Connect with us

ចរាចរណ៍

ជិះម៉ូតូបញ្ច្រាសទិសដៅចរាចរណ៍ ត្រូវរថយន្តបុកស្លាប់ភ្លាមៗ

បានផុស

នៅ

បុរស​ម្នាក់ ជិះ​ម៉ូតូ​បញ្ច្រាស​ទិសដៅ​ចរាចរណ៍​បត់​ឆ្លង​ផ្លូវ​មិន​ប្រយ័ត្ន ត្រូវ​បាន​រថយន្ត​កូរ៉េ​បើក​លឿន​ជ្រុល​បុក​អូស​ជាង ១០ ម៉ែត្រ បណ្តាល​ឱ្យ​ស្លាប់​ភ្លាមៗ នៅ​នឹង​កន្លែង​កើត​ហេតុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង ៥ ល្ងាច ថ្ងៃ​ទី ១៥ ខែ​តុលា ឆ្នាំ ២០២៤ នៅ​ផ្លូវ​ជាតិ​លេខ ៣ ភូមិ​ព្រៃ​ព្រីង​ត្បូង ១ សង្កាត់​ចោមចៅ​ទី ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

ជនរងគ្រោះ​ឈ្មោះ កុង ស៊ុន ភេទ​ប្រុស អាយុ ៣០ ឆ្នាំ ជា​ជាង​ជួសជុល​ទូរស័ព្ទ​នៅ​ផ្សារ​ចោមចៅ ស្នាក់នៅ​ភូមិ​ព្រៃ​កី ខ សង្កាត់​ពងទឹក ខណ្ឌ​ដង្កោ។

តាម​ប្រភព​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​គេ​បាន​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 1 M 9818 ធ្វើ​ដំណើរ​ចេញពី​ផ្សារ​ចោមចៅ​ទីកន្លែង​លក់ និង​ជួសជុល​ទូរស័ព្ទ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៣ ទិសដៅ​ពី​ជើង​ទៅ​ត្បូង​បំណង​ទៅផ្ទះ​នៅ​សង្កាត់​ពងទឹក ដោយ​បញ្ច្រាស​ទិសដៅ​ចរាចរណ៍ ខណៈ​មកដល់​ចំណុច​កើត​ហេតុ ក៏​ឆ្លង​ផ្លូវ​ពី​កើត​ទៅ​លិច​ចូល​គន្លង​ខាងស្ដាំ​វិញ ភ្លាមៗនោះ ស្រាប់​តែ​មាន​រថយន្ត​កូរ៉េ ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ​ភ្នំពេញ 2BJ 0248 ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង​ជ្រុល​បុក​ពេញទំហឹង​អូស​ជាង ១០ ម៉ែត្រ បណ្តាល​ឱ្យ​ជនរងគ្រោះ​បាក់.ក ស្លាប់​ភ្លាមៗ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​មក​ដល់​ចំណុច​កើត​ហេតុ និង​ទាក់ទង​ជំនាញ​មក​ធ្វើ​ការ​វាស់វែង​យក​រថយន្ត និង​ម៉ូតូ ទៅ​រក្សាទុក​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ។ ចំណែក​សព​ជនរងគ្រោះ ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​មក​ទទួល​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​នៅ​ស្រុក​កំណើត៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម