Connect with us

ព័ត៌មានជាតិ

បទល្មើសគ្រឿងញៀនជាង១ម៉ឺនករណី ត្រូវបានសមត្ថកិច្ចបង្ក្រាបក្នុងរយៈពេល១ឆ្នាំមកនេះ

បានផុស

នៅ

សមត្ថកិច្ចបង្ក្រាបបានបទល្មើសគ្រឿងញៀនចំនួនជាង ១ម៉ឺនករណី ក្នុងរយៈពេល១ឆ្នាំ នៃអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ មកនេះ ខណៈគ្រឿងញៀន និងសារធាតុគីមីសរុបប្រមាណជាង​ ៧តោន ត្រូវបានដុតបំផ្លាញចោល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺក្នុងរយៈពេល១ឆ្នាំមកនេះ សមត្ថកិច្ចបង្ក្រាបបានបទល្មើសគ្រឿងញៀនចំនួន ១០ ០០៨ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ២៧ ៨១៧នាក់ (ស្រី ២ ១៣០នាក់) ចាប់យកបានគ្រឿងញៀចំនួន ៧តោន ៥១៨គីឡូក្រាម កញ្ឆាស្រស់ចំនួន ២៦ ២៦៧ដើម កញ្ឆាស្ងួតចំនួន ៧២គីឡូក្រាម និងរឹបអូសបានសារធាតុគីមីផ្សំចំនួន ១តោន ៩២គីឡូក្រាម។

លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានបញ្ជាក់នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងាររបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤​ ថា ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សមត្ថកិច្ចបានដុតបំផ្លាញគ្រឿងញៀន និងសារធាតុគីមីចំនួន៧តោន និងជាង ៨១៤​គីឡូក្រាម រួមនឹងកញ្ឆាក្រៀម ៥គីឡូក្រាម។ ជាមួយគ្នានេះ មានសារធាតុគីមីផ្សំចំនួន ៣តោន និង២៥៤គីឡូក្រាមផ្សេងទៀត នឹងត្រូវបន្សាបតាមលក្ខណៈបច្ចេកទេសក្នុងពេលវេលាសមស្របនៅពេលក្រោយ។

នាយឧត្តមសេនីយ៍ អគ្គលេខាធិការ បន្ដថា តាមរយៈ App NoDrug មហាជនបានចូលរួមរាយការណ៍ពីបញ្ហាផ្សេងៗ និងបទល្មើសគ្រឿងញៀននៅតាមមូលដ្ឋានចំនួន ៤៣៨ករណី ដែលក្នុងនោះ ក្រុមការងារ និងសមត្ថកិច្ចបានឆ្លើយតប និងដោះស្រាយបាន២៣៨ករណី កំពុងដំណើរការដោះស្រាយ៧០ករណី ហើយ១៣០ករណីទៀត គឺជាចម្ងល់ផ្សេងៗ។

ចំពោះការងារផ្សព្វផ្សាយ អប់រំ បង្ការ ទប់ស្កាត់ និងបដិសេធគ្រឿងញៀន បានធ្វើសកម្មភាពផ្សព្វផ្សាយ អប់រំ ដោយផ្ទាល់ និងប្រយោលទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គឺបានផ្ដល់សារអប់រំដល់ប្រជាពលរដ្ឋប្រមាណជាង២៤លានអង្គ/នាក់ ក្នុងម្នាក់អាចចូលរួមទទួលសារអប់រំលើសពី១ដង។ តាមរយៈកម្មវិធីទូរស័ព្ទដៃ App Nodrug មានមហាជនជាង ៣ម៉ឺន៥ពាន់នាក់ បានទាញយក និងប្រើប្រាស់ដើម្បីទទួលបានព័ត៌មាន ការអប់រំស្តីពីបញ្ហាគ្រឿងញៀន និងរាយការណ៍។

គួរជម្រាបថា នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ លោក នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានអាជ្ញាធរគ្រឿងញៀន បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រយៈពេល១ឆ្នាំ ដែលធ្វើឡើងនៅវិមានសន្ដិភាព ដោយមានការចូលរួមពីឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ និងបណ្ដារដ្ឋមន្ដ្រី ថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ និងអភិបាលរាជធានី ខេត្ត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ នាទី មុន

មេទ័ពអ៊ីស្រាអែល ដើរជាន់មីនរបស់ក្រុមហាម៉ាស ស្លាប់ភ្លាមៗ

ព័ត៌មានជាតិ១១ នាទី មុន

លោក នេត សាវឿន ណែនាំឱ្យបន្តចាប់ដៃជាមួយអន្តរជាតិបង្រ្កាបគ្រឿងញៀន ដើម្បីបង្ហាញពីឆន្ទៈមុះមុតរបស់រដ្ឋាភិបាល

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

សេដ្ឋកិច្ចម៉ាឡេស៊ី​ ប៉ាន់ស្មាន​ថា​កើន​ឡើង​ ៥,៣ ភាគរយ​ នៅ​ត្រីមាស​ទី​៣​

ព័ត៌មានជាតិ១៦ នាទី មុន

បទល្មើសគ្រឿងញៀនជាង១ម៉ឺនករណី ត្រូវបានសមត្ថកិច្ចបង្ក្រាបក្នុងរយៈពេល១ឆ្នាំមកនេះ

សន្តិសុខសង្គម២៦ នាទី មុន

អភិបាលរាជធានី៖ រាល់សំណើពីអាជ្ញាធរខណ្ឌ និងសង្កាត់ ត្រូវតែជាសំណើដែលបានប្រឹងប្រែងអនុវត្តអស់ពីសមត្ថិភាព

Sokha Hotels

ព័ត៌មានពេញនិយម