Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃប្រេង​ធ្លាក់ចុះជាង​១ដុល្លារ ដោយសារ​បរិត្តផរណានៅចិន​ បង្កក្ដីបារម្ភពីកម្សោយតម្រូវការ

បានផុស

នៅ

តម្លៃប្រេងបានធ្លាក់ចុះជាង ១ ដុល្លារក្នុងមួយបារ៉ែល ​ឬ​ជាង ១,៥ ភាគរយ សម្រាប់​ការ​ជួញដូរ​នាព្រលឹមថ្ងៃចន្ទ​ដើម​សប្ដាហ៍​នេះ​ ដោយសារ​​តែ​​​បរិត្តផរណា​​ និង​កង្វះភាពច្បាស់លាស់លើផែនការជំរុញសេដ្ឋកិច្ចរបស់​​ចិន​ ដែល​បង្ក​ជា​ក្ដីបារម្ភ​លើ​តម្រូវការ​។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃ​ប្រេង​ឆៅ​នា​ពេល​អនាគត​ ម៉ាក​ Brent បានធ្លាក់ចុះ ១,២៦ ភាគរយ ឬ​ ១,៥៩ ភាគរយ ដោយបើក​ការ​ជួញដូរ​នៅតម្លៃ​ ៧៧,៧៨ ភាគរយ/បារ៉ែល ខណៈ​ប្រេងឆៅនាពេល​អនាគតរបស់អាមេរិក ម៉ាក​ West Texas Intermediate (WTI) បានធ្លាក់ចុះ ១,២០ ដុល្លារ​ ឬ​ ១,៥៩ ភាគរយ ដោយជួញដូរ​នៅ​តម្លៃ ៧៤,៣៦ ដុល្លារ​/បារ៉ែល។ វា​ជា​ការ​បន្ត​ធ្លាក់​ចុះ​ ពី​​ថ្ងៃ​បញ្ចប់​ការ​ជួញដូរ​កាល​ពី​ថ្ងៃ​សុក្រ​។ ​

ដោយសារ​តែ​ចិន​ជា​ប្រទេស​ដែល​នាំ​ចូល​ប្រេង​ដ៏​ធំ​បំផុត​មួយ​របស់​ពិភព​លោក​ ក្ដី​បារម្ភ​ពី​កម្សោយ​តម្រូវការ​របស់​ប្រទេស​នេះ​ កំពុង​គ្របដណ្ដប់​​លើ​ទំនុកចិត្ត​វិនិយោគិន​ ដោយ​លើស​លុប​លើក្ដីបារម្ភ​​នៃ​​ភាព​តាន​តឹង​ជុំ​វិញ​ជម្លោះ​នៅ​មជ្ឈិម​បូព៌ា ដែល​ជា​ធម្មតា​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​កើន​ឡើង​។

យោងតាមទិន្នន័យផ្លូវការពី​ការិយាល័យស្ថិតិជាតិដែលបានចេញផ្សាយកាលពីថ្ងៃសៅរ៍ សម្ពាធបរិត្តផរណារបស់​ចិនកាន់តែអាក្រក់ទៅៗនៅក្នុងខែកញ្ញា ខណៈ​មាន​ការ​ចោទ​សួរ​លើ​យុទ្ធសាស្រ្ត​ជំរុញ​សេដ្ឋកិច្ច​ផ្សេង​ៗ​ ដែល​រដ្ឋាភិបាលចិន​​បាន​ដាក់​ចេញ​ ដើម្បី​ជំរុញ​កំណើន​ឱ្យ​​សម្រេច​​តាម​គោលដៅ​ ៥ ភាគរយ​។ ទិន្នន័យបង្ហាញ​ថា​ សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ បានកើនឡើង ០,៤ ភាគរយ ដោយ​តិច​ជាង​ការ​រំពឹង​ទុក ខណៈ​សន្ទស្សន៍តម្លៃអ្នកផលិតបានធ្លាក់ចុះក្នុងល្បឿន​លឿនបំផុតក្នុងរយៈពេល៦ខែ ធ្លាក់ចុះ ២,៨ ភាគរយ​ ក្នុង​អត្រា​ប្រចាំ​ឆ្នាំ។​

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​ វិនិយោគិន​នៅ​តែ​ដាក់​ក្រសែរ​ភ្នែក​លើ​បញ្ហា​នៅ​មជ្ឈិម​បូព៌ា ដែល​កំពុង​បន្ត​តាន​តឹង​កាន់តែ​ខ្លាំង​ ជា​ពិសេស​ក្នុងបរិបទ​ដែលអ៊ីស្រាអែល​ត្រៀម​សង​សឹក​អ៊ីរ៉ង់ ចំពោះ​ការ​វាយ​ប្រហារ​​ដោយ​មីស៊ីលផ្លោង​ជិត​ ២០០ ដើម​ លើ​ប្រទេស​របស់​ខ្លួន​។ ខណៈ​ភាព​តាន​តឹង​មិន​ស្ងប់​ស្ងាត់ដែល​អ៊ីស្រាអែល​មាន​គ្រប់​ទិស​ជាមួយ​សត្រូវ​ សហរដ្ឋអាមេរិក​ដែល​ជា​សម្ព័ន្ធ​មិត្ត​​ ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ ខ្លួន​នឹង​បញ្ជូន​ប្រព័ន្ធការពារដែនអាកាស THAAD និងកងទ័ពប្រតិបត្តិការប្រហែល១០០នាក់ទៅកាន់​អ៊ីស្រាអែល ដើម្បី​ពង្រឹង​ការ​ការពារ​ខ្លួន​របស់​ប្រទេស​នេះ។ ការណ៍​នេះ​ បង្ក​ការ​ព្រមាន​ពី​សត្រូវ​របស់​អ៊ីស្រាអែល​ ជា​ពិសេស​អ៊ីរ៉ង់​ដែល​ថា​ អាមេរិក​កំពុង​ដាក់ពង្រាយ​ទ័ព​របស់​ខ្លួន​ក្នុង​ហានិភ័យ។

គេ​មិន​ដឹង​ថា​អ៊ីស្រាអែល​នឹង​ឆ្លើយ​តបសងសឹក​​បែប​ណា​ចំពោះ​អ៊ីរ៉ង់​នោះទេ​ ប៉ុន្តែ​មាន​ក្ដីបារម្ភ​ថា​ហេដ្ឋារចនាសម្ព័ន្ធ​ប្រេង​របស់​អ៊ីរ៉ង់​អាច​ជា​គោលដៅ​។ អ្នក​វិភាគ​លើក​ឡើង​ថា​ ប្រសិន​បើ​ការណ៍​នោះ​កើត​ឡើង​មែន​ នោះ​តម្រូវ​ប្រេង​នឹង​ហក់​ឡើង​កប់​ពពក​មួយ​រំពេច​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម