ព័ត៌មានអន្ដរជាតិ
អំពើហិង្សានៅហៃទីបង្ខំមនុស្សរាប់ពាន់នាក់ចាកចេញពីផ្ទះ
មនុស្សជិត ៦៣០០ នាក់បានភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ បន្ទាប់ពីការវាយប្រហារដ៏សាហាវនៅកណ្តាលប្រទេសហៃទីដោយក្រុមអ្នកលេងក្រៅច្បាប់់ បានសម្លាប់មនុស្សយ៉ាងហោចណាស់៧០នាក់។
អង្គការទេសន្តរប្រវេសន៍អន្តរជាតិរបស់អង្គការសហប្រជាជាតិបាននិយាយនៅក្នុងរបាយការណ៍មួយកាលពីសប្តាហ៍មុនថា ជិត៩០ភាគរយនៃអ្នកផ្លាស់ទីលំនៅកំពុងស្នាក់នៅជាមួយសាច់ញាតិ ខណៈដែល១២ភាគរយ ភៀសខ្លួនទៅកន្លែងផ្សេងទៀតរួមទាំងសាលារៀនផងដែរ។
ការវាយប្រហារនៅ Pont-Sondé បានកើតឡើងដំបូងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដោយសមាជិកក្រុមអ្នកលេងបានចូលមកបាញ់និងលួចចូលដុតផ្ទះប្រជាពលរដ្ឋ ខណៈសាកសពនៅរាយប៉ាយនៅតាមដងផ្លូវនៃទីក្រុង Pont-Sondé ដែល ពួកគេជាច្រើនបានស្លាប់ដោយការបាញ់ចំក្បាល។
ការប៉ាន់ស្មានដំបូងបានបង្ហាញថាចំនួនអ្នកស្លាប់មានចំនួន២០នាក់ ប៉ុន្តែសកម្មជននិងមន្ត្រីរដ្ឋាភិបាលបានរកឃើញសាកសពបន្ថែមទៀតនៅពេលដែលពួកគេចូលទៅកាន់តំបន់នានាក្នុងក្រុង ក្នុងចំណោមជនរងគ្រោះមានម្តាយវ័យក្មេង ទារកទើបនឹងកើតនិងពេទ្យឆ្មបថែមទៀត។
ឆ្លើយតបនឹងបញ្ហានេះនាយករដ្ឋមន្ត្រីហៃទីលោក Garry Conille បានប្តេជ្ញាថាជនល្មើសនឹងប្រឈមមុខនឹងច្បាប់ដោយថា៖ «ចាំបាច់ត្រូវចាប់ពួកគេ នាំពួកគេទៅកាត់ទោសដាក់ពន្ធនាគារ តបស្នងលើអ្វីដែលពួកគេបានធ្វើលើជនរងគ្រោះ»។
ជាមួយគ្នានេះសហភាពអឺរ៉ុបក៏បានថ្កោលទោសចំពោះអំពើហិង្សានេះនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រផងដែរថា៖«ការកើនឡើងមួយផ្សេងទៀតនៃអំពើហិង្សាដ៏ធ្ងន់ធ្ងរក្រុមឧក្រិដ្ឋជនទាំងនេះកំពុងធ្វើបាបប្រជាជនហៃទី» ។ រដ្ឋាភិបាលរបស់ប្រទេសហៃទីក៏បានដាក់ពង្រាយអង្គភាពប៉ូលិសដែលមានមូលដ្ឋាននៅក្នុងរដ្ឋធានី Port-au-Prince ទៅកាន់ទីក្រុង Pont-Sondé បន្ទាប់ពីការវាយប្រហារនេះ ហើយបានបញ្ជូនការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តដើម្បីជួយដល់មនុស្សក្នុងតំបន់នោះ។
គួរបញ្ជាក់ថាអំពើហិង្សាជាក្រុមនៅទូទាំងតំបន់ Artibonite ដែលផលិតអាហារភាគច្រើនរបស់ប្រទេសហៃទីបានកើនឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ចាប់តាំងពីការកើនឡើងនោះ ការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍គឺជាការសម្លាប់រង្គាលដ៏ធំ បំផុតមួយ។ ហេតុការណ៍ស្រដៀងគ្នានេះក៏បានកើតឡើងនៅក្នុងរដ្ឋធានី Port-au-Princeផងដែរ ដែល ៨០ភាគរយនៃតំបន់នោះ ត្រូវបានគ្រប់គ្រងដោយក្រុមអ្នកលេង បណ្ដាលឲ្យសង្កាត់ជាច្រើនមិនមានសុវត្ថិភាព ហើយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយអំពើហិង្សាមិនអាចត្រឡប់ទៅផ្ទះវិញបានឡើយ ទោះបីជាផ្ទះរបស់ពួកគេមិនត្រូវបានបំផ្លាញក៏ដោយ។
សរុបមកមនុស្សជាង ៧០០០០ នាក់ ច្រើនជាងពាក់កណ្តាលនៃពួកគេគឺជាកុមារ មកដល់ឥឡូវនេះត្រូវបានផ្លាស់ទីលំនៅនៅទូទាំងប្រទេសហៃទីកើនឡើង ២២ភាគរយ ចាប់តាំងពីខែមិថុនា នេះបើយោងតាមអង្គការអន្តរជាតិសម្រាប់ការធ្វើចំណាកស្រុក។ យោងតាមទីភ្នាក់ងារនេះបាននិយាយថា ទីក្រុង Port-au-Prince ធ្វើជាម្ចាស់ផ្ទះមួយភាគបួននៃជនភៀសខ្លួនរបស់ប្រទេស ដែលជារឿយៗរស់នៅក្នុងកន្លែងដែលមានមនុស្សច្រើនកុះករ មិនសូវមានលទ្ធភាពទទួលបានសេវាមូលដ្ឋានឡើយ ភាគច្រើនបានរាយការណ៍ពីការលំបាកសំខាន់ៗ រួមទាំងកង្វះអាហារ កន្លែងថែទាំសុខភាព និងកង្វះការផ្គត់ផ្គង់សំខាន់ៗលើទីផ្សារក្នុងស្រុក៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ប៉ូលិសថៃ រកឃើញហើយ! មូលហេតុនាំឲ្យឆេះរថយន្តដឹកសិស្ស
-
ចរាចរណ៍២ ថ្ងៃ ago
រថយន្ដកាមរីឆ្លាមបើកធ្លាក់ប្រឡាយ ខណៈភ្លៀងខ្លាំងលិចផ្លូវ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងជះឥទ្ធិពលលើកម្ពុជាក្នុងពេលតែមួយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២តុលា
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យុវជន ៣ នាក់ បាត់បង់ជីវិតដោយសារលង់ទឹក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ភ្នំមួយទៀតនៅវៀតណាម ប្រេះប្រវែង១០០ម៉ែត្រ បង្កការភ័យខ្លាច
-
ចរាចរណ៍១ សប្តាហ៍ ago
ឡិចស៊ីស 470 មួយគ្រឿង បោះពួយលឿនបែកកង់ជ្រុលបុកបង្គោលភ្លើងរលំ ០២ ដើម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអាទិត្យផ្ទុះអណ្តាតភ្លើង ជះព្យុះកម្តៅមកផែនដីនៅចុងសប្តាហ៍នេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ខេត្តកែបទទួលបានភ្ញៀវទេសចរជិត៨ម៉ឺននាក់ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ