ព័ត៌មានជាតិ
ក្រសួងការងារ បើកសិក្ខាសាលាស្តីពី សុវត្ថិភាពមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត និងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា
សៀមរាប ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ បានរៀបចំសិក្ខាសាលាស្តីពី «សុវត្ថិភាពមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា»។ សិក្ខាសាលានេះធ្វើឡើងនៅសណ្ឋាគារ Royal Angkor Resort នាក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ភាគីពាក់ព័ន្ធ ដូចជាតំណាងភាគីកម្មករនិយោជិត តំណាងភាគីនិយោជក និងតំណាងភាគីរាជរដ្ឋាភិបាល ប្រមាណជាង ៣០០នាក់។
ថ្លែងនៅក្នុងអង្គសិក្ខាសាលា លោក ជួប ឋិតឋេរឬទ្ធិ អនុរដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា សិក្ខាសាលានាពេលនេះ ត្រូវបានរៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងគោលបំណងឱ្យមានកិច្ចពិភាក្សាស៊ីជម្រៅ ដើម្បីប្រមូលធាតុចូលពីសំណាក់ភាគីពាក់ព័ន្ធ ដូចជាតំណាងភាគីនិយោជិត តំណាងភាគីនិយោជក និងភាគីរាជរដ្ឋាភិបាល ធ្វើយ៉ាងណាឱ្យមធ្យោបាយធ្វើដំណើរប្រកបដោយបទដ្ឋានបច្ចេកទេស សុវត្ថិភាព ផាសុកភាព ដល់កម្មករនិយោជិតនៅកម្ពុជា។
លោកបានគូសបញ្ជាក់បន្ថែមថា ក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានក្តីសង្ឃឹមយ៉ាងមុតមាំថា បណ្តាភាគីពាក់ព័ន្ធនឹងមានកិច្ចពិភាក្សាមួយយ៉ាងស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ ផ្អែកលើតថភាពជាក់ស្តែង ដើម្បីជាធាតុចូលមួយយ៉ាងសំខាន់ក្នុងការកែប្រែមធ្យោបាយធ្វើដំណើររបស់បងប្អូនកម្មករនិយោជិតនៅកម្ពុជាឱ្យមានភាពប្រសើរឡើងជាងមុន ដើម្បីជៀសវាងការបង្កគ្រោះថ្នាក់នៅពេលធ្វើដំណើរទៅធ្វើការ និងត្រលប់មកកន្លែងស្នាក់នៅវិញ។
លោកបានសង្កត់ធ្ងន់ថា និយោជកដែលកំពុងបើកអាជីវកម្មនៅប្រទេសកម្ពុជា មានតួនាទីយ៉ាងសំខាន់ក្នុងការធានាឱ្យមានការគោរពសិទ្ធិដល់កម្មករនិយោជិតដែលមានចែងក្នុងច្បាប់ការងារនៃព្រះរាជាណាចក្រកម្ពុជា រក្សាឱ្យបាននូវទំនាក់ទំនងវិជ្ជាជីវៈល្អ សុវត្ថិភាពការងារ ធ្វើយ៉ាងណាសំដៅឱ្យមានសុខដុមនីយកម្មនៅក្នុងរោងចក្រ សហគ្រាស ដែលជាគោលនយោបាយដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
គិតត្រឹមឆ្នាំ ២០២៤នេះ មានកម្មករនិយោជិតប្រមាណជិត ២៣ ម៉ឺននាក់កំពុងធ្វើដំណើរតាមរថយន្តសម្រាប់ជាមធ្យោបាយធ្វើដំណើរទៅធ្វើការ និងត្រលប់មកពីធ្វើការវិញ ក្នុងនោះមានរថយន្តមួយចំនួនមិនទាន់មានកៅអីអង្គុយត្រឹមត្រូវនោះទេ ដែលកត្តាទាំងនេះអាចបង្កហានិភ័យគ្រោះថ្នាក់ដល់កម្មករនិយោជិតអំឡុងពេលធ្វើដំណើរ។ នេះជាការបញ្ជាក់របស់ លោក ខឹម បូរិន ទីប្រឹក្សាអមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
លោក ខឹម បូរិន បានគូសបញ្ជាក់បន្ថែមថា ខេត្តដែលមានរថយន្តដឹកកម្មករនិយោជិតច្រើនជាងគេមានដូចជា ខេត្តកំពង់ស្ពឺមានជាង ៩០០គ្រឿង និងខេត្តបន្តបន្ទាប់ទៀតមានដូចជា ខេត្តកំពង់ឆ្នាំង ខេត្តព្រៃវែង ជាដើម។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានគោលដៅបំបាត់ទាំងស្រុងនូវរថយន្តដែលគ្មានកៅអីអង្គុយត្រឹមត្រូវ គ្មានបទដ្ឋានសុវត្ថិភាព និងគ្មានផាសុកភាពនៅពេលខាងមុខដ៏ខ្លី៕
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៦ ថ្ងៃ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍២២ ម៉ោង ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ
-
ចរាចរណ៍៥ ថ្ងៃ ago
សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី