កីឡា
គួរឲ្យស្តាយ! កីឡាករល្អខ្លះអត់ប្រកួតតំណាងជាតិ ខណៈមានឈ្មោះនៅសង្វៀនឯកជន
ដល់ថ្ងៃ កីឡាករល្អខ្លះមិនមានវត្តមាននៅកន្លែងប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតកីឡាឃីកបុកស៊ីងជ្រើសរើសជើងឯកអាស៊ី ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី៦ ដល់ទី១៣ ខែកក្កដា ឆ្នាំ២០២៤ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
យោងតាមវេបសាយផ្លូវការរបស់សហព័ន្ធកីឡាឃីកបុកស៊ីងអាស៊ីបានបង្ហាញថា សហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជាបានចុះឈ្មោះកីឡាករ កីឡាការិនីចំនួន៦១នាក់ក្នុងនាមជាម្ចាស់ផ្ទះ។ ការចុះឈ្មោះផុតកំណត់ត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ប៉ុន្តែមានការពន្យារពេលខ្លះ ក្នុងករណីមានការចុះឈ្មោះយឹតពីបណ្តាប្រទេសផ្សេង។
![](https://www.kampucheathmey.com/wp-content/uploads/2024/10/asian-kickboxing-champinship-2024-1024x538.jpg)
ការចុះឈ្មោះទាំងអត្តពលិក និងប្រតិភូគឺតម្លៃ៨០ដុល្លារក្នុងម្នាក់ទៅសហព័ន្ធកីឡាឃីកបុកស៊ីងអាស៊ី (WAKO ASIA) ដែលមានលោក Nasser Nassiri ជាប្រធាន សហការជាមួយសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជាមានលោក ហេង សុឃន ជាប្រធាន ស្ថិតក្រោមការទទួលស្គាល់ជាផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។
![](https://www.kampucheathmey.com/wp-content/uploads/2024/10/Registration-1024x245.png)
![](https://www.kampucheathmey.com/wp-content/uploads/2024/10/Payment-1024x219.png)
ថ្ងៃពិធីបើកជាផ្លូវការអញ្ជើញជាអធិបតីដោយលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិក។
មុនថ្ងៃបើក លោក ហេង សុឃន ប្រធានសហព័ន្ធកីឡាឃីកបុកស៊ីងកម្ពុជាបានលើកឡើងក្នុងបទសម្ភាសថា ការទទួលបានធ្វើជាម្ចាស់ផ្ទះកម្រិតអាស៊ីលើកដំបូងនេះគឺដោយសារតែកាលស៊ីហ្គេម ឆ្នាំ២០២៣ កម្ពុជារៀបចំបានល្អសម្រាប់ការប្រកួតកីឡាឃីកបុកស៊ីង ហើយកីឡាករ កីឡាការិនីកម្ពុជាក៏ទទួលបានសមិទ្ធផលល្អថែមទៀតក្នុងការប្រកួតកីឡាស៊ីហ្គេម។ ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាបានចុះឈ្មោះជាង៦០នាក់ជាមួយនឹងក្តីសង្ឃឹមទទួលបានមេដាយច្រើន។ កីឡាករ កីឡាការិនីបានហ្វឹកហាត់ និងរៀនសូត្រពីច្បាប់កីឡាបុកស៊ីងបានដល់ទៅ២ខែ។
![](https://www.kampucheathmey.com/wp-content/uploads/2024/10/ASIAN-KICKBOXING-CHAMPIONSHIP-2024-15-1024x565.png)
លោកថែមទាំងបានលើកពីឈ្មោះកីឡាករល្អៗទាំងនោះទៀតផង ប៉ុន្តែដល់ថ្ងៃប្រកួត កីឡាករមិនបានបង្ហាញខ្លួននៅកន្លែងប្រកួតទេ។
តាមព័ត៌មានដែលពិធីករបានលើកឡើងគឺ ពួកគាត់មានបញ្ហាសុខភាព ប៉ុន្តែកីឡាករខ្លះបែរជាមានឈ្មោះប្រកួតនៅសង្វៀនឯកជនទៅវិញនាចុងសប្តាហ៍នេះ។ ជាក់ស្តែង កីឡាករ ឈឿង ល្វៃ ត្រូវបានប្រកាសឲ្យចាញ់កីឡាករកូរ៉េខាងត្បូង បន្ទាប់ពីមិនបានបង្ហាញខ្លួននៅកន្លែងប្រកួតក្នុងថ្ងៃប្រកួត។ ម្ចាស់មេដាយមាសស៊ីហ្គេម បឺត សង្ឃឹម មិនបានទៅប្រកួតទេ ខណៈ រិន ដេវីដ ក៏អត់បានចូលរួមប្រកួតដែរ។ យ៉ាងណា ពួកគាត់មានឈ្មោះប្រកួតនៅសង្វៀនឯកជនចុងសប្តាហ៍នេះ។
មែនទែនទៅ ព្រឹត្តិការណ៍ប្រកួតឃីកបុកស៊ីងជើងឯកអាស៊ីគឺជាមុខមាត់ជាតិដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះលើកដំបូង ហើយជាការប្រកួតលើឆាកអន្តរជាតិដែលកម្ពុជាសន្សំពិន្ទុកេរ្តិ៍ឈ្មោះកាន់តែល្អ ប្រសិនបើទទួលបានជោគជ័យ។
ជាពិសេស ការប្រកួតឃីកបុកស៊ីង ជើងឯកអាស៊ីនេះគឺការប្រកួតជម្រុះកីឡាឃីកបុកស៊ីងប្រភេទ Point Fighting និង K1 Style ដែលជ័យលាភីជាប់ឈ្មោះទៅប្រកួតកីឡាប្រយុទ្ធជើងឯកពិភពលោក World Combat Games នៅប្រទេសចិន ឆ្នាំ២០២៥ទៀតផង។
ក្នុងគោលបំណងដណ្តើមយកមេដាយឲ្យបានច្រើន ម្ចាស់ផ្ទះកម្ពុជាបានព្យាយាមចុះឈ្មោះកីឡាករ កីឡាការិនីរហូតដល់ទៅ៦១នាក់ ប៉ុន្តែកីឡាករភាគច្រើនមិនមែនជាអ្នកកំពុងល្អក្នុងការប្រកួតគុនខ្មែរ ឬឃីកបុកស៊ីងទេ។ ជាក់ស្តែង ឡុង សុវណ្ណឌឿន, លី រិទ្ធី, សែន រ៉ាឌី និងកីឡាករមួយចំនួនទៀតដែលធ្វើឲ្យពួកគាត់វ៉ៃខុសបច្ចេកទេស និងមិនសូវយល់ច្បាស់ពីរបៀបប្រកួតឃីកបុកស៊ីង។
![](https://www.kampucheathmey.com/wp-content/uploads/2024/10/ASIAN-KICKBOXING-CHAMPIONSHIP-2024-16-1024x567.png)
ករណីបែបនេះគួរតែពិភាក្សាឲ្យបានច្បាស់លាស់ ពីព្រោះពេលវេលានៃការចុះឈ្មោះវែងគួរសម ហើយការចាប់គូនៅតាមសង្វៀនក៏យូរថ្ងៃមុនដែរ ដូច្នេះគួរពិភាក្សាគ្នាឲ្យច្បាស់លាស់។ បើពុំនោះទេ សង្វៀនឯកជនគួរលើកពេលទៅថ្ងៃក្រោយ ប្រសិនបើជាន់ពេលវេលា។
ទោះបីជាយ៉ាងណា កីឡាករល្អមួយចំនួនបានឈានដល់វគ្គផ្តាច់ព្រ័ត្រត្រៀមដណ្តើមមេដាយមាសជូនជាតិដូចជា ព្រុំ សំណាង, សុខ រិទ្ធ, វ៉ុន គឹមចេង និង ហ៊ឹម គឹមរៀង។ អ្វីដែលគួរឲ្យកោតសរសើរគឺកីឡាការិនីចុះឈ្មោះតិច ប៉ុន្តែបានឡើងវគ្គផ្តាច់ព្រ័ត្រច្រើន។ កីឡាការិនីដែលត្រៀមដណ្តើមមេដាយមាសមាន ទូច ចាន់វត្តី, នៅ ស្រីពៅ, ឆា ចាន់ដេង និង ទួន ស្រីភីន ជាដើម។
អត្តពលិកកម្ពុជាក្នុងវគ្គផ្តាច់ព្រ័ត្រ
- កីឡាករ ព្រុំ សំណាង vs អ៊ូបេគីស្ថាន/អ៉ីរ៉ាក់ វគ្គផ្តាច់ព្រ័ត្រ វិញ្ញាសា K1-៨៦គីឡូក្រាម
- កីឡាការិនី ឆា ចាន់ដេង vs Khati Solomi (ឥណ្ឌា) វគ្គផ្តាច់ព្រ័ត្រ វិញ្ញាសា-៤៨គីឡូក្រាម
- កីឡាការិនី ទូច ចាន់វត្តី vs Pieters Diandra Ariesta (ឥណ្ឌូណេស៊ី) វិញ្ញាសា KL ទម្ងន់ -៥៥គីឡូក្រាម។
- កីឡាករ ឈុង វិសាល vs Nguyen Si Thang (វៀតណាម) វិញ្ញាសា FC -៥១គីឡូក្រាម
- កីឡាការិនី ទួន ស្រីភីន vs Alkharif Seham (គុយវែត) វិញ្ញាសា K1-៥៦គីឡូក្រាម
- កីឡាការិនី នៅ ស្រីពៅ vs Neelakandan Neena (ឥណ្ឌា) វិញ្ញាសា LC -៥៥គីឡូក្រាម
- កីឡាករ ហ៊ឹម គឹមរៀង vs Nguyen Ngoc Hoang (វៀតណាម) វិញ្ញាសា LK-៥៤គីឡូក្រាម
- កីឡាករ វ៉ុន គីមចេង vs Akhmedov Aydos (អ៊ូបេគីស្ថាន) វិញ្ញាសា LC-៥៧គីឡូក្រាម
- កីឡាករ សុខ រិទ្ធ vs Phrommakhot Netipong (ថៃ) វិញ្ញាសា LK-៥១គីឡូក្រាម
អត្ថបទ៖ វីរបុត្រ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច