ព័ត៌មានជាតិ
សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា គាំទ្រការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ បញ្ចេញទឹកកខ្វក់តាមរោងចក្រ
សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា (CCMA) បានប្រកាសគោរពច្បាប់កម្ពុជា និងគាំទ្រការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ ការបញ្ចេញសំណល់រាវ និងការបង្ហូរទឹកកខ្វក់នៅតាមរោងចក្រ សហគ្រាសនានា។
នៅក្នុងឱកាសជួបពិភាក្សាការងារជាមួយរដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ លោក Ratchayut Kasemchairsiri ប្រធានក្រុមប្រឹក្សាភិបាល សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា (CCMA) ប្រកាសពីការចូលរួមគោរពលិខិតបទដ្ឋាន ព្រមទាំងច្បាប់ពាក់ព័ន្ធនានា របស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសក្រមបរិស្ថាននិងធនធានធម្មជាតិ ដែលបានដាក់ចេញកន្លងមក និងតម្រូវឱ្យរោងចក្រសហគ្រាស ដែលកំពុងធ្វើអាជីវកម្មនៅកម្ពុជា ត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ ការបញ្ចេញសំណល់រាវ និងការបង្ហូរទឹកកខ្វក់។
ជាការឆ្លើយតប លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងបញ្ជាក់ថា ភាពស្អាតជាកិត្យានុភាពរបស់កម្ពុជា ចាំបាច់ត្រូវតែអនុវត្តដូចគ្នានិងស្មើភាព។ ភាពស្អាតនេះ នឹងជួយការពារដល់សុខភាពរបស់អ្នកវិនិយោគ សុខភាពនិយោជិត សុខភាពប្រជាពលរដ្ឋ និងសុខភាពបរិស្ថានទាំងមូលពីការទទួលរងផលប៉ះពាល់ផ្នែកសុខភាពបណ្តាលមកពីសារធាតុពុល ដែលមាននៅក្នុងទឹកកខ្វក់ នៅពេលបង្ហូរចេញ ដោយមិនមានការត្រួតពិនិត្យ តាមលក្ខណបច្ចេកទេសត្រឹមត្រូវ។
ក្នុង “ក្រមបរិស្ថាន និងធនធានធម្មជាតិ” ត្រង់មាត្រា ១៧៨ មាត្រា ២៨៧ និងមាត្រា ២៨៨ និងប្រកាសរបស់ក្រសួងបរិស្ថានលេខ៣០២ ប្រកប.ស្ថ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការអនុវត្តវិធានស្វ័យត្រួតពិនិត្យនៅតាមប្រភពបំពុលសក្តានុពល បានតម្រូវឱ្យរោងចក្រសហគ្រាស ឧស្សាហកម្ម ដែលបញ្ចេញសំណល់ប្រភេទប្រភពបំពុល ត្រូវបំពាក់ជាចាំបាច់នូវឧបករណ៍ស្វ័យត្រួតពិនិត្យ តាមដានការបញ្ចេញសំណល់រាវ និងការបង្ហូរទឹកកខ្វក់ ចេញពីរោងចក្រសហគ្រាស ដើម្បីតាមដានត្រួតពិនិត្យ ការបំពុលបរិស្ថានពីចម្ងាយ។
ឧបករណ៍ស្វ័យត្រួតពិនិត្យតាមដានការបញ្ចេញសំណល់រាវ និង ការបង្ហូរទឹកកខ្វក់ចេញពីរោងចក្រ កំពុងតែត្រូវបានបំពាក់ទៅតាមការស្នើសុំរបស់រោងចក្រសហគ្រាសចំនួន១១១។ នេះបើតាមអ្នកនាំពាក្យក្រសួងបរិស្ថានលោក ខ្វៃ អាទិត្យា។
គិតមកត្រឹមថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ រោងចក្រ សហគ្រាស និងតំបន់សេដ្ឋកិច្ចពិសេសចំនួន ១៣ កន្លែង បានរៀបចំបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ ការបញ្ចេញសំណល់រាវ និងការបង្ហូរទឹកកខ្វក់ ដែលស្របទៅតាមច្បាប់នៃកម្ពុជាដូចជានៅតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តស្វាយរៀង និងរោងចក្រផលិតសំបកថ្នាំនៅខេត្តបាត់ដំបងជាដើម។
លោក ខ្វៃ អាទិត្យាបានបញ្ជាក់ថា ក្រសួងបរិស្ថានកំពុងតែជំរុញឱ្យគ្រប់រោងចក្រសហគ្រាសដែលកំពុងធ្វើអាជីវកម្មនៅកម្ពុជា ត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យនេះ ទៅតាមក្រមបរិស្ថាន និងលិខិតបទដ្ឋានច្បាប់ពាក់ព័ន្ធនានា ដែលបានដាក់ចេញកន្លងមក។ ចំពោះរោងចក្រដែលមិនព្រមបំពាក់ឧបករណ៍នេះនឹងត្រូវអនុវត្តទៅតាមផ្លូវច្បាប់៕
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
សុខភាព៥ ម៉ោង ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ