Connect with us

ចរាចរណ៍

ម៉ូតូ ៣ គ្រឿង បុកគ្នា រងរបួសធ្ងន់-ស្រាល ៥ នាក់

បានផុស

នៅ

ម៉ូតូ​ចំនួន ៣ គ្រឿង បាន​បុក​គ្នា​ពេញទំហឹង បណ្ដាល​ឲ្យ​មនុស្ស ៥ នាក់ រង​របួស​ធ្ងន់ និង​ស្រាល ត្រូវ​បាន​ក្រុម​សង្គ្រោះ​អង្គភាព ៧១១ ដឹក​យក​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​បន្ទាន់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១១ និង ២០ នាទី​ព្រឹក ថ្ងៃ​ទី ១៦ ខែ​តុលា ឆ្នាំ ២០២៤ នៅ​តាម​ផ្លូវជាតិ​លេខ ៣ មុខ​ស្ថានីយ​ប្រេងឥន្ធនៈ​សម​ប្រាថ្នា ភូមិ​ព្រៃ​ព្រីង​ត្បូង ២ សង្កាត់​ចោមចៅ​ទី ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​សេ ១២៥ ពណ៌​ខ្មៅ ១ គ្រឿង ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 1S-0874 ជិះ​គ្នា ៣ នាក់ បើកបរ​ដោយ​បុរស​ម្នាក់ ដឹក​កូន និង​ចៅ ធ្វើ​ដំណើរ​ស្របគ្នា​ជាមួយ​ម៉ូតូ ១ គ្រឿង​ទៀត ម៉ាក Ginio ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1KC-4161 ជិះ​ម្នាក់ឯង ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង។

ប្រភព​ដដែល​បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ម៉ូតូ​ទាំង ២ គ្រឿង បាន​បត់​ឆ្វេង​ត្រឡប់​ក្រោយ ស្រប​ពេល​នោះ​មាន​ម៉ូតូ ១ គ្រឿង​ទៀត ម៉ាក​ហុងដា​ឌ្រីម​សេ ១២៥ ពណ៌​ខ្មៅ ១ គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ 1KR-6170 បើកបរ​ដោយ​សិស្សសាលា​ម្នាក់ ក្នុង​ល្បឿន​លឿន​ទៅ​ដល់​បុក​ពេញទំហឹង បណ្ដាល​ឲ្យ​បុរស​អ្នក​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 1S-0874 រង​របួស​បាក់ជើង​លៀន​ឆ្អឹង​ចេញ​ក្រៅ កូនស្រី​រលាត់​មុខមាត់ និង​ចៅប្រុស​រលាត់​ដៃជើង។

ប្រភព​ខាងលើ​បាន​ឲ្យ​ដឹង​ទៀត​ថា ចំពោះ​អ្នក​ជិះ​ម៉ូតូ​ម៉ាក Ginio និង​សិស្សសាលា​ដែល​ជា​អ្នក​ជិះ​ម៉ូតូ​ហុងដា​ឌ្រីម ពាក់​ស្លាក​លេខ​ភ្នំពេញ 1KR-6170 រង​របួស​ស្រាល​ប៉ុណ្ណោះ បន្ទាប់មក​អ្នក​របួស​ធ្ងន់​ត្រូវ​បាន​ក្រុម​សង្គ្រោះ​អង្គភាព ៧១១ ដឹក​យក​ទៅកាន់​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​បន្ទាន់។

ក្រោយពេល​កើតហេតុ នគរបាល​ប៉ុស្តិ៍​ចោមចៅ​ទី ៣ និង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ចុះទៅ​ធ្វើការ​វាស់វែង និង​នាំ​យក​ម៉ូតូ​ទាំង ៣ គ្រឿង រក្សាទុក រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម