Connect with us

ព័ត៌មានជាតិ

តម្លៃស្រូវក្នុងស្រុកបវេលហក់​ឡើងវិញ ខណៈមានឈ្មួញវៀតណាមចុះមកទិញមិនគិតគុណភាព

បានផុស

នៅ

ប្រជាកសិករ​​ ដែល​រស់​នៅក្នុង​ឃុំ​ខ្នាចរមាស ស្រុក​បវេល នៃ​ខេត្ត​បាត់​ដំបងបាន​ឲ្យដឹង​ថា ក្រោយ​ពី​ប្រឈម​បញ្ហា​មួយ​រយៈ ពេលនេះ​លែង​បារម្ភ​​ទៀត​ហើយ​ចំពោះ​ស្រូវ​ដែល​​មាន​គុណភាពមិនល្អ ក្រោយ​មាន​ឈ្មួញ​​វៀតណាម​ចុះ​មក​ប្រមូល​ទិញ​យក​ទាំង​អស់​ដោយ​មិន​គិត​ពី​គុណភាព​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ​​បារម្ភ​ពី​បញ្ហា​ទឹក​ជំនន់ ខណៈ​ដែល​មាន​ភ្លៀង​ធ្លាក់​ផ្ទួន​ៗ​ប៉ុន្មាន​ថ្ងៃ បាន​ធ្វើ​​ឲ្យ​ប្រជាកសិករ​ក្នុង​ឃុំ​ខ្នាចរមាស ស្រុក​បវេល នៃ​ខេត្ត​បាត់​ដំបង បង្ខំ​ចិត្ត​ប្រមូល​ផល​​ស្រូវ​ទាំង​​មិន​ទាន់​មាន​គុណភាព​ល្អ ព្រោះ​ខ្លាច​ខាតបង់​ទាំង​ស្រុង​។ ផ្ទុយ​ទៅវិញ​ស្ថានភាព​អាកាសធាតុបាន​ប្រសើរ​ឡើងវិញ ដែល​បង្ក​ឲ្យ​កសិករ​ខក​ចិត្ត​ក្នុង​ការ​ប្រញ៉ាប់​ប្រមូល​ផល​ស្រូវ​ទាំង​បង្ខំ ហើយ​បាន​ប្រឈម​និង​ទីផ្សារ ព្រោះ​តែ​គុណ​ភាព​ស្រូវ​ធ្លាក់​ចុះ។

ប៉ុន្តែ​ គិតពីថ្ងៃទី០៧ ខែតុលា ឈ្មួញ​វៀតណាម​បាន​ចុះ​ប្រមូល​ទិញ​ទាំងអស់ដោយ​មិន​គិតពីគុណ​ភាព​ លើកលែង​តែស្រូវមិនទាន់ស្ងួត​ ទើប​ឈ្មួញខាងវៀតណាម​មិនទាន់ប្រមូលទិញ ទើប​ធ្វើ​ឱ្យ​កសិករ​មាន​ក្តី​សង្ឃឹម​ឡើង​វិញ​។

កសិករ​ឈ្មោះ ឌឿន រស់នៅ​ភូមិ​ខ្នាចរមាស ស្រុក​បវេល បា្រប់ថា «ខ្ញុំ​បង្ខំចិត្ត​ប្រមូល​ផល​​ស្រូវ ព្រោះ​បារម្ភ​ថា​នឹង​ខាតបង់ច្រើន ដោយ​សារមាន​ជំនន់​ទឹកភ្លៀង​ទាំង​ស្រូវ​របស់ខ្ញុំ និង​កសិករជាច្រើនទៀត នៅ​មិន​ទាន់​មាន​គុណភាព​ល្អនៅ​ឡើយ ហើយ​ខ្ញុំក៏ប្រឈម​និងទីផ្សារ​។ ខ្ញុំគិតថា ​ទំនង​មិនមានឈ្មួញណាទិញទេ តែពេល​នេះខ្ញុំក៏ដូចកសិករក្នុងភូមិ បាន​សប្បាយ​ចិត្តវិញ​​ និង​មានដើម​ទុន​បន្ត​ទៀត តាមរយៈ​​ឈ្មួញ​ខាងវៀតណាម​ចុះ​មក​ប្រមូលទិញយកទាំងអស់ ដោយ​មិនគិតពីគុណភាព​ ជៀសវាង​ស្រូវ​មិន​ទាន់​ស្ងួត ហើយ​តម្លៃ​ក៏​អាច​ទទួល​យកបាន គឺ​មិនក្រោម ១ លានរៀលទេ ក្នុងមួយតោន សម្រាប់​ស្រូវស្រង៉ែ»

មន្ទីរពាណិជ្ជកម្ម​ខេត្ត​បាត់ដំបង​បាន​ឲ្យ​ដឹង​​ថា បញ្ហា​ប្រឈម​​របស់​កសិករ ត្រូវ​បាន​ដោះ​ស្រាយ​រួចរាល់ ក្រោយ​ពីមាន​កិច្ចប្រជុំ​ពិភាក្សា​ស្ដីពីបញ្ហា​ប្រឈម និង​ស្វែង​រក​ដំណោះ​ស្រាយ​លើ​តម្លៃ​ស្រូវ​នៅ​ក្នុង​ខេត្ត​បាត់ដំបង ក្រោម​អធិបតីភាព លោក សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង។

ប្រភពដដែល​បន្ត​ថា ក្រុមហ៊ុនបៃតងកម្ពុជា (រោងម៉ាស៊ីនកិនស្រូវ បៃតង) របស់លោក​ ភួ ពុយ និងក្រុមហ៊ុន ស៊ីធីរ៉ាយស៍ (រោងម៉ាស៊ីន ឡាយ សែ) និងក្រុមហ៊ុន រោងម៉ាស៊ីនកិនស្រូវ​មួយ​ចំនួនទៀត បាន​ប្រកាស​ទទួល​ទិញស្រូវ​គុណភាពល្អ តម្លៃមិន​ឱ្យក្រោម ១ លានរៀល/តោន ពីកសិករ

តាម​លទ្ធផល​ក្នុងកិច្ចប្រជុំគិតត្រឹមថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ តម្លៃ​ស្រូវក្នុងខេត្តបាត់ដំបង មានភាព​ល្អប្រសើរ​ឡើងវិញ។ ក្នុងនោះតម្លៃស្រូវនៅទីវាល ដោយ​ស្រូវស្រង៉ែ តម្លៃ ១,០១៣​រៀល​/គីឡូក្រាម (គុណភាពល្អ) តម្លៃ​ស្រូវដឹកដល់​រោង​ម៉ាស៊ីន ស្រូវស្រង៉ែ​តម្លៃ ១,០៩៨រៀល/គីឡូក្រាម(គុណភាពល្អ)

ឈ្មួញវៀតណាម​ដែល​បាន​ចុះ​ប្រមូល​ទិញស្រូវក្នុង​ឃុំខ្នាច​រមាស ស្រុក​បវេលក្នុងនោះ​ស្រូវស្រង៉ែ តម្លៃ ១,០១៣រៀល​/គីឡូក្រាម ហើយ​តម្លៃនេះ គឺឈ្មួញវៀត​ណាមទិញមិន​គិតពីគុណភាពនោះ​ឡើយ (វាយអួរ​យកតែម្ដង) ឲ្យ​តែស្រូវស្ងួតមិនសើម ហើយមិន​សូវ​ស្រអាប់ ប្រមូល​យកទាំងអស់ដោយមិន​គិតពីគុណភាព៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម