ព័ត៌មានជាតិ
លោក ស៊ុន ចាន់ថុល ថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកាភាពជាអ្នកដឹកនាំអាស៊ាន រៀបចំដោយ CSIS នៅអាម៉េរិក
កាលពីព្រឹកថ្ងៃអង្គារ ទី១ ខែតុលា ឆ្នាំ២០២៤ (ម៉ោងនៅក្នុងតំបន់) លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកាភាពជាអ្នកដឹកនាំអាស៊ាន រៀបចំដោយមជ្ឈមណ្ឌលសិក្សាអំពីយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិ(CSIS) របស់សហរដ្ឋអាម៉េរិក ដើម្បីចែករំលែកអំពីព័ត៌មានសក្តានុពលសម្រាប់ការវិនិយោគឯកជននៅកម្ពុជា។
ជាកិច្ចចាប់ផ្តើម លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីគោលបំណងនៃដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូកម្ពុជា ក្រោមការរៀបចំរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សហការជាមួយស្ថានទូតសហរដ្ឋអាម៉េរិក, សភាពាណិជ្ជកម្មអាម៉េរិកនៅកម្ពុជា និងមានការចូលរួមពីតំណាងក្រសួងរ៉ែ និង ថាមពល, ក្រសួងពាណិជ្ជកម្ម, និងវិស័យឯកជនជាច្រើនជាសមាជិកនៃសមាគមឧកញ៉ាកម្ពុជា ក្នុងបុព្វហេតុដើម្បីទាក់ទាញ និងជំរុញវិនិយោគពីសហរដ្ឋអាម៉េរិក និងកាណាដាមកប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត។
ក្នុងវេទិកានាឱកាសនោះ លោក ស៊ុន ចាន់ថុល បានគូសរំលេចជូនអំពីបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជា ខណៈពេលដែលកម្ពុជាមានសុខសន្តិភាពពេញលេញ និងបើកចំហរទទួលការវិនិយោគពីគ្រប់ទិសទី ក្នុងនោះលោកបានលើកទឹកចិត្តជូនវិនិយោគិនអាម៉េរិកឱ្យពិនិត្យលទ្ធភាពមកបណ្តាក់ទុនបន្ថែមទៀតនៅកម្ពុជា។
លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកវិស័យឯកជនគឺជាក្បាលម៉ាស៊ីនដ៏សំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ។ បើទោះបីកម្ពុជាជាប្រទេសតូចមានប្រជាពលរដ្ឋប្រមាណ ១៧ លាននាក់ក្ដី ប៉ុន្តែកម្ពុជាមានប្រជាពលរដ្ឋវ័យក្មេងដែលប្រកបដោយថាមពល ថាមវន្ត និងអាចបង្រៀនបានច្រើនជាងប្រទេសផ្សេងៗទៀតក្នុងតំបន់ ដែលនេះជាសក្តានុពលប្រជាសាស្ត្ររបស់កម្ពុជាជូនដល់វិនិយោគិន។ ការផលិតនៅកម្ពុជាមិនត្រឹមតែអាចផ្គត់ផ្គង់សម្រាប់ទីផ្សារក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងអាចផ្គត់ផ្គង់ទីផ្សាររបស់អាស៊ាន, ទីផ្សារពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ តំបន់(RCEP) ដែលមានប្រជាជនសរុបប្រមាណ២,៣ពាន់លាននាក់, ហើយក្រៅពីនោះកម្ពុជាក៏បាន ទទួលអត្ថប្រយោជន៍បន្ថែមផងដែរពីប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប។
បើតាមលោក ស៊ុន ចាន់ថុល រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ នៃរដ្ឋសភា បានបន្តយកចិត្តទុកដាក់បន្ថែមទៀតក្នុងការស្តាប់កង្វល់នានារបស់វិនិយោគិន តាមរយៈការរៀបចំនូវកិច្ចសន្ទនា និងរបៀបវារៈនានា មានជាអាទិ៍ វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនជាដើម។ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ លោក និងលោកស្រី Bridgette L. Walker ការធារីស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា បានអញ្ជើញដឹកនាំជាលើកដំបូងនូវកិច្ចសន្ទនារវាងរដ្ឋនិងឯកជននៃប្រទេសកម្ពុជា និងសហរដ្ឋអាម៉េរិក ដើម្បីពិភាក្សាដោះស្រាយលើកង្វល់នានារបស់វិនិយោគិនអាម៉េរិកនៅកម្ពុជា ដែលនេះបានបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះវិនិយោគិន។ កម្ពុជាបានបន្តខិតខំប្រឹងប្រែងក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវគោក ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស មិនត្រឹមតែសម្រាប់បម្រើប្រយោជន៍ពលរដ្ឋដោយផ្ទាល់ប៉ុណ្ណោះទេប៉ុន្តែក៏សម្រាប់សម្រួលដល់ការដឹកជញ្ជូនរបស់វិនិយោគគិនផងដែរ។
វេទិកាដែលរៀបចំដោយមជ្ឈមណ្ឌលសិក្សាអំពីយុទ្ធសាស្ត្រ និងកិច្ចការអន្តរជាតិរបស់សហរដ្ឋអាម៉េរិកនេះ ជាវេទិកាដែលតែងតែអញ្ជើញថ្នាក់ដឹកនាំកំពូលៗរបស់ប្រទេសផ្សេងៗគ្នា ថ្លែងសុន្ទរកថាគន្លឹះ ចែករំលែកអំពីព័ត៌មាន និងទស្សនាទាន ទៅកាន់សាធារណជនទូទាំងសកលលោក។ ជាក់ស្តែងនៅក្នុងឆ្នាំនេះ ប្រធានាធិបតីប្រទេសហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជូនៀ ក៏បានថ្លែងសុន្ទរកថានៅលើវេទិកានេះផងដែរ។ នេះគឺជាលើកទី២ហើយ ដែលលោក ស៊ុន ចាន់ថុល អញ្ជើញផ្ដល់កិត្តិយសថ្លែងសុន្ទរកថាគន្លឹះក្នុងវេទិកា ដែលរៀបចំដោយមជ្ឈមណ្ឌល CSIS ដោយការចូលរួមលើកដំបូងកាលពីឆ្នាំ២០១៤ កន្លងទៅ ដើម្បីចែករំលែកអំពីព័ត៌មានសក្តានុពល និងកាលានុវត្តភាពរបស់កម្ពុជា៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
សន្តិសុខសង្គម១៤ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ