Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុនទេសចរណ៍ចិនចំនួន ២២ នឹងរៀបចំកញ្ចប់ដំណើរទស្សនកិច្ច មកកម្ពុជា

បានផុស

នៅ

ក្រុមហ៊ុនសហគ្រាសទេសចរណ៍នៅក្រុងចឹងចូវ និងខេត្តហឺណាន ប្រទេសចិនចំនួន ២២ ដែលជាក្រុមហ៊ុនរៀបចំកញ្ចប់ទស្សនកិច្ច, ក្រុមហ៊ុនអភិវឌ្ឍន៍រមណីយដ្ឋានទេសចរណ៍ និងសណ្ឋាគារលំដាប់ខ្ពស់ បានឯកភាពថា នឹងរៀបចំដំណើរទស្សនកិច្ច ស្វែងយល់បន្ថែមពីគោលដៅទេសចរណ៍ថ្មីៗរបស់កម្ពុជា ព្រមទាំងបង្កើតកញ្ចប់ទស្សនកិច្ចថ្មីៗ ដើម្បីទាក់​ទាញ​ភ្ញៀវទេសចិន និងបរទេស ពីខេត្តហឺណាន និងខេត្តជុំវិញ មកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើន ក្នុងគោលដៅជំរុញលំហូរភ្ញៀវទេសចរមកកម្ពុជាយ៉ាងហោចណាស់ ឱ្យបាន១លាននាក់ ក្នុង១ឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឯកភាពពីបណ្ដាក្រុមហ៊ុនទេសចរណ៍បានធ្វើឡើងខណៈ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍អនុញ្ញាតឱ្យ​ម្ចាស់ក្រុមហ៊ុនចិនទាំងនោះ ចូលជួបពិភក្សាការងារ បន្ទាប់ពីលោករដ្ឋមន្ត្រីដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរ​ណ៍ និងក្រុមកីឡាករ កីឡាការីនី ចូលរួមព្រឹត្តិការណ៍បើកពិធីបុណ្យក្បាច់គុនសៅលីញវូស៊ូអន្តរជាតិ លើកទី១៣​និងព្រឹត្តិការ​ណ៍ «ការសម្តែងក្បាច់គុនរួមគ្នា ល្បុក្កតោ-សៅលីញ ហឺណាន-កម្ពុជា»។

ក្នុងឱកាសនៃជំនួប លោករដ្ឋមន្រ្តី បានបញ្ជាក់ជូនអំពីសក្តានុពល និងគោលដៅទេសចរណ៍ ជាពិសេសឱកាសនៃការវិនិយោគនៅកម្ពុជា ជាមួយគោលនយោបាយលើកទឹកចិត្តរបស់រាជរដ្ឋាភិបាល។

នៅក្នុងរយៈពេល ៨ ខែឆ្នាំ ២០២៤ (មករា-សីហា) កម្ពុជាទទួលបានភ្ញៀវអន្តរ​ជាតិសរុប​ចំនួន​ជាង​ ៤,២៩ លាននាក់ (៤ ២៩១ ០៥៨) មានការកើនឡើង ២២,៥ ភាគរយ បើធៀបនឹង​រយៈ​ពេល​ដូចគ្នាក្នុងឆ្នាំ ២០២៣ ដែលមានចំនួន ៣,៥ លាននាក់។

យោងតាមក្រសួងទេសចរណ៍ ក្នុងចំណោមទេសចរអន្តរជាតិជាង ៤,២៩ លាននាក់ថៃឈរនៅ​លំដាប់​លេខ​រៀងទី ១ មានចំនួន ១ ៣៤០ ៧៥០ នាក់ កើន ១៣% វៀតណាមចំនួន ៨៦៨ ៤៤៥ កើន ៣៥,៣% ចិន ៥៣៨ ៨៣៤ កើន ៤៧,៧% ឡាវ ២៤២ ១០៤ កើន ១៣,៧% និង​អា​មេរិក ១៤០ ៨៥៧ កើនឡើង ១៧,៧%៕

រូបភាពតំណាង

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម