Connect with us

ព័ត៌មានអន្ដរជាតិ

ប្អូន​ស្រី​លោក គីម៖ មីស៊ីល​កូរ៉េ​ខាងត្បូង​ធំ​តែ​មាឌ តែ​គ្មាន​ប្រយោជន៍

បានផុស

នៅ

អ្នក​ស្រី គីម យូជុង ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង កាលពីថ្ងៃព្រហស្បតិ៍​បានចំអកឲ្យមីស៊ីល Hyunmoo-5 របស់កូរ៉េខាងត្បូង ដែលបាន​តាំង​បង្ហាញជាលើកដំបូងក្នុងទីក្រុងសេអ៊ូល ថា​ជា «អាវុធ​ដ៏​ធំតែ​​គ្មាន​​ប្រយោជន៍នោះ​ទេ»។

អ្នកស្រី គីម យូជុង (រូបភាព៖ KBS News)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្អូន​ស្រី​របស់​លោក គីម ជុងអ៊ុន បានលើក​ឡើង​ដូច្នេះ​នៅក្នុងសេចក្តីថ្លែងការណ៍មួយ រយៈពេល​២​ថ្ងៃបន្ទាប់ពីកូរ៉េខាងត្បូងបានបញ្ចេញមីស៊ីល Hyunmoo-5 នៅក្នុងក្បួនព្យុហយាត្រាយោធា​អបអរ​ទិវាកងកម្លាំងប្រដាប់អាវុធ​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ។ មីស៊ីល​ថ្មី​នេះ​ដែលគេដឹងថាអាចផ្ទុកក្បាលគ្រាប់​ទម្ងន់​៨​តោន​ និង​អាច​បាញ់​ដល់​គ្រប់​ទីកន្លែង​ទាំង​អស់​​នៅ​លើ​ទឹក​ដី​កូរ៉េ​ខាង​ជើង។

នៅក្នុងពិធីរំលឹកខួប ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង លោក Yoon Suk Yeol បាននិយាយថា កូរ៉េខាងជើងនឹងប្រឈមមុខនឹងការបញ្ចប់នៃរបបរបស់ខ្លួន ប្រសិនបើខ្លួនព្យាយាមប្រើប្រាស់អាវុធនុយក្លេអ៊ែរ។ លោក​ក៏​បាន​ព្រមានពីការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងលើសលប់ពីសម្ព័ន្ធមិត្ត​​របស់​កូរ៉េខាងត្បូង រួម​​ទាំង​សហរដ្ឋអាមេរិក​ផង​ដែរ។

អ្នក​ស្រី គីម យូជុង បានឆ្លើយ​តប​នៅក្នុងសេចក្តីថ្លែងការណ៍​ថា៖ «បើមនុស្ស​ម្នាក់មានកម្រិតនៃសុភវិនិច្ឆ័យមួយ គាត់មិនអាចនិយាយអំពី “ការបញ្ចប់នៃរបប” របស់អ្នកណាម្នាក់ ដោយ​ប្រើ​​អាវុធដ៏ធំ​តែ​គ្មាន​ប្រយោជន៍​នោះទេ»។

ទន្ទឹម​នោះ អ្នកស្រី គីម បានថ្កោលទោសការ​តាំង​បង្ហាញ​​​ពី​យន្តហោះទម្លាក់គ្រាប់បែកធុនធ្ងន់ B-1B របស់អាមេរិក នៅ​អំឡុងពេលពិធី​អបអរ​ទិវាកងកម្លាំងប្រដាប់អាវុធ​កូរ៉េ​ខាង​ត្បូង។ អ្នកស្រី​បាន​​​ហៅវាថាជាឈុត​ឆាក​ដ៏គួរឲ្យ​អាណិត ដែលអាចមើលឃើញតែនៅក្នុង​​ប្រទេស​ «អាណានិគមកូរ៉េខាងត្បូង» តែ​ប៉ុណ្ណោះ។

គួរ​បញ្ជាក់​ថា ទំនាក់ទំនងរវាងកូរ៉េខាងជើង និងកូរ៉េខាងត្បូង​ធ្លាក់​ដល់​ចំណុចទាបបំផុតមួយក្នុងរយៈពេលប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដោយ​ក្រុង​ព្យុងយ៉ាង​​កាល​ពី​ពេល​ថ្មីៗ​​បាន​ប្រកាសពីការដាក់ពង្រាយ​មីស៊ីល​ប៉ាលិស្ទិក​​ចំនួន​២៥០​គ្រាប់ទៅកាន់ព្រំដែនភាគខាងត្បូងរបស់ខ្លួន។

ក្រុង​ព្យុងយ៉ាង​បាន​ចាត់​ទុក​ប្រទេស​កូរ៉េ​​ខាង​ត្បូង​ជា​ «សត្រូវ​ចម្បង» ហើយ​បាន​ប្រកាស​ខ្លួន​ថា​ជា​មហាអំណាច​អាវុធ​នុយក្លេអ៊ែរ «មិន​អាច​កែប្រែ​បាន​ឡើយ»។ បន្ថែម​ពី​នេះ កូរ៉េ​ខាង​ជើង​បាន​បដិសេធ​ជា​ណាស់​​យូរ​មក​ហើយ​ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​របស់​អង្គការ​សហ​ប្រជាជាតិ ​ខណៈ​ដែល​ខ្លួន​មាន​​​ការ​គាំទ្រ​ពី​សម្ព័ន្ធមិត្ត​រុស្ស៊ី និង​ចិន៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម