ព័ត៌មានជាតិ
សម្ដេចធិបតី៖ កម្ពុជាមិនសហការជាមួយយន្តការណាដែលបង្កើតឡើងដើម្បីប្រឆាំងប្រទេសណាមួយឡើយ
កម្ពុជាមិនចូលរួមជាមួយយន្តការណាដែលមានចរិតនយោបាយប្រឆាំងនឹងប្រទេស ឬប្លុកណាមួយឡើយ ពោលគឺកម្ពុជាបន្តធ្វើសមាហរណកម្មអន្តរជាតិ ដើម្បីបំពេញឱ្យគ្នាទៅវិញទៅមកលើគ្រប់វិស័យ ជាអាទិ៍ សេដ្ឋកិច្ច នយោបាយ និងសន្តិសុខ។ នេះជាការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត។
បើតាមការថ្លែងរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត យន្តការជាច្រើន ត្រូវបានបង្កើតឡើង ជាពិសេសនៅក្នុងតំបន់ តែជាការកត់សម្គាល់របស់សម្ដេច គឺយន្តការខ្លះ ជាប់ពាក់ព័ន្ធតិចតួចនឹងសេដ្ឋកិច្ច តែមានចរិតលក្ខណៈជានយោបាយ សន្តិសុខ ដែលអាចប៉ះពាល់ទៅដល់នយោបាយអព្យាក្រឹត្យរបស់កម្ពុជា។ ក្នុងន័យនេះ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានបញ្ជាក់យ៉ាងច្បាស់ៗថា៖ «កម្ពុជា មិនចូលរួមជាមួយយន្តការណា ដែលមានចរិតនយោបាយបង្កើតឡើង ដើម្បីប្រកួតប្រជែង ឬប្រឆាំងជាមួយប្រទេសណា ឬប្លុកណានោះទេ។ នេះជាគោលនយោបាយរបស់កម្ពុជា កាលពីមុន ហើយនៅបន្ត»។
សម្ដេចធិបតី បន្តដូច្នេះថា៖ «យើងចូលជាមួយប្លុក ចូលជាមួយយន្តការ ដែលមានទិសដៅរួមក្នុងការបង្កើតឡើងក្នុងការថែរក្សាសុខដុមណីយកម្ម សុខសន្តិភាព វិបុលភាពក្នុងតំបន់ ជំរុញការអភិវឌ្ឍរួមគ្នាក្នុងតំបន់ ជាពិសេសសេដ្ឋកិច្ច និងយន្តការដែលថែរក្សាសន្តិភាពនៅក្នុងតំបន់ ព្រោះកម្ពុជា ត្រូវការសន្តិភាព។ សន្តិភាពផ្ទៃក្នុងប្រទេស ត្រូវថែរក្សាឱ្យបាន ប៉ុន្តែសន្តិភាពតំបន់ ក៏ចាំបាច់ដែរ ព្រោះពាក់ព័ន្ធនឹងយើងដែរ»។ សម្ដេចធិបតីថ្លែងដូច្នេះ ក្នុងពិធីអបអរសាទរខួប២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា កម្ពុជា បានអនុវត្តតាមអភិក្រម «ពង្រឹងទីផ្សារចាស់ ពង្រីកទីផ្សារថ្មី» ដោយរាជរដ្ឋាភិបាល បានបន្តលើកកម្ពស់ការអនុវត្ត និងការប្រើប្រាស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ក្នុងកម្រិតទ្វេភាគី តំបន់ និងពហុភាគី ដែលមាស្រាប់ ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន កម្ពុជា-កូរ៉េ, កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP)។ សម្ដេច បន្តថា រាជរដ្ឋាភិបាល ក៏បានកំណត់ចេញនូវគោលការណ៍ស្វែងរកច្រកទីផ្សារនាំចេញ ឬ ដៃគូពាណិជ្ជកម្មសក្តានុពលថ្មីៗ ដោយជំរុញការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីបន្ថែមទៀត ដើម្បីពង្រីកទីផ្សារឱ្យមានលក្ខណៈរឹតតែទូលំទូលាយ។
ដូច្នេះ សម្រាប់កម្ពុជា ដែលជាសមាជិករបស់អង្គការសហប្រជាជាតិ និងជាសមាជិករបស់អាស៊ាន គឺចូលរួមជាមួយយន្តការណា ដែលបានផ្ដល់ផលប្រយោជន៍ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព មិនបង្កើតឡើងប្រឆាំងប្រទេសណា ឬប្លុកណា ហើយក៏មិនប្រកួតប្រជែង តែជាសមាហរណកម្ម ដើម្បីបំពេញឱ្យគ្នា ជាពិសេសជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរួមគ្នា ការពង្រីកខ្លួនឯង ពង្រឹងលទ្ធភាពគ្រប់វិស័យរបស់កម្ពុជា ដើម្បីប្រទាក់ប្រឡាជាមួយគ្នា។ នេះជាការបញ្ជាក់បន្ថែមរបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី។
សម្ដេចធិបតី សង្កត់ធ្ងន់ថា មិនត្រឹមតែយន្តការពាណិជ្ជកម្មទេ សូម្បីយន្តការសន្តិសុខ ការពារជាតិ ក៏ដោយ ដែលមានលក្ខណៈថែរក្សាសន្តិភាព ស្ថិរភាពតំបន់ ប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន គឺកម្ពុជា នឹងចូលរួមសហការ តែបើបង្កើតដើម្បីប្រឆាំងជាមួយអ្នកនេះអ្នកនោះ គឺមិនចូលជាដាច់ខាត៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៤ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
សុខភាព២ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ផ្ទុះការភ្ញាក់ផ្អើលខ្លាំងចំពោះវត្តមាន ហុងដា SCOOPY ស៊េរីថ្មី របស់ក្រុមហ៊ុនអិនស៊ីអិច ទើបតែចេញក្តៅៗ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ