ព័ត៌មានអន្ដរជាតិ
IMF៖ បំណុលសាធារណៈទូទាំងសកល នឹងកើនលើស ១០០ ទ្រីលានដុល្លារ ឆ្នាំនេះ
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួនចេញផ្សាយនាថ្ងៃអង្គារនេះថា បំណុលសាធារណៈសរុបរបស់ពិភពលោកនឹងកើនលើស ១០០ទ្រីលានដុល្លារ ជាលើកដំបូងនៅឆ្នាំ២០២៤នេះ ហើយអាចនឹងបន្តកើនឡើងយ៉ាងរហ័ស ដោយសារតែទំនោរនយោបាយលើការចំណាយខ្ពស់របស់បណ្ដារដ្ឋាភិបាល កំណើនសេដ្ឋកិច្ចយឺតយ៉ាវដែលជំរុញតម្រូវការខ្ចីប្រាក់ និងថ្លៃអត្រាការប្រាក់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
របាយការណ៍តាមដានសារពើពន្ធរបស់ IMF បានបង្ហាញថា បំណុលសាធារណៈសកលនឹងកើនឡើងដល់ ៩៣ ភាគរយ ធៀបនឹងផលិតផលក្នុងស្រុកសរុប (GDP) នាដំណាច់ឆ្នាំ២០២៤ និងឈានដល់១០០ភាគរយ ធៀបនឹង GDP នៅឆ្នាំ២០៣០។ នោះនឹងធ្វើឱ្យវាកើនលើសកម្រិតខ្ពស់បំផុត (៩៩ ភាគរយ ធៀបនឹង GDP) ក្នុងអំឡុងវិបត្តិកូវីដ១៩ និងខ្ពស់ជាង១០ភាគរយ ធៀបនឹងអត្រានៅឆ្នាំ ២០១៩ ពោលគឺមុនពេលវិបត្តិកូវីដចូលមកដល់ ហើយបំប៉ោងការចំណាយរបស់រដ្ឋាភិបាល។
របាយការណ៍ដដែលបានលើកឡើងថា មានហេតុផលសមទំនងជាច្រើនដែលថា កម្រិតបំណុលនាពេលអនាគត នឹងហក់ឡើងខ្ពស់ជាងការព្យាករនាពេលបច្ចុប្បន្ន ដែលជំរុញដោយទំនោរចំណាយច្រើនរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតរបស់ពិភពលោក។
IMF បានបន្តនិយាយក្នុងរបាយការណ៍យ៉ាងដូច្នេះថា៖«ភាពមិនប្រាកដប្រជានៃគោលនយោបាយសារពើពន្ធ បានកើនឡើង ហើយបន្ទាត់ក្រហមនយោបាយស្តីពីការយកពន្ធ បានកាន់តែមានភាពជាក់ស្តែង។ សម្ពាធក្នុងការចំណាយដើម្បីដោះស្រាយការផ្លាស់ប្តូរបៃតង វ័យចំណាស់នៃប្រជាសាស្រ្ត ការព្រួយបារម្ភអំពីសុវត្ថិភាព និងបញ្ហាប្រឈមនៃការអភិវឌ្ឍន៍យូរអង្វែងកំពុងកើនឡើង»។
ក្នុងសេណារីយ៉ូអវិជ្ជមានដ៏ធ្ងន់ធ្ងរបំផុត បំណុលសាធារណៈសកលអាចឡើងដល់ ១១៥ភាគរយ ធៀបនឹង GDP ដោយខ្ពស់ជាងការព្យាករនាពេលបច្ចុប្បន្នរហូតដល់ ២០ភាគរយ។ IMF លើកឡើងថា សេណារីយ៉ូដ៏អាក្រក់នេះ អាចកើតឡើងដោយសារតែកំណើនសេដ្ឋកិច្ចទន់ខ្សោយ គោលនយោបាយហិរញ្ញវត្ថុកាន់តែតឹងរ៉ឹង និងភាពមិនច្បាស់លាស់នៃគោលនយោបាយសារពើពន្ធ និងរូបិយវត្ថុកាន់តែច្រើនក្នុងប្រទេសមានសេដ្ឋកិច្ចសំខាន់ៗជាប្រព័ន្ធ ដូចជាសហរដ្ឋអាមេរិក និងប្រទេសចិនជាដើម។
បើតាមរ៉យទ័រ ក្តីបារម្ភរបស់ IMF អំពីការកើនឡើងកម្រិតបំណុល ចេញផ្សាយឡើង៣សប្តាហ៍មុនការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបេក្ខជនជាគូប្រជែងទាំង២បានសន្យាថានឹងកាត់បន្ថយពន្ធ និងការចំណាយថ្មី ដែលអាចបន្ថែមឱនភាពថវិការាប់ទ្រីលានដុល្លារ ខណៈសហរដ្ឋអាមេរិករួចចំណែកធំជាងគេបំផុតលើទំហំបំណុលសាធារណៈសកល៕
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍១ សប្តាហ៍ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
សន្តិសុខសង្គម២ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជាបានចំណាយជាង២,១៨ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈក្នុងរយៈពេល១១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ស្ថានទូតចំនួន៦ ត្រូវបានកម្ទេច ពេលរុស្ស៊ីបាញ់មីស៊ីលវាយប្រហាររដ្ឋធានីកៀវ
-
ចរាចរណ៍៣ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ