Connect with us

ព័ត៌មានជាតិ

មុនដង្ហែកឋិនទៅវត្តខ្មែរក្រោម សម្តេចតេជោ៖ ខ្មែរលើ ខ្មែរកណ្តាល ខ្មែរក្រោម ជាខ្មែរតែមួយ

បានផុស

នៅ

ក្នុងឱកាសដែលថ្នាក់មន្រ្តីជាន់ខ្ពស់កម្ពុជា កំពុងរៀបចំកម្មវិធីដង្ហែអង្គកឋិនទានទៅវត្តខ្មែរក្រោម សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានចែករំលែកសារដ៏មានអត្ថន័យនៅលើបណ្តាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ដោយសម្តេចបញ្ជាក់ថា ខ្មែរលើ ខ្មែរកណ្តាល ខ្មែរក្រោម ជាខ្មែរតែមួយ។

សម្តេចបានសរសេរថា៖«ខ្មែរលើ ខ្មែរកណ្តាល ខ្មែរក្រោម ជាខ្មែរតែមួយ ទើបយើងដាក់ឈ្មោះអង្គកឋិនទាននេះថា (អង្គកឋិនទាន មហាសាមគ្គីគ្រួសារខ្មែរ) ដែលបងប្អូនខ្មែរនៅគ្រប់ទីកន្លែង គ្រប់គណបក្សនយោបាយ គ្រប់និន្នាការនយោបាយ អាចចូលរួមបានទាំងអស់គ្នា»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


សម្តេចក៏បានជម្រាបជូនសាធារណជនថា បើសិនបងប្អូនប្រជាជនគ្រប់ស្រទាប់វណ្ណៈ ចង់ទៅលេងបុណ្យកឋិនទាននេះអាចចូលរួមបាន ប៉ុន្តែត្រូវបំពេញបែបបទតាមនីតិវិធីច្បាប់ឆ្លងប្រទេស ព្រោះជាកឋិនឆ្លងដែនប្រទេស។
សម្តេចតេជោ បានចែករំលែកថា ភរិយារបស់សម្តេចបានគិតច្រើនឆ្នាំមកហើយ រឿងដង្ហែអង្គកឋិនទានទៅវត្តខ្មែរក្រោម បន្ទាប់ពីដង្ហែចូលច្រើនវត្តនៅកម្ពុជា។ ប៉ុន្តែជាអកុសលឪពុកសម្តេចទទួលមរណភាពនៅឆ្នាំ២០១៣ ដែលនាំឱ្យគ្រួសារសម្រេចផ្អាកការធ្វើបុណ្យកឋិនរយៈពេល៥ឆ្នាំ។ បន្ទាប់មក នៅឆ្នាំ ២០២០ ម្តាយក្មេកសម្តេចមានជម្ងឺ និងបានទទួល​មរណភាព ទើបសម្រេចផ្អាកធ្វើកឋិនទានបន្តទៀត។

សម្តេចបានរំឭកថា ចាប់គិតតាំងពីឆ្នាំ២០១២ មកសម្រេចឆ្នាំ២០២៤ គឺប្រើពេល១២ឆ្នាំ ទើបសម្រេចក្តីសុបិនមួយនេះ។សម្តេចតេជោ ដែលមានតួនាទីជាប្រធានគណបក្សប្រជាជនកម្ពុជា បានបន្តថា ៖«ឆ្នាំនេះភរិយាខ្ញុំបានលើករឿងកឋិនទាន ទៅវត្តខ្មែរក្រោមម្តងទៀត យើងបានឯកភាពគ្នាទាំងឪពុកម្តាយ និងកូនដែលជានាយករដ្ឋមន្ត្រីស្រាប់ និងដោយការខិតខំរបស់ សម្តេច ម៉ែន សំអន យើងបានឈានដល់ការសម្រេចក្តីសុបិនច្រើនឆ្នាំ ក្នុងការដង្ហែអង្គកឋិនមហាសាមគ្គីគ្រួសារខ្មែរមួយ ទៅវត្តខ្មែរក្រោម ដែលនឹងហែទៅដល់នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខដោយមានភរិយាខ្ញុំរួមជាមួយ សម្តេច ម៉ែន សំអន និងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀតដង្ហែទៅដោយផ្ទាល់»។

សម្តេចតេជោ គូសបញ្ជាក់ថា អង្គកឋិនទាននេះធ្វើឡើងដោយ គណបក្សប្រជាជន រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ស្ថាប័នព្រះសង្ឃទាំងពីរគណៈ និងស្ថាប័នថ្នាក់ជាតិផ្សេងទៀត។ ការរៀបចំពិធីធ្វើនៅ វិមាន៧មករា ស្នាក់ការគណបក្សប្រជាជនកម្ពុជា នាល្ងាចថ្ងៃទី៣ ខែវិច្ចកា ឆ្នាំ២០២៤ ដែលមានសម្តេច និងភរិយា ចូលរួមដោយផ្ទាល់។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០២៤ បានចេញសេចក្ដីសម្រេចបង្កើតគណៈកម្មការរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោម។

តាមសេចក្ដីសម្រេចគណៈកម្មការនេះ មានភារកិច្ចដឹកនាំ ចាត់តាំង និងរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោម ឱ្យប្រព្រឹត្តទៅស្របតាមប្រពៃណី ទំនៀមទម្លាប់ ព្រះពុទ្ធសាសនា និងលើកសំណើដោះស្រាយបញ្ហានានាទាក់ទងនឹងការរៀបចំអង្គកឋិនទាន ឱ្យប្រព្រឹត្តទៅបានល្អប្រសើរ ក៏ដូចជាធ្វើលិខិតអញ្ជើញនិងរៀបចំទទួលបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំនិងភ្ញៀវដែលអញ្ជើញចូលរួម ព្រមទាំងលើកគម្រោងនិងចាត់ចែងគ្រប់គ្រងចំណូល ចំណាយថវិកាពីប្រភពនានា និងអនុវត្តភារកិច្ចផ្សេងទៀតតាមការចាំបាច់សម្រាប់បម្រើឱ្យការរៀបចំអង្គកឋិនទាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម