ព័ត៌មានជាតិ
ក្រសួងអប់រំ នឹងដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុ ចាប់ពីថ្ងៃទី ១៨ តុលា តទៅ
ក្រសួងអប់រំ យុវជន និងកីឡា នឹងដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុបេក្ខជនប្រឡងបាក់ឌុបចាប់ពីថ្ងៃទី ១៨ តុលា ដល់ថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០២៤ បន្ទាប់ពីដំណើរការកំណែសន្លឹកកិច្ចការបេក្ខជនត្រូវបានបញ្ចប់នៅថ្ងៃទី ១៧ ខែតុលា នេះ ដោយជោគជ័យ។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍នៅព្រឹកថ្ងៃទី ១៧ តុលា នេះថា ដំណើរការកំណែសន្លឹកកិច្ចការបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបចាប់ពីថ្ងៃទី ១១ តុលា ដល់ថ្ងៃទី ១៧ តុលា នៅមណ្ឌលកំណែចំនួន ១០ នៅរាជធានីភ្នំពេញ នឹងបញ្ចប់ទៅតាមផែនការគ្រោងទុក។
លោកស្រីបានបន្តថា «ដើម្បីរក្សាភាពសុក្រឹត ក៏ដូចជាតម្លាភាព និងយុត្តិធម៌សម្រាប់បេក្ខជន គឺ ទី ១ សម្រង់ពិន្ទុបេក្ខជនដែលទទួលបានពីពីមណ្ឌលប្រឡងនីមួយៗ គឺពុំមានសញ្ញាសម្គាល់ណាមួយបញ្ជាក់ថាមណ្ឌលណាមួយនោះទេ ហើយនៅពេលនាដែលយើងបញ្ចូលក្នុងបន្ទប់បូកស្រង់ គឺមានន័យថា ការីកុំព្យូទ័រ នឹងបញ្ចូលពិន្ទុចូលក្នុងកុំព្យូទ័រតាមរយៈការស្កែនបាកូដដែលមាននៅលើសន្លឹកចូលទូក្នុងប្រព័ន្ធ ហើយនៅក្នុងការបញ្ចូលនោះគាត់ក៏មិនអាចដឹងថាស្ថិតនៅក្នុងមណ្ឌលណាមួយនោះដែរ។ ក្រោយការធ្វើបញ្ចូលរួចរាល់ នឹងមានក្រុមការងារមួយដោយឡែកទៀតធ្វើការផ្ទៀងផ្ទាត់រវាងសន្លឹកកិច្ចការដែលបញ្ជូនមកជាមួយនឹងសន្លឹកកិច្ចការសន្លឹកពិន្ទុដែលព្រីនចេញដែលបញ្ចូលពិន្ទុរួចក្នុងករណីយើងមើលឃើញពីភាពមិនប្រក្រតីពិន្ទុមិនដូចណាមួយ យើងនឹងធ្វើការកែតម្រូវរហូតដល់មានភាពសុក្រឹត និងទទួលយកបាន»។

លោកស្រីបានបន្ថែមថា ក្នុងដំណើរការស្រង់បូកពិន្ទុដោយកុំព្យូទ័រ និងផ្ទៀងផ្ទាត់ពិន្ទុនេះដែរ ក៏មានការសហការចូលរួមយ៉ាងជិតស្និទ្ធពីអង្គភាពប្រឆាំងអំពើពុករលួយ ហើយក្នុងដំណើរការនេះ សមាជិកនានា នឹងមិនត្រូវអនុញ្ញាតឱ្យប្រើប្រាស់ទូរស័ព្ទទេ លើកលែងតែគណៈមេប្រយោគទូទាំងប្រទេសដែលមានសិទ្ធិប្រើប្រាស់ទូរស័ព្ទ។
គួរបញ្ជាក់ថា ឆ្នាំនេះ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំប្រឡងបាក់ឌុបរយៈពេល ២ ថ្ងៃ គឺថ្ងៃទី ៨ និងទី ៩ តុលា ដោយមានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧.០៤០ នាក់ (ស្រី ៧៤.៨៨២ នាក់) ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ មានចំនួន ៣៩ ៣៥៨ នាក់ (ស្រី ២៣.៧១៥ នាក់) បេក្ខជនថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ៩៧.៦៨២ នាក់ (ស្រី ៥១.១៦៧ នាក់) ចែកជា ២៣០ មណ្ឌល ត្រូវជា ៥.៥៣៣ បន្ទប់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានចំនួន ៧៣ មណ្ឌល ត្រូវជា ១.៦០២ បន្ទប់ និងថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៥៧ មណ្ឌល ត្រូវជា ៣.៩៣១ បន្ទប់។

ក្នុងនោះមានបេក្ខជនអវត្តមានសរុប ២.៤០៦ នាក់ ស្រី ៩១៥ នាក់ ត្រូវជា ១,៧៦ ភាគរយ នៃចំនួនបេក្ខជនសរុបចំនួន ១៣៧.០៤០ នាក់ ក្នុងចំនួននេះ បេក្ខជនស្វៃរិន (ចំណេះទូទៅ និងបំពេញវិជ្ជា) អវត្តមានសរុប ១.៩៩០ នាក់ ស្រី ៧៣៨ នាក់ ត្រូវជា ៨២,៧១ ភាគរយ នៃបេក្ខជនអវត្តមានសរុប។
ចំណែកបេក្ខជនមានបញ្ហាសុខភាពមានចំនួន ១៣៦ នាក់ ក្នុងនោះបេក្ខជនមានបញ្ហាសុខភាពហើយមិនអាចបន្តការប្រឡងបានមានចំនួន ១០ នាក់ បេក្ខជនដាក់ឱ្យប្រឡងដាច់ដោយឡែកមានចំនួន ២២ នាក់ បេក្ខជនជួបគ្រោះថ្នាក់ចរាចរណ៍មានចំនួន ៧ នាក់។ គណៈកម្មការប្រឡង អនុរក្ស អប្បមាទ និងជំនួយការ ដែលមានបញ្ហាសុខភាព និងមិនអាចបន្តភារកិច្ចបានមានចំនួន ៤៦ នាក់៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?