ព័ត៌មានអន្ដរជាតិ
តើមេដឹកនាំហេសបូឡាណាខ្លះត្រូវអ៊ីស្រាអែលសម្លាប់?
ក្នុងសង្គ្រាមជាមួយក្រុមហេសបូឡានៅលីបង់ រយៈពេលជិត១ខែចុងក្រោយនេះ អ៊ីស្រាអែលដែលមានសម្ព័ន្ធមិត្តអាមេរិកនៅពីក្រោយបានបង្ហាញនូវភាពមានប្រៀបយ៉ាងខ្លាំងក្នុងសង្គ្រាម។ ភាពមានប្រៀបដោយសារតែ អ៊ីស្រាអែល បានតាមដាននិងធ្វើឃាតមេដឹកនាំនិងមេបញ្ជាការក្រុមបច្ចាមិត្ត គឺក្រុមហេសបូឡានៅលីបង់។ មិនតែប៉ុណ្ណោះ អ៊ីស្រាអែលបានវាយប្រហារភាគីសត្រូវដែលភាគច្រើនជាបរិវាររបស់អ៊ីរ៉ង់ដែលជាសត្រូវធំរបស់អ៊ីស្រាអែលនៅមជ្ឈិមបូព៌ា។
ដោយសារការស្លាប់របស់មេដឹកនាំហេសបូឡា ច្រើនជាបន្តបន្ទាប់ ធ្វើឲ្យមានការសង្ស័យថា ក្នុងជួរទ័ពកំពូលអ៊ីរ៉ង់មានភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អ៊ីស្រាអែល (Mossads)។ យោងតាមសេចក្តីរាយការណ៍ជាច្រើន ករណីស្លាប់មេទ័ពកំពូលរបស់ហេសបូឡា ជាបន្តបន្ទាប់ មេទ័ពកំពូលរបស់អ៊ីរ៉ង់ លោក Esmail Qaani មេបញ្ជាការកងទ័ពអ៊ីរ៉ង់ស្ថិតក្រោមការសង្ស័យនេះ។
ខាងក្រោមនេះ គឺជាបញ្ជីនៃមេដឹកនាំជាន់ខ្ពស់សំខាន់ៗទាំងនយោបាយ និងយោធារបស់ក្រុមហេសបូឡានិងហាម៉ាសដែលអះអាងថា ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការសង្គ្រាមរបស់អ៊ីស្រាអែល។
លោក សាយយ៉េដ ហាសសាន ណាសរ៉ាឡា (Sayyed Hassan Nasrallah) ជាមេដឹកនាំប្រដាប់អាវុធរបស់ក្រុមហេសបូឡាជាង៣ទសវត្សរ៍ចាប់តាំងបីឆ្នាំ១៩៩២។ មេដឹកនាំក្រុមហេសបូឡារូបនេះត្រូវបានអះអាងស្លាប់កាលថ្ងៃទី២៧ខែកញ្ញា ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលតែប៉ុន្មានថ្ងៃលើក្រុមហេសបូឡាក្នុងសមរភូមិក្នុងលីបង់។
មរណៈភាពរបស់លោក ហាសសាន ណាសរ៉ាឡា គឺជាការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់។ ការស្លាប់របស់មេដឹកនាំកំពូលរបស់ហេបូឡារូបនេះក៏ជាការវាយប្រហារបំបាក់ស្មារតីដ៏ខ្លាំងក្លាចំពោះប្រទេសអ៊ីរ៉ង់ ដោយសារតួនាទីដ៏សំខាន់ដែលលោក ហាសសាន ណាសរ៉ាឡា បានដើរតួជាស្នូលនៃការតស៊ូប្រឆាំងអ៊ីស្រាអែលដែលនៅកៀកប្រទេសអ៊ីស្រាអែល។
លោក អ៊ីប្រាហ៊ីម ឃ្យូបៃស៊ី (IBRAHIM QUBAISI) គឺជាមេបញ្ជាការ និងជាឥស្សរជននាំមុខគេនៅក្នុងផ្នែករ៉ុក្កែតរបស់ក្រុមហេសបូឡា ត្រូវបានគេរាយការណ៍ថា បានបាត់បង់ជីវិតក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូតកាលពីថ្ងៃទី២៤ខែកញ្ញា ពោលគឺមួយថ្ងៃក្រោយការប្រកាសវាយចូលទឹកដីលីបង់របស់អ៊ីស្រាអែលដែលតែងតែសង្កៀតធ្មេញខឹងហេសបូឡាដែលតែងតែផ្លោងដាក់ខ្លួនពីប្រទេសលីបង់។
លោក អ៊ីប្រាហ៊ីម អាគីល (Ibrahim Aqil) ដែលជាមេបញ្ជាការប្រតិបត្តិការរបស់ក្រុមហេសបូឡាដែលបម្រើការលើស្ថាប័នយោធាកំពូលរបស់ក្រុមនេះ ត្រូវបានសម្លាប់ដោយការវាយប្រហាររបស់អ៊ីស្រាអែលនៅតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូតកាលពីថ្ងៃទី២០ខែកញ្ញា។ ការចុះផ្សាយខ្លះ បង្ហាញថា អាគីលដែលបានប្រើឈ្មោះក្លែងក្លាយថា Tahsin និង Abdelqader ជាសមាជិកនៃស្ថាប័នយោធាកំពូលរបស់ហេសបូឡា គឺក្រុមប្រឹក្សា Jihad ។ សហរដ្ឋអាមេរិកបានចោទប្រកាន់អាគីលពីតួនាទីមួយនៅក្នុងការទម្លាក់គ្រាប់បែកលើរថយន្តក្រុងបេរូតដែលបានវាយប្រហារស្ថានទូតអាមេរិកក្នុងខែមេសាឆ្នាំ១៩៨៣ដែលបានសម្លាប់មនុស្ស៦៣នាក់ និងបន្ទាយទាហានម៉ារីនរបស់សហរដ្ឋអាមេរិក ប្រាំមួយខែក្រោយមក ដែលបានសម្លាប់មនុស្ស២៤១នាក់។
លោក អាមេដ វ៉ាប៊ី (AHMED WAHBI) ជាមេបញ្ជាការកំពូលម្នាក់ដែលមើលការខុសត្រូវលើប្រតិបត្តិការយោធារបស់កងកម្លាំងពិសេស Radwan ក្នុងសង្រ្គាមនៅតំបន់ហ្គាហ្សា រហូតដល់ដើមឆ្នាំ២០២៤ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ដែលសំដៅទៅលើមេបញ្ជាការកំពូលៗជាច្រើននៅជាយក្រុងបេរូតកាលពីថ្ងៃទី២០ខែកញ្ញា។ លោក អាមេដ វ៉ាប៊ី ត្រូវបានសម្លាប់ក្នុងថ្ងៃតែមួយជាមួយ លោក អ៊ីប្រាហ៊ីម អាគីល។
លោក ហ្វូដ ស៊ុក (FUAD SHUKR) ដែលត្រូវបានសម្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ជាយក្រុងភាគខាងត្បូងនៃរដ្ឋធានីលីបង់កាលពីថ្ងៃទី ៣០ខែកក្កដា។ លោក ហ្វូដ ស៊ុក ជាមេបញ្ជាការកំពូលរបស់ហេសបូឡា ដែលកំណត់ដោយយោធាអ៊ីស្រាអែលថា ជាអ្នកជំនិតបំផុតរបស់ Sayyed Hassan Nasrallah ដែលត្រូវបានសម្លាប់កាលថ្ងៃទី២៧ខែកញ្ញា។ Shukr គឺជាឥស្សរជនយោធាឈានមុខគេមួយរបស់ហេសបូឡា ចាប់តាំងពីក្រុមសកម្មប្រយុទ្ធនេះ បានបង្កើតឡើងដោយឆ្មាំបដិវត្តន៍អ៊ីរ៉ង់ជាង៤ទសវត្សរ៍មុន គឺនៅឆ្នាំ១៩៨២។ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើលោក ស៊ុក នៅក្នុងឆ្នាំ២០១៥ ហើយបានចោទប្រកាន់ថាបានដើរតួនាទីសំខាន់ក្នុងការទម្លាក់គ្រាប់បែកក្នុងឆ្នាំ១៩៨៣លើបន្ទាយទាហានម៉ារីនអាមេរិកនៅទីក្រុង បេរូត ដែលបានសម្លាប់បុគ្គលិកយោធាអាមេរិកចំនួន២៤១នាក់។
លោក ម៉ូហាំម៉េដ ណាសសឺរ (Mohammed Nasser) ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីថ្ងៃទី៣ខែកក្កដា។ អ៊ីស្រាអែលបានអះអាងទទួលខុសត្រូវដោយនិយាយថា គាត់បានដឹកនាំអង្គភាពដែលទទួលខុសត្រូវចំពោះការបាញ់ចេញពីភាគនិរតីលីបង់ទៅកាន់អ៊ីស្រាអែល។ ក្រោយការសម្លាប់នោះ ប្រភពសន្តិសុខជាន់ខ្ពស់នៅក្នុងប្រទេសលីបង់ បានឲ្យដឹងថា លោក ណាសសឺរ ដែលជាមេបញ្ជាការជាន់ខ្ពស់ក្នុងក្រុមហេសបូឡា ទទួលខុសត្រូវចំពោះផ្នែកមួយនៃប្រតិបត្តិការរបស់ហេសបូឡានៅតាមព្រំដែនរវាងលីបង់និងអ៊ីស្រាអែល។
លោក TALEB ABDALLAH ជាមេបញ្ជាការតំបន់របស់ក្រុមហេសបូឡា ត្រូវបានសម្លាប់កាលពីថ្ងៃទី១២ ខែមិថុនា នៅក្នុងការវាយប្រហារមួយដែលត្រូវបានអះអាងដោយអ៊ីស្រាអែល ដែលបាននិយាយថា ខ្លួនបានវាយប្រហារមជ្ឈ មណ្ឌលបញ្ជា និងគ្រប់គ្រងមួយនៅភាគខាងត្បូងប្រទេសលីបង់។ តាមការចុះផ្សាយខ្លះ ប្រភពសន្តិសុខក្នុងប្រទេសលីបង់ បាននិយាយថា គាត់គឺជាមេបញ្ជាការរបស់ក្រុមហេសបូឡា សម្រាប់តំបន់កណ្តាលនៃខ្សែបន្ទាត់ព្រំដែនភាគខាងត្បូង ហើយមានឋានៈដូចគ្នានឹង លោក ណាសសឺរ ដែរ៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
សន្តិសុខសង្គម១៤ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ