Connect with us

ព័ត៌មានអន្ដរជាតិ

តើកំណើនភាពតានតឹងនៃជម្លោះមជ្ឈិមបូព៌ា ប៉ះពាល់ដល់សេដ្ឋកិច្ចសកលបែបណា?

បានផុស

នៅ

ថ្ងៃ​ទី​ ៧ តុលា ម្សិល​មិញ​ ជា​គំរប់ខួប​១​ឆ្នាំ​នៃ​ការ​វាយ​ប្រហារ​របស់​ក្រុម​ហាម៉ាស់​​ប៉ាឡេស្ទីន​ទៅ​លើ​រដ្ឋ​អ៊ីស្រាអែល​ ដែលបំផ្ទុះ​សង្រ្គាម​នៅ​តំបន់​មជ្ឈិមបូព៌ានាពេល​​បច្ចុប្បន្ន​ ដោយ​អ៊ីស្រាអែល​បាន​បន្តការ​​វាយ​ប្រហារ​របស់​ខ្លួន​នៅ​តំបន់​ហ្គាហ្សា​ ក្នុង​អ្វី​ដែល​អ្នក​រិះគន់​ហៅ​ថា​ជា​ឧក្រិដ្ឋកម្ម​សង្រ្គាម​ និង​អំពើ​ប្រល័យពូជសាសន៍ ខណៈ​ជន​ជាតិប៉ាឡេស្ទីន​ប្រមាណជិត ៤២ ០០០ នាក់ ដែល​ភាគច្រើន​ជា​ជន​ស៊ីវិល​ ត្រូវ​បាន​សម្លាប់​គិត​មក​ទល់​ពេល​នេះ​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​១​ឆ្នាំ​នៃ​ភ្លើង​សង្រ្គាមឥតស្រាកស្រាន្ត​​ ​​បាន​បង្ក​ឱ្យ​មាន​ការ​ខាត​បង់​យ៉ាង​មហាសាល​ទាំងផ្នែក​​សង្គម​ និង​សេដ្ឋកិច្ច​ ក្នុង​តំបន់​ និង​ទូទាំង​ពិភព​លោក​។ ភាព​សំខាន់​នៃ​មជ្ឈិមបូព៌ា​ ​​ដែល​ត្រូវ​បាន​ចាត់​ទុក​ថា​ជាច្រក​យុទ្ធសាស្រ្ត​មួយ​សម្រាប់​ចរន្ត​សេដ្ឋកិច្ច​សកល ធ្វើ​ឱ្យ​ជម្លោះ​នៅ​តំបន់​នេះ​ក្លាយ​ជា​ហានិភ័យ​សម្រាប់​សេដ្ឋកិច្ច​​ ហើយ​ជា​ថ្មី​ម្ដង​ទៀត​ កំណើន​នៃ​ភាព​តាន​តឹង​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​ កំពុង​តែ​បន្ថែម​ការ​ព្រួយបារម្ភ​​​លើ​​​សេដ្ឋកិច្ចសកល​ដែល​រង​នូវ​ភាព​ស្រពិច​ស្រពិល​រួច​ស្រាប់​ហើយ។​

​បច្ចុប្បន្ន ជម្លោះ​មាន​លើស​ពី​អ៊ីស្រាអែល​ និង​ហាម៉ាស់​នៅ​ហ្គាហ្សា​ ដោយ​មាន​ការ​វាយ​ប្រហារ​ឆ្លើយ​ឆ្លង​គ្នា​រវាង​អ៊ីស្រាអែល និង​ក្រុមហេសប៊ូឡាហ៍របស់​ប្រទេសលីបង់កាន់​តែកំរោល ខណៈ​ការ​ផ្លោង​មីស៊ីល​រាប់​រយរបស់​អ៊ីរ៉ង់​លើអ៊ីស្រាអែល ដែល​ទាញ​ការ​ប្ដេជ្ញាសងសឹកឱ្យ​ចាស់​ដៃ​​ពី​ក្រុងតែវអាវីវ កាលពី​សប្ដាហ៍​មុន​ កំពុង​បង្កើន​ក្ដី​បារម្ភ​ពី​ការ​ផ្ទុះ​សង្រ្គាម​ទ្រង់ទ្រាយ​ធំ​ទូទាំង​តំបន់។

នោះ​ហើយ​ជា​បញ្ហា​សម្រាប់​សេដ្ឋកិច្ច​សកល។ ​មជ្ឍិមបូព៌ា​ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​តំបន់​ផ្គត់​ផ្គង់​ប្រេង​ឆៅ​ដ៏​សំខាន់​បំផុត​មួយ​របស់​ពិភពលោក​ និង​ក៏​ជា​ច្រក​ដឹក​ទំនិញ​តាម​ផ្លូវ​ទឹក​ដ៏​សំខាន់ និង​ជាយុទ្ធសាស្រ្ត​​សម្រាប់​ពាណិជ្ជកម្ម​សកល​ រួមមាន​​ច្រក​សមុទ្រ​ក្រហមដែល​ជា​ផ្លូវ​ទំនិញ​​អឺរ៉ុប-អាស៊ី ​​និង​ច្រក​សមុទ្រហ័រមូហ្ស (Hormuz) ដែល​ជា​ផ្លូវ​ចេញ​ចូល​សម្រាប់​ពាណិជ្ជកម្ម​ជាមួយ​បណ្ដា​ប្រទេស​ឈូង​សមុទ្រ​ពែក្ស​។

កន្លង​មក​ ការ​វាយ​ប្រហារ​របស់​ក្រុមសកម្មប្រយុទ្ធយេម៉ែន ហ៊ូធី ដែល​គាំទ្រដោយ​អ៊ីរ៉ង់​ លើ​នាវា​ដឹក​ទំនិញ​ស៊ីវិល​នៅ​សមុទ្រ​ក្រហម​បាន​បង្ក​ជា​បញ្ហា​សម្រាប់​ពាណិជ្ជកម្ម​សកល​រួច​ស្រាប់​ទៅ​ហើយ​ ដោយ​ធ្វើ​ឱ្យ​ក្រុមហ៊ុនដឹក​ជញ្ជូន​អន្តរជាតិ​ជាច្រើន​ត្រូវ​ផ្លាស់​ប្ដូរ​ផ្លូវដឹក​របស់​ខ្លួន​ដែល​មាន​រយៈពេល​វែង​ និង​យូរ​ជា​ង​មុន​ ដើម្បី​ការពារ​សុវត្ថិភាព​។ ការណ៍​នេះ​ បាន​បណ្ដាល​ឱ្យ​ថ្លៃ​ដឹក​ជញ្ជូន​ឡើង​ថ្លៃ​ និង​សកម្មភាព​ពាណិជ្ជកម្ម​រង​នូវភាព​យឺត​យ៉ាវ ដែល​ជះ​ឥទ្ធិពល​ដោយ​ផ្ទាល់​លើ​សេដ្ឋកិច្ច​សកល ជា​ពិសេស​កំណើន​អតិផរណា​​។

កំណើន​ភាព​តឹង​នៅ​មជ្ឈិមបូព៌ា​នា​ពេល​នេះ​ មាន​ន័យ​ថា​ ស្ថានការណ៍​បែប​នេះ​នឹង​បន្ត​​មាន​ ចំពេល​ដែល​ក្រុមហ៊ូធី​ប្ដេជ្ញាវាយ​ប្រហារ​អ៊ីស្រាអែល​ដើម្បី​គាំទ្រ​ដល់​ក្រុម​ហាម៉ាស់​របស់​ប៉ាឡេស្ទីន​។ ជាមួយ​គ្នា​នោះ​ ជម្លោះ​រវាង​អ៊ីស្រាអែល​ និង​អ៊ីរ៉ង់ អាច​នឹង​ក្លាយ​ទៅ​ជា​ធ្ងន់ធ្ងរ​ ចំពេល​អ៊ីស្រាអែល​ប្ដេជ្ញា​វាយ​ប្រហារ​សងសឹក​ឱ្យ​ «ធ្ងន់ធ្ងរ និង​ចាស់ដៃ»។ គេមិន​ដឹង​ថា​ អ៊ីស្រាអែល​នឹង​កំណត់​គោលដៅ​បែប​ណា​លើ​អ៊ីរ៉ង់​នោះ​ទេ​ ប៉ុន្តែ​ជម្លោះ​រវាង​សត្រូវ​ទាំង​២ នឹង​ធ្វើ​ឱ្យ​តំបន់​មជ្ឈិមបូព៌ា​ទាំង​មូលកាន់​តែ​​រង្គុះរង្គើ​​ ដោយ​អ្នក​ខ្លះ​ព្រមាន​ថា​ វា​នឹង​បង្កការ​បិទ​ច្រក​សមុទ្រហ័រមូហ្ស និង​ការ​រំខាន​កាន់តែ​ខ្លាំង​នៅ​សមុទ្រក្រហម។

មាន​វិភាគ​ខ្លះ​លើក​ឡើង​ថា​ អ៊ីស្រាអែល​អាច​នឹង​វាយ​ប្រហារ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រេង​របស់​អ៊ីរ៉ង់​ ដែល​ការណ៍​នេះ​បង្ក​ការ​ព្រមាន​ពី​សេដ្ឋវិទូពី «ហានិភ័យដែល​អាច​កើន​មាន​ភ្លាមៗ» ​លើ​តម្លៃ​ប្រេងសកល​។ ​បញ្ហា​នេះ​​ នឹង​ជះ​ឥទ្ធិពល​ជា​អវិជ្ជមាន​លើ​បណ្ដា​ប្រទេស​នាំ​ចូល​ប្រេង​ទូទាំង​ពិភព​លោក​​ ដែល​នឹង​បង្ក​ជា​អតិផរណាខ្ពស់​​ ហើយ​ជំរុញ​ហានិភ័យ​នៃ​ការ​ធ្លាក់​ចុះ​​សេដ្ឋកិច្ច​​។

អ្នកវិភាគមួយចំនួនជឿថា ​ការ​បង្កើន​ផលិតកម្ម​ប្រេង​របស់​បណ្ដា​ប្រទេស​ក្នុង​ប្លុក​ OPEC+ និង​​របស់​សហរដ្ឋអាមេរិក អាចទប់​ស្កាត់​នូវ​ការ​​ហក់ឡើង​ភ្លាម​ៗ​នៃ​តម្លៃ​ប្រេង​ ​ប៉ុន្តែ​ទោះ​បែប​នេះ​ក្ដី ជម្លោះ​មជ្ឈិមបូព៌ាទ្រង់ទ្រាយ​ធំ​ អាចនឹង​នាំឱ្យមានការរំខានរយៈពេលវែងនៅក្នុងទីផ្សារប្រេង។ តម្លៃប្រេងឆៅកាល​ពី​សប្ដាហ៍​មុន​ បាន​កើន​ឡើង​ជិត​ ៩ ភាគរយ​ ​ដែល​វា​ជា​កំណើន​ប្រចាំ​សប្ដាហ៍​ដ៏​ខ្ពស់​បំផុត រាប់​តាំង​ពី​​ខែមីនា ឆ្នាំ ២០២៣​ បន្ទាប់ពីការកើនឡើងគួរឱ្យកត់សម្គាល់នៅក្នុងជម្លោះមជ្ឈិមបូព៌ា។

ក្រៅ​តែ​ពី​បញ្ហា​ប្រេង​ ជម្លោះ​ទ្រង់​ទ្រាយ​ធំ​ក្នុង​តំបន់​ដដែល​ ក៏​នឹង​បង្ក​ផល​ប៉ះពាល់​ខ្លាំងផង​ដែរ​ទាំង​ដោយ​​ផ្ទាល់​ និង​ដោយ​ប្រយោល​ទៅ​​លើ​សេដ្ឋកិច្ច​នៃ​បណ្ដា​ប្រទេស​ដែល​មាន​ពាណិជ្ជកម្ម​ជាមួយ​​មជ្ឃិមបូព៌ា ដោយវា​​អាច​នឹង​ការ​កាត់​បន្ថយ​ការ​នាំចេញ​ ឬ​នាំ​ចូល​របស់​ប្រទេស​ទាំង​អស់​នោះ។

ការ​រំខាន​ការ​នាំ​ចូល​ពី​​​មជ្ឃិមបូព៌ា​ ជា​ពិសេស​វត្ថុធាតុ​ដើម​ នឹង​ប៉ះពាល់ដល់​ផលិត​កម្ម​របស់​ប្រទេស​ដៃគូ ដោយ​​បង្ក​ភាព​យឺត​យ៉ាវ និង​ថ្លៃ​ដើម​ផលិត​ជាដើម​។ ជាមួយ​គ្នានោះ​ ការ​រំខាន​នៃ​ផ្លូវ​ដឹក​ជញ្ជូន ដែល​រាំង​ស្ទះ​ដល់​តម្រូវ​ការ​របស់​ប្រទេស​នៅ​មជ្ឈិមបូព៌ា​ ក៏​អាច​ប៉ះពាល់​ដល់​ប្រទេស​នាំ​ចេញ​សំខាន់​ៗ​​ ​ក្នុង​លទ្ធភាព​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​នោះ​ស្ថិត​ក្នុង​ល្បឿន​យឺត​យ៉ាវ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ ម៉ោង មុន

សម្ដេចតេជោ៖ បុគ្គល លី សាម៉េត យកឈ្មោះខ្ញុំដើរបោកលុយគេរាប់សិបលានដុល្លារ, សម្ដេចប្រាប់ឱ្យអ្នកចាញ់បោក ប្ដឹងបុគ្គល លី សាម៉េត   

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ ព្រមានពីជំនន់រហ័ស និងគ្រោះបំណាក់ដី ចំណែក បាងកក នឹងមានព្យុះភ្លៀងផ្គររន្ទះ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ព្រលឹងចុងសក់! យន្តហោះដឹកមនុស្ស ១៩៧នាក់ ត្រូវភ្លើងឆេះពេលចុះចតនៅ អាមេរិក

កីឡា២០ ម៉ោង មុន

បញ្ជីឈ្មោះកីឡាករ កីឡាការិនី​៦១​នាក់​របស់​​កម្ពុជា ​ប្រកួត​ឃីក​បុក​ស៊ីង​​​អាស៊ី​ថ្ងៃស្អែក

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អ៊ីស្រាអែល បញ្ចេញ​តួលេខ​ទាហាន​ស្លាប់ និង​ចំនួន​រ៉ុកកែត​ដែល​សត្រូវ​បាញ់​ចូល​ដីខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម