Connect with us

ព័ត៌មានជាតិ

ស្ពានឆ្លង​ទន្លេ​ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេច​បាន​​ជាង ១៤% គិត​ត្រឹមពាក់កណ្តាលខែតុលាឆ្នាំ ២០២៤

បានផុស

នៅ

គិតត្រឹមពាក់កណ្តាលខែតុលា ឆ្នាំ២០២៤នេះ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សម្រេចវឌ្ឈនភាពការងារបាន១៤, ៥០%។ គម្រោងស្ថាបនាស្ពានឆ្លងទន្លេបាសាក់ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៤។

បើតាមមន្រ្តីក្រសួងសាធារណការ​និងដឹកជញ្ជូន​​បាន​បញ្ជាក់ថា នៅពេលសាងសង់រួច ស្ពាននេះនឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើស្ពានព្រះមុនីវង្ស ឆ្លងកាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ ជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញប៉ែកខាងត្បូង ព្រលាន​យន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅ កាត់បន្ថយការកកស្ទះចរាចរណ៍នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍតំបន់នោះ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅក្នុងតំបន់រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ពានឆ្លងកាត់​ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) សាងសង់​ជាប្រភេទ​ស្ពានបេតុងភ្លោះ ៨៤៥,៧ម៉ែត្រ មានចំណុចចាប់ផ្តើម​ពីត្រើយខាងលិច​ទន្លេបាសាក់ ស្ថិតក្នុងសង្កាត់​ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងចំណុចបញ្ចប់​នៅត្រើយខាងកើត​ទន្លេបាសាក់ ស្ថិតក្នុងសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ស្ពានបេតុងភ្លោះនេះ មានទទឹងសរុប ២៧ ម៉ែត្រ ដោយស្ពាននីមួយៗមានមុខកាត់ទទឹង ១៣,២៥ ម៉ែត្រ ក្រាលដោយបេតុងកៅស៊ូ AC ហើយមានគម្លាតពីគ្នាកន្លះម៉ែត្រ។ ចំពោះផ្លូវតភ្ជាប់ក្បាលស្ពាន មានប្រវែងសរុប ៨០៤,៣ មែត្រ តភ្ជាប់ពីក្បាលស្ពានទាំងសងខាងទៅមហាវិថីសំខាន់ៗនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។

គម្រោងក៏រួមបញ្ចូលនូវការស្ថាបនារង្វង់មូលចំនួន ២ កន្លែង នៅសងខាងក្បាលស្ពាន និងផ្លូវអមស្ពានទាំងសងខាង ចំនួន ៤ កំណាត់ ប្រវែងសរុប ១៥៤១ម៉ែត្រ ដោយក្រាលបេតុងសរសៃដែក ព្រមទាំងការស្ថាបនាពង្រីកកំណាត់ផ្លូវចំនួន ២ ខ្សែ រួមមាន ផ្លូវជាតិលេខ២ ប្រវែង ៣០០ ម៉ែត្រ នៅត្រើយខាងលិច និងផ្លូវលេខ ១១០ ប្រវែង ១១០ ម៉ែត្រ នៅត្រើយខាងកើត ដើម្បីតភ្ជាប់ជាមួយស្ពាននិងការរៀបចំបំពាក់ស្លាកសញ្ញា និងគំនូសចរាចរណ៍ទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់ផងដែរ។

ការដ្ឋាន​អនុវត្ដការសាងសង់ដោយក្រុមហ៊ុនសំណង់សៀងហៃ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤២ខែ គ្រោងនឹងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៧ ដោយគ្រោងចំណាយថវិកាសរុបប្រមាណ ៦០,២លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពី រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។

នៅក្នុងក្របខ័ណ្ឌនៃស្ថានភាពភូមិសាស្ត្រ និងការតភ្ជាប់ ស្ពាននេះគឺមានភាពប្រទាក់ក្រឡាគ្នាយ៉ាងល្អប្រសើរជាមួយមហាវិថីធំៗ ផ្លូវជាតិ និងខ្សែផ្លូវសំខាន់ៗដទៃទៀត ដូចជា នៅត្រើយខាងលិចតភ្ជាប់ជាមួយមហាវិថីឈុនគង់ (ដែលកំពុង​សាងសង់) រួចភ្ជាប់ទៅមហាវិថីសម្តេច ហ៊ុន សែន (ផ្លូវ ៦០ ម៉ែត្រ) ដោយរត់កាត់ពីលើនិងតភ្ជាប់ជាមួយផ្លូវជាតិលេខ២។ ដោយឡែក នៅត្រើយខាងកើតគឺស្ពាននេះនឹងតភ្ជាប់ទៅផ្លូវជាតិលេខ១ ដោយរត់កាត់ពីលើនិងតភ្ជាប់ជាមួយផ្លូវ​លេខ​១១០ ក្នុងទិសដៅចូលមករាជធានីភ្នំពេញ ឬចេញទៅខេត្តកណ្តាល ឆ្ពោះទៅកាន់តំបន់ភូមិសាស្ត្រពាក់ព័ន្ធផ្សេងទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

វៀតណាម បិទ​រោងចក្រ​ផលិត​សណ្តែកបណ្តុះ ក្រោយរកឃើញសារធាតុ​ពុល អាចឲ្យមនុស្សស្លាប់

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យ ៖ មានពលករខ្មែរ ០២ នាក់ ស្លាប់ និង ០២ នាក់ទៀត របួស ដោយសារការរញ្ជួយដីនៅប្រទេសថៃ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ការធ្វើដំណើរពីបរទេសទៅអាមេរិក ធ្លាក់ចុះខ្លាំងក្រោយ ត្រាំ ឡើងកាន់អំណាច

កីឡា១៤ ម៉ោង មុន

លោក Munoz ស្នើ​សុំ​ពេល​វេលា​សម​រម្យ​ដើម្បី​ត្រៀម​ខ្លួន​វគ្គ​ផ្តាច់​ព្រ័ត្រ AFC Challenge League

ព័ត៌មានជាតិ១៣ ម៉ោង មុន

សម្តេច ម៉ែន សំអន សាទរការដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្នាក់ការគណបក្ស និងសមិទ្ធផលនានា ដើម្បីបម្រើតម្រូវការពលរដ្ឋ

Sokha Hotels

ព័ត៌មានពេញនិយម