Connect with us

ព័ត៌មានជាតិ

អាជ្ញាធរបញ្ជាក់ ជុំវិញ​ផ្លូវ​មួយខ្សែជាង ១០ គីឡូម៉ែត្រនៅស្រុកសំពៅលូន រងការ​ខូចខាតយ៉ាងធ្ងន់ធ្ងរ

បានផុស

នៅ

ផ្លូវដីក្រហមមួយខ្សែដែលមានប្រវែងប្រមាណជាង ១០ គីឡូម៉ែត្រ រងការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យប្រជាពលរដ្ឋពិសេសសិស្សានុសិស្សដែលត្រូវធ្វើដំណើរទៅសាលារៀន មានការពិបាកងក្នុងការធ្វើដំណើរដោយសារតែផ្លូវនេះជាប្រភេទដីស្អិតហើយបែកភក់ខ្លាំងក្រោយពេលមានភ្លៀងធ្លាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមអាជ្ញាធរមូលដ្ឋានបានបញ្ជាក់ថា ផ្លូវនេះបែកចេញពីឃុំសិរីមានជ័យក្នុងទឹកដីស្រុកសំពៅលូន ដែលជាផ្លូវឆ្លងកាត់ចំណុចដូនសំ ស្រឡៅជ្រុំ ត្រាវជូរ និងភូមិអូរកាច់ ស្ថិតក្នុងឃុំជ្រៃសីមា សរុបនៃការខូចខាតមានប្រវែងជាង ១០ គីឡូម៉ែត្រ​។

អាជ្ញាធរមូលដ្ឋានបាន​ឲ្យដឹង​ថា កាលពីឆ្នាំកន្លងទៅ ផ្លូវនេះស្ថាបនា​ឡើង​ក្រោម​ការផ្ដួចផ្ដើមពី​មន្ទីរអភិវឌ្ឍន៍ជនបទ។ ប៉ុន្តែក្រោយពីបានស្ថាបនាចេញជារូបរាង និងបាន​ចាក់ក្រាលដីក្រហម ក៏​រងការ​ខូចខាត​ទៅវិញ​។ នៅពេលដែលមានភ្លៀងធ្លាក់ម្ដងៗគឺប្រជាពលរដ្ឋមិនអាចធ្វើដំណើរឆ្លងកាត់បានឡើយ ពិសេសគឺការដឹកកសិផលនិងការធ្វើដំណើរទៅសាលារៀនរបស់សិស្សានុសិស្ស។

នៅព្រឹកថ្ងៃទី ១៨ ខែតុលានេះ លោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទបានឆ្លើយតប​តាមរយៈទូរសព្ទថា តាមពិតគម្រោងផ្លូវនេះគឺរបស់អង្គការជាដៃគូដែលបានស្ថាបនាចេញជារូបរាង​ផ្លូវ ប៉ុន្តែ​គម្រោងក៏បានដាច់ទៅវិញ​ដែលតម្រូវឲ្យធ្លាក់ទៅលើមូលនិធិឃុំជាអ្នកបន្ត។

បើទោះបីជាយ៉ាងនេះក្តី លោក វ៉ាន់ ថុល បាន​បញ្ជាក់ថា លោកក៏បានស្វះស្វែងរកដៃគូជំនួយ ដើម្បីបន្តស្ថាបនាឲ្យរួចរាល់ជាស្ថាពរ។ បើតាមលោក វ៉ាន់ ថុល ឥឡូវនេះរកបានហើយគម្រោងចាក់កៅស៊ូ ប៉ុន្តែដោយសារមានការយឺតយ៉ាវ ដូច្នេះនៅក្នុងអំឡុងខែមីនាឆ្នាំ ២០២៥ ក្រុមការងារនឹង​ជួសជុល​ក្រាលក្រួសក្រហមសិន ដើម្បី​ឲ្យ​បងប្អូនប្រជាពលរដ្ឋធ្វើដំណើរបានស្រួល ហើយនៅចុងឆ្នាំ ២០២៥ គម្រោងក្រាលកៅស៊ូនឹងធ្វើឲ្យរួចរាល់មួយរយភាគរយ៕

អត្ថបទ : សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម