើការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre) និងក្រុមការងារវាយតម្លៃ និងឆ្លើយតបគ្រោះអាសន្នអាស៊ាន (ASEAN-ERAT) ដែលបញ្ជាក់អំពីការតាំងចិត្តរបស់កងយោធពលខេមរភូមិន្ទនិយាយជារួម និងកងទ័ពជើងគោកនិយាយដោយឡែក ចំពោះចក្ខុវិស័យរបស់អាស៊ានអំពីតំបន់ដែលមានសុវត្ថិភាព និងភាពធន់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម