Connect with us

ព័ត៌មានជាតិ

កម្ពុជា-កាណាដា នឹងបេីកស្ថានទូតរវាងប្រទេសទាំងពីរ នាពេលឆាប់ៗខាងមុខ

បានផុស

នៅ

កម្ពុជា និងកាណាដា គ្រោងនឹងបេីកស្ថានឯកអគ្គរាជទូតរវាងប្រទេសទាំងពីរ នាពេលឆាប់ៗខាងមុខ។ នេះបើតាមការបង្ហើបឱ្យដឹងដោយនាយករដ្ឋមន្ត្រីប្រទេសទាំងពីរ នៅក្នុងជំនួបក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នារដ្ឋធានីវៀងច័ន្ទន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនួបនាថ្ងៃទី១០ ខែតុលា លោក Justin Trudeau នាយករដ្ឋមន្ត្រីកាណាដា បានសម្ដែងការស្វាគមន៍ និងក្ដីសោមនស្សរីករាយដែលបានជួបពិភាក្សាការងារជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងបានគូសបញ្ជាក់ពីការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរកាន់តែរឹងមាំបន្ថែមទៀត។ លោក Justin Trudeau បានប្រាប់សម្ដេចធិបតី ថា ក្នុងការពង្រឹងទំនាក់ទំនងលើវិស័យការទូត កាណាដាគ្រោងបើកស្ថានឯកអគ្គរាជរដ្ឋទូតនៅរាជធានីភ្នំពេញ នាពេលឆាប់ៗខាងមុខ។

ចំពោះទំនាក់ទំនងលើវិស័យពាណិជ្ជកម្ម កាណាដានឹងបញ្ជូនគណ:ប្រតិភូពាណិជ្ជកម្ម មកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិភាក្សាជាមួយក្រសួងពាណិជ្ជកម្ម និងក្រសួងពាក់ព័ន្ធរបស់កម្ពុជា អំពីការជំរុញ និងលើកកម្ពស់ពាណិជ្ជកម្មទ្វេភាគី ដោយប្រទេសទាំងពីរនៅមានសក្ដានុពលជាច្រើនទៀត។ លោកនាយករដ្ឋមន្ត្រីកាណាដា ក៏បានបង្ហាញពីសុទិដ្ឋិនិយមចំពោះទំនាក់ទំនងពាណិជ្ជកម្មរវាងកាណាដា និងអាស៊ាន​​​ បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដាត្រូវបានអនុម័តនាពេលខាងមុខនេះ។

ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងក្ដីរីករាយចំពោះវឌ្ឍនភាពដ៏ល្អប្រសើរនៃទំនាក់ទំនងដ៏យូរអង្វែងរវាងកម្ពុជា-កាណាដា និងបានថ្លែងអំណរគុណកាណាដា ដែលបានចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរកសុខសន្ដិភាពនៅកម្ពុជា តាមរយៈការបញ្ជូនកងរក្សាសន្ដិភាព នៅទសវត្សរ៍ឆ្នាំ១៩៩០ រួមទាំងការរួមចំណែកបោសសម្អាតមីន និងការផ្ដល់ជំនួយអភិវឌ្ឍន៍ផ្សេងៗមកកម្ពុជា។

បន្ថែមពីនេះ សម្ដេចធិបតី បានប្រាប់ Justin Trudeau ថា កាណាដា ជាដៃគូពាណិជ្ជកម្មទ្វេភាគីលំដាប់ទី៧ របស់កម្ពុជា ដែលបានរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ដូចជា ការបង្កើតការងារ និងការអភិវឌ្ឍជំនាញវិជ្ជាជីវៈសម្រាប់យុវជនកម្ពុជា។ សម្ដេចធិបតី ក៏បានគូសបញ្ជាក់ពីវឌ្ឍនភាពថ្មីៗនៃកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ដូចជា ការរៀបចំពិព័រណ៍ពាណិជ្ជកម្ម ដែលទើបបានបញ្ចប់នៅទីក្រុងម៉ុងរ៉េអាល់ និងគម្រោងបើកស្ថានឯកអគ្គរាជទូតកម្ពុជានៅកាណាដា ជាដើម។

សម្ដេចធិបតី ក៏បានបញ្ជាក់ដែរថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញកម្មវិធីកែទម្រង់ស៊ីជម្រៅជាច្រើន ដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងសំណូមពររបស់វិស័យឯកជន ជាមួយនឹងការកែលម្អបរិយាកាសវិនិយោគឱ្យកាន់តែល្អប្រសើរ និងមានលក្ខណៈអំណោយផល ព្រមទាំងបានដាក់ចេញវិធានការលើកទឹកចិត្តនានា សំដៅជួយវិស័យឯកជនឱ្យកាន់តែរីកចម្រើនថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម