Connect with us

ព័ត៌មានអន្ដរជាតិ

តម្លៃ​ប្រេង​បន្ត​ធ្លាក់ចុះ​ជាង​២ដុល្លារ​ថ្ងៃ​អង្គារ ដោយសារ​ទស្សនវិស័យ​ខ្សោយចំពោះតម្រូវការ

បានផុស

នៅ

តម្លៃប្រេងបានបន្ត​ធ្លាក់ចុះជាង ២ ដុល្លារ ពេល​បើក​ការ​ជួញដូរ​នា​ព្រឹក​ថ្ងៃ​អង្គារ​នេះ​ ក្រោយ​ពេល​អង្គការ​នៃ​ប្រទេស​នាំ​ចេញ​ប្រេងកាត​ (​OPEC) ទម្លាក់ទស្សនវិស័យរបស់ខ្លួន​ស្ដី​ពី​កំណើនតម្រូវការប្រេងពិភពលោក​ឆ្នាំ ២០២៤ និង ២០២៥ ខណៈ​មាន​សេចក្ដីរាយការណ៍​ថា​ អ៊ីស្រាអែល​អាច​នឹង​វាយប្រហារលើ​យោធាអ៊ីរ៉ង់ដើម្បី​ជាការសង​សឹក​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តម្លៃ​ប្រេង​ឆៅ​នា​ពេល​អនាគត ម៉ាក​ Brent បានធ្លាក់ចុះប្រមាណ​ ២,១១ ដុល្លារ​ ឬ​ ២,៧ ភាគរយ ដោយ​ជួញដូរ​នៅ​ត្រឹម​ ៧៥,៣៥ ដុល្លារ​/បារ៉ែល ខណៈ​តម្លៃ​ប្រេង​ឆៅ​នា​ពេល​អនាគត​អាមេរិក​ ម៉ាក​ West Texas Intermediate (WTI) បានធ្លាក់ចុះ ២,០៧ ដុល្លារ​ ឬ​ ២,៨ ភាគរយ ដោយ​ជួញដូរ​នៅ​ត្រឹម​ ៧៣,៧៦ ដុល្លារ​/បារ៉ែល។

តម្លៃ​ប្រេង​ទាំង​ពីរ​បាន​ធ្លាក់​ចុះ​ប្រហែល​ ២ ដុល្លារ/បារ៉ែល រួចស្រាប់​ទៅ​ហើយ នៅ​ពេល​បញ្ចប់​ការ​ជួញដូរ​កាល​ពី​ថ្ងៃ​ចន្ទ​។ ការ​បន្ត​ធ្លាក់ចុះ​នេះ​ កើត​ឡើង​​ទោះ​បីជា​ជម្លោះ​មជ្ឈិមបូព៌ា ដែល​អាច​រំខាន​ដល់​ការ​ផ្គត់​ផ្គង់​ប្រេង​ ​និង​​ធ្វើ​ឱ្យ​តម្លៃ​ហក់​ឡើងនោះ​​ បន្ត​ស្ថិត​នៅ​ក្នុង​ស្ថានភាព​តាន​តឹងក៏ដោយ​​។

ជុំវិញ​បញ្ហា​នេះ​ អ្នក​វិភាគ​បាន​ភ្ជាប់​វា​ទៅ​នឹង​របាយការណ៍​ដែល​ថា​ អ៊ីស្រាអែល «មាន​ឆន្ទៈ» ​វាយ​ប្រហារ​លើ​គោលដៅ​យោធា​របស់​អ៊ីរ៉ង់​ ជាជាង​កំណត់​គោលដៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​នុយក្លេអ៊ែរ ឬប្រេង​របស់​ប្រទេស​នេះ​ ដើម្បី​ជា​ការ​សងសឹក​លើ​ក្រុង​តេអេរ៉ង់​ ដែល​ផ្លោង​មីស៊ីល​លើ​អ៊ីស្រាអែល​ជិត​ ២០០ ដើម​ កាល​ពី​ដើម​ខែ​។ ​សេចក្ដីរាយការណ៍​នេះ​ បន្ថយ​ការ​ព្រួយ​បារម្ភ​ដែល​ថា​ ​ការ​សង​សឹក​របស់​អ៊ីស្រាអែល​នឹង​រំខាន​ដល់​ការ​ផ្គត់​ផ្គង់​ប្រេង​ ដែល​ធ្វើ​ឱ្យ​តម្លៃ​របស់​វា​ហក់​​ឡើង​ខ្ពស់​ភ្លាម​ៗ​។

ប៉ុន្តែ​កត្តា​ជំរុញ​ឱ្យ​តម្លៃ​ជួញដូរ​ធ្លាក់​ចុះ​កាន់​តែខ្លាំង​នោះ​ គឺ​ទស្សនវិស័យ​តម្រូវការ​ប្រេង​លើ​ពិភពលោក​របស់​ ​OPEC ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​។ ក្នុង​​របាយការណ៍ប្រចាំខែ​របស់​ខ្លួន​ អង្គការ​នេះ​បាន​និយាយថា តម្រូវការប្រេងពិភពលោកនឹងកើនឡើងត្រឹម​តែ​ ១,៩៣ លាន​បារ៉ែល/ថ្ងៃ​ប៉ុណ្ណោះ​ ក្នុង​ឆ្នាំ​ ២០២៤ ដោយ​ធ្លាក់​ចុះ​ពី​កំណើន​ ២,០៣ លាន​បារ៉ែល/ថ្ងៃ​ ដែល ​OPEC បាន​ព្យាករ​ទុក​ដោយ​គ្មាន​ការកែ​ប្រែ​​រាប់​តាំងពីខែ​កក្កដា ឆ្នាំ​ ២០២៣​។ ​

ចិន​ ដែលជា​ប្រទេស​នាំចូល​ប្រេង​ដ៏​ធំ​បំផុត​មួយ​របស់​ពិភព​លោក​ ​រួម​ចំណែក​​មួយ​ភាគ​ធំសម្រាប់ការ​ធ្លាក់​ចុះ​នៃ​កំណើន​តម្រូវ​ការ​ប្រចាំ​ឆ្នាំ​។ ​OPEC បានកាត់បន្ថយការព្យាករ​កំណើនតម្រូវការ​របស់ចិន មកត្រឹម ៥៨០ ០០០ បារ៉ែល​/ថ្ងៃ ពី​ប្រមាណ ៦៥០ ០០០ បារ៉ែល/ថ្ងៃ​ ដោយសារ​តែ​បញ្ហា​សេដ្ឋកិច្ច​ និង​ការងាក​ទៅ​រង​ថាមពល​ស្អាត​។

ហើយ​ចំពោះ​​​ឆ្នាំ​ ២០២៥ ​វិញ​ OPEC បានកាត់បន្ថយការប៉ាន់ប្រមាណកំណើនតម្រូវការប្រេង​ពិភពលោក​របស់​ខ្លួន​ មកនៅ​ត្រឹម ១,៦៤ លាន​បារ៉ែល/ថ្ងៃ​ ពី​ប្រមាណ​ ១,៧៤ លាន​បារ៉ែល​/ថ្ងៃ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម