Connect with us

ព័ត៌មានអន្ដរជាតិ

​ហេតុអ្វី​រុស្ស៊ី​​ជំរុញ​ការ​បង្កើត​ប្រព័ន្ធទូទាត់ប្រាក់ឆ្លងដែន​​​ក្នុងប្លុក​ប្រទេស​​ BRICS?

បានផុស

នៅ

ប្រធានាធិបតី​រុស្ស៊ី​ លោក វ្ល៉ាឌីមៀរ ពូទីន គ្រោង​នឹង​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​នៃ​អង្គការ​អន្តររដ្ឋាភិបាល​ប្រ៊ីកស៍ (BRICS) នា​​ថ្ងៃទី ២២-២៤ តុលា ខាង​មុខ ដែល​លោក​នឹង​ទទួល​ស្វាគមន៍​ក្រុម​មេដឹកនាំនៃ​ប្រទេស​សមាជិក​ដែល​រួម​មាន​ ប្រេស៊ីល ឥណ្ឌា ចិន អាហ្រ្វិកខាងត្បូង អេហ្ស៊ីប អេត្យូពី អ៊ីរ៉ង់ និងអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខណៈកិច្ច​ប្រជុំ​ខិត​កាន់តែ​ជិត​មកដល់​ មាន​សេចក្ដីរាយការណ៍​ថា​ រុស្ស៊ី​នឹង​​ព្យាយាម​បញ្ចុះបញ្ចូល​ឱ្យ​ប្រទេសសមាជិក BRICS ចូល​រួម​ជាមួយ​គ្នា​ក្នុង​ការ​​បង្កើត​ប្រព័ន្ធ​ហិរញ្ញវត្ថុ​សកល​ថ្មី​ ​​​ដើម្បី​បន្សាំ​ខ្លួន​ទៅនឹងទណ្ឌកម្មរបស់លោកខាងលិច ​ក៏ដូចជា​ទប់ទល់ទៅនឹងឥទ្ធិពលដ៏​វាតទី​របស់​ប្រាក់​ដុល្លារ​អាមេរិក ​លើ​ពាណិជ្ជកម្ម​សកល។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​។

យោងតាមឯកសារដែលរៀបចំដោយក្រសួងហិរញ្ញវត្ថុ និងធនាគារកណ្តាល​រុស្ស៊ី ​ដែល​ត្រូវ​បាន​ចែក​ចាយ​ទៅ​ឱ្យ​​អ្នក​សារព័ត៌មាន​មុន​កិច្ច​ប្រជុំ​ ការ​បង្កើត​ឱ្យ​មាន​ប្រព័ន្ធ​ទូទាត់​ប្រាក់​ឆ្លងដែនសម្រាប់​ប្លុក BRICS​ នឹង​ក្លាយ​ជា​ស្នូល​​នៃ​ផែនការ​​ ដែល​រុស្ស៊ី​​នឹង​ស្នើ​ឡើង​។

ប្រព័ន្ធ​ទូទាត់​ថ្មី​ ដែល​ត្រូវ​ប្រើ​រូបិយប័ណ្ណ​របស់​បណ្ដា​ប្រជាជាតិ BRICS នោះ​ នឹងរួមបញ្ចូលប្រព័ន្ធផ្ញើសារថ្មី និងបណ្តាញធនាគារពាណិជ្ជជាតិ ដែលភ្ជាប់គ្នាទៅវិញទៅមកតាមរយៈធនាគារកណ្តាលរបស់​ប្រទេស​ BRICS ដោយ​មិន​ចាំ​បាច់​ត្រូវ​ការដូរ​រូបិយប័ណ្ណក្នុងស្រុករបស់​ពួកគេ​ទៅ​ប្រាក់​ដុល្លារ​អាមេរិក​នោះ​ទេ​។ ​

ទីភ្នាក់ងារ​សារព័ត៌មានរ៉យទ័រ​ ផ្សាយ​ថា​ ប្រព័ន្ធដដែល នឹងប្រើប្រាស់បច្ចេកវិទ្យាប្លុកឆេន (Blockchain) ដើម្បីរក្សាទុក និងផ្ទេរថូកខិនឌីជីថល​ផ្អែក​លើ​រូបិយប័ណ្ណជាតិនីមួយៗ។ ការណ៍នេះនឹងអនុញ្ញាតឱ្យរូបិយប័ណ្ណទាំងនោះ ​អាច​ដោះដូរ​បាន​យ៉ាងងាយស្រួល និងមានសុវត្ថិភាព ដែល​មិន​ចាំ​បាច់ឆ្លងកាត់តម្រូវការ​ប្រតិបត្តិការប្រាក់ដុល្លារនោះទេ។ គោលបំណង​មួយ​ក្នុងនោះ​ គឺ​ការ​រក្សាលំហូរពាណិជ្ជកម្មរវាងប្រទេសសមាជិកឱ្យដំណើរការដោយរលូន បើទោះបីជាសមាជិកមួយ ឬច្រើន ​រង​ការ​បដិសេធ​មិនឱ្យចូល​ប្រើ​ប្រាស់ប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិក៏ដោយ។

នា​ពេល​កន្លង​មក​ រុស្ស៊ី​តែង​តែ​ទទូច​លើ​ការ​កែប្រែ​ដំណើរការហិរញ្ញវត្ថុសម្រាប់​ពាណិជ្ជកម្ម​អន្តរជាតិ​ ដែល​ពឹង​ផ្អែក​លើ ​ប្រាក់​ដុល្លារ​ ដោយ​ធ្វើ​ឱ្យ​ការ​ពិភាក្សា​លើបដិដុល្លារូបនីយកម្មក្នុងប្លុក ក្លាយ​ជា​ប្រធានបទ​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​នា​ពេល​កន្លង​មក​ ។ ​រុស្ស៊ី​ ក៏ដូចជា​សម្ព័ន្ធ​មិត្ត​ចិន​ តែងតែចាត់​ទុក BRICS​ ដែលផ្ដុំ​ទៅ​ដោយ​ប្រទេស​ទីផ្សារ​កំពុង​រីកចម្រើន​ ​ថា​ជា​​ ប្រព័ន្ធកម្លាំង​ទប់​ទឹង​នឹង​អំណាច​នយោបាយ​ និង​ពាណិជ្ជកម្ម​របស់​លោក​ខាង​លិច​។

អ្នកវិភាគ​លើក​ឡើង​ថា​ ​រុស្ស៊ីមើលឃើញ​ប្រព័ន្ធ​ទូទាត់ថ្មី​ជាមធ្យោបាយមួយ ដើម្បីដោះស្រាយបញ្ហាដែលកើនឡើងក្នុងការ​ទូទាត់ពាណិជ្ជកម្ម សូម្បីតែជាមួយប្រទេសជាមិត្តដូចជា​ចិន ខណៈ​ធនាគារក្នុងស្រុកចិន​ព្រួយបារម្ភថា ពួកគេអាចរងការវាយប្រហារដោយទណ្ឌកម្មបន្ទាប់បន្សំ​របស់សហរដ្ឋអាមេរិក បើ​ពាក់​ព័ន្ធ​នឹង​រុស្ស៊ី​។

​រហូត​មក​ទល់​ពេល​នេះ​​ ​លោកខាង​លិច​ រួម​មាន​សហរដ្ឋ​អាមេរិក​ នៅ​តែ​បន្ត​ដាក់​ទណ្ឌកម្ម​លើ​ធនាគារ​ ក្រុមហ៊ុន​ និង​បុគ្គលរុស្ស៊ី​ ចំពោះ​ការ​ឈ្លាន​ពាន​អ៊ុយក្រែន​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​ចុង​ខែ​កុម្ភៈឆ្នាំ​​២០២២ ហើយ​ក៏​បាន​ចាត់​វិធានការ​លើ​ក្រុមហ៊ុន ឬ​អ្នក​ពាក់ព័ន្ធ ដែល​មាន​ទំនាក់​ទំនង​ជាមួយ​អង្គភាព ឬ​បុគ្គលរុស្ស៊ី​ ដែល​ជាប់​ទណ្ឌកម្ម​ផង​ដែរ​។ ក្រៅ​ពី​នេះ​ ទណ្ឌកម្ម​ក៏​ហាម​ឃាត់​មិន​ឱ្យ​រុស្ស៊ី​ ចូល​ប្រើ​ប្រាស់ប្រព័ន្ធ​ផ្ទេរ​ប្រាក់​អន្តរជាតិ​ SWIFT បាន​ផង​ដែរ​។

អ្នក​វិភាគ​លើក​ឡើង​ថា​ ការ​បង្កើត​ប្រព័ន្ធ​ទូទាត់​ហិរញ្ញវត្ថុ​ក្នុង​ប្លុក BRICS ​អាច​ធ្វើ​ទៅ​បាន ប៉ុន្តែ​វា​ត្រូវ​ការ​រយៈពេល​យូរ​។ យ៉ាង​ណា​មិញ​ វា​អាច​នឹង​កាន់​តែ​លំបាក​​នៅ​ពេល​ប្លុក​​ពង្រីកខ្លួន​កាន់​តែ​ធំ​ ដោយ​មាន​ប្រទេស​កាន់​តែ​ច្រើន​ចូល​រួម​។

គួរ​​បញ្ជាក់​ថា​ ក្រៅ​តែ​ពី​ប្រព័ន្ធ​ទូទាត់​ឆ្លង​ដែន រុស្ស៊ី​ក៏​គ្រោង​នឹង​ស្នើ​ផង​ដែរ​ លើ​ការ​បង្កើតក្រុមហ៊ុនធានារ៉ាប់រងបន្ត​​ BRICS ដើម្បី​កុំ​ឱ្យ​មាន​ការ​រំខាន​លើការ​​ដឹកជញ្ជូនទំនិញរវាងសមាជិក និង​សមាជិក​ ​ក្នុងករណីដែលក្រុមហ៊ុនធានារ៉ាប់រង​បន្ត​របស់លោកខាងលិច ​បដិសេធមិនផ្តល់សេវាកម្មដល់​ពួកគេ។ ក្រៅ​ពី​នេះ​ ក៏​មាន​សំណើរ​លើ​ការបង្កើតស្ថាប័ន​ហិរញ្ញវត្ថុអន្តរជាតិ ជំនួស​ឱ្យ​មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ផង​ដែរ​ ​ដើម្បី​​ជួយដល់ប្រទេសជាសមាជិក​ពេល​ជួប​​វិបត្តិសេដ្ឋកិច្ច​ និង​បង្កើត​វេទិកាពាណិជ្ជកម្មសម្រាប់គ្រាប់ធញ្ញជាតិ និងទំនិញសំខាន់ៗផ្សេងទៀត ​ដោយ​មាន​ភ្នាក់ងារកំណត់តម្លៃ​ពាក់ព័ន្ធ​ផ្តល់ទិន្នន័យតម្លៃ និងការវិភាគទីផ្សារដោយ​ខ្លួន​ឯង​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម