ព័ត៌មានជាតិ
ប្រធានក្រុមប្រឹក្សាធុរកិច្ចម៉ាឡេស៊ី សម្លឹងឃើញពីសក្ដានុពលខ្ពស់លើវិស័យទេសចរណ៍នៅកម្ពុជា
ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នារដ្ឋធានីវៀងច័ន្ទន៍ ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាននៃប្រទេសម៉ាឡេស៊ី បានសម្លឹងឃើញពីសក្ដានុពលខ្ពស់របស់កម្ពុជាទៅលើវិស័យទេសចរណ៍ បើទោះបីកម្ពុជា ជាប្រទេសតូច។
លោក Tan Sri Nazir Razak ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាននៃប្រទេសម៉ាឡេស៊ី (ASEAN-BAC) ជម្រាបជូនសម្ដេចធិបតី ថា កម្ពុជា ជាប្រទេសតូច តែមានសក្ដានុពលខ្ពស់ ជាពិសេសខាងវិស័យទេសចរណ៍ និងបានលើកឡើងពីការជំរុញវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការបង្កើនការតភ្ជាប់រវាងប្រជាជន និងប្រជាជន ក្នុងតំបន់ និងពិភពលោក ជាមួយនឹងការផ្ដល់ឱកាសឱ្យវិស័យឯកជនចូលរួមដោយផ្ទាល់ ក្នុងការកំណត់គំរូអាជីវកម្មថ្មីៗ។
ជំនួបនាល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅរដ្ឋធានីវៀងច័ន្ទន៍ ប្រទេសឡាវ លោកប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាននៃប្រទេសម៉ាឡេស៊ី ក៏បានពិភាក្សាអំពីផែនការសកម្មភាពការងារមួយចំនួនរបស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន នៅពេលប្រទេសម៉ាឡេស៊ីនឹងក្លាយជាប្រធានអាស៊ាន ឆ្នាំ២០២៥ខាងមុខ ខណៈរូបលោក ក៏នឹងក្លាយជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ានផងដែរ។
លោកប្រធានក្រុមប្រឹក្សាធុរកិច្ចម៉ាឡេស៊ី បានលើកឡើងពីគំនិតផ្ដួចផ្ដើមមួយចំនួនក្នុងការជំរុញការធ្វើធុរកិច្ច និងវិនិយោគនៅតំបន់អាស៊ាន តាមរយៈការកំណត់អត្តសញ្ញាណរួមពិសេស ក្នុងនាមជាធុរជន និងវិនិយោគិនអាស៊ាន រៀបចំការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូងនៅក្នុងទីផ្សារមូលបត្រអាស៊ាន (ASEAN-IPO) ការពង្រឹងយន្តការនៃការទទួលខុសត្រូវផ្នែកសង្គម ជាមួយនឹងការសម្រួលដល់ការបរិច្ចាគឆ្លងដែននានា និងជំរុញឱ្យមានការចូលរួមផ្នែកយែនឌ័រប្រកបដោយសមធម៌ និងបរិយាប័ន្ន ក្នុងធុរកិច្ច និងការវិនិយោគ។
ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឯកភាពចំពោះគំនិតផ្ដួចផ្ដើមរបស់ប្រធានក្រុមប្រឹក្សាធុរកិច្ចម៉ាឡេស៊ី ដោយសម្ដេចធិបតី បានគូសបញ្ជាក់ថា អ្វីដែលសំខាន់បំផុត គឺការប្រែក្លាយគំនិតផ្ដួចផ្ដើមទាំងនេះទៅជាសកម្មភាព និងលទ្ធផលជាក់ស្ដែង។ សម្ដេចធិបតី បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការធ្វើសុខដុមនីយកម្មនៃក្របខណ្ឌគតិយុត្តនៃបណ្ដាប្រទេសអាស៊ាន ដើម្បីបង្កើតឱ្យបាននូវបរិស្ថានអំណោយផលសម្រាប់ធុរកិច្ច និងវិនិយោគិនក្នុងតំបន់អាស៊ាន ការប្រែក្លាយគំនិតផ្ដួចផ្ដើមពីការបង្កើតឱ្យមានទីផ្សារមូលបត្ររួមនៅក្នុងតំបន់អាស៊ាន និងការជំរុញការចូលរួមបន្ថែមទៀតរបស់វិស័យឯកជនក្នុងធុរកិច្ច និងការវិនិយោគ។
សម្ដេចធិបតី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាចាត់ទុកថា វិស័យឯកជនជាដៃគូមិនអាចខ្វះបានក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ហើយរាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវកញ្ចប់វិធានការលើកទឹកចិត្តជាច្រើនសម្រាប់វិស័យឯកជន សំដៅធ្វើយ៉ាងណាឱ្យវិស័យឯកជនបានដំណើរការល្អប្រសើរ និងរីកលូតលាស់៕
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍១ សប្តាហ៍ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ប៉ូលិសខេត្តចាន់ថាបុរី ចាប់ខ្លួនជនសង្ស័យដែលភ្នាល់ Influencer ថៃ ឲ្យផឹកស្រាដល់ស្លាប់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឆេះផ្ទះលក់ទូរស័ព្ទដៃ២ទីតាំងទាំងស្រុង ផ្អើលពលរដ្ឋជិតវត្តសន្សំកុសល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក រកឃើញ ថ្នាំបន្តក់ភ្នែកមួយប្រភេទ មានមេរោគផ្សិត អាចបណ្តាលឲ្យខ្វាក់ ឬស្លាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូងព្រឹកមិញ ក្នុងនោះក៏មានថៃ២នាក់ដែរ