Connect with us

កីឡា

លោក អាំង សិរីពិសិដ្ឋ ថ្លែង​ថា បាល់ទះកម្ពុជា​មិន​មែន​ជា​អ្នក​ជំងឺ​អាស៊ាន​ទៀត​ទេ

បានផុស

នៅ

លោកបណ្ឌិត​​ អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ និង​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​បាន​ថ្លែង​​ពី​វិស័យ​បាល់ទះ​កម្ពុជា​មិន​មែន​ជា​អ្នក​ជំងឺ​អាស៊ាន​​ទៀត​​ទេ​​ក្នុង​រយៈ​ពេល​ប្រមាណ​​៣​ឆ្នាំ​ចុង​ក្រោយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅ​ក្នុង​ពិធី​និវត្តន៍​ជា​ផ្លូវ​ការ​​របស់​អ្នក​លើក​បាល់ (អ្នក​ប៉ះ​សេ) និង​ជា​ប្រធាន​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា សួន ចាន់ណារ៉ូ ពី​ក្រុម​ជម្រើស​ជាតិ ​កាល​ពី​ល្ងាច​ថ្ងៃ​ទី​​២១ ខែ​តុលា ឆ្នាំ​២០២៤ លោក អាំង សិរីសិដ្ឋ បាន​លើក​ឡើង​ពី​ការ​​រីក​ចម្រើន​របស់​កីឡា​បាល់ទះ​កម្ពុជា​គួរ​ឲ្យ​កត់​សំគាល់​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​​​គឺ​ជា​ការ​រួម​ចំណែក​ដ៏​សំខាន់​របស់ សួន ចាន់ណារ៉ូ។ ការ​ចាក​ចេញ​របស់​ប្រធាន​ក្រុម​រូប​នេះ​គឺ​ជា​ការ​បាត់​បង់​ធន​ធាន​ដ៏​សំខាន់​នៅ​ក្នុង​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា ប៉ុន្តែ​លោក​សង្ឃឹម​ថា កីឡាករ​នឹង​មិន​ទៅ​ណា​ឆ្ងាយ​ពី​បាល់ទះឡើយ ហើយ​លោក​បើក​ទ្វារ​ចំហ​ជា​និច្ច សម្រាប់​ សួន ចាន់ណារ៉ូ ទាំង​កម្រិត​ជា​កីឡាករ ឬ​ក្រុម​ការងារ​គ្រូ​បង្វឹក។

លោក​បាន​លើក​ឡើង​ថា ៖«កាល​ពីមុន នរណា​ក៏​ចង់​នៅ​ពូល​ជា​មួយ​កម្ពុជា​ដែរ។ ប្រទេស​នៅ​តំបន់​អាស៊ាន​ចង់​ចាប់​ពូល​នៅ​ជា​មួយ​កម្ពុជា ព្រោះ​គេ​ងាយ​ស្រួល​ឈ្នះ។ យើង​ស្ទើរ​តែ​អាច​និយាយ​បាន​ថា ជិះ​យន្តហោះ​ទៅ​ប្រកួត​បង្គ្រប់​កិច្ច តែ​ឥឡូវ​នេះ​អត់​ទេ។ ឲ្យ​តែ​ចាប់​ពូល​គឺ​គេ​​ពិចារណា​ ខ្លាច​រអាហើយពី​ការ​នៅ​ពូល​ជា​មួយ​កម្ពុជា។ បច្ចុប្បន្ន​ យើង​ជា​ក្រុម​លំដាប់​កំពូល​ទាំង​៤​នៅ​តំបន់​អាស៊ាន។ បាល់ទះ​កម្ពុជា​យើង​មិន​មែន​ជា​អ្នក​ជំងឺ​នៅ​អាស៊ាន​ទៀត​ទេ»។

ជា​ការ​ពិត​ណាស់ ​គិត​ចាប់​តាំង​ពី​ឆ្នាំ​២០២១​ ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​បាន​បង្ក​ការ​ភ្ញាក់​ផ្អើលនៅ​ក្នុង​តំបន់​អាស៊ាន​​តាម​រយៈ​ការ​ប្រកួត​ផ្លូវ​ការ​ជា​ច្រើន។ ក្រុម​កម្ពុជា​បាន​យក​ឈ្នះ ហ្វីលីពីន ដែល​ជា​ម្ចាស់​មេដាយ​ប្រាក់​កីឡា​ស៊ីហ្គេម ឆ្នាំ​២០១៩ និង​បាន​យក​ឈ្នះ​​ក្រុម​ខ្លាំង​ថៃ​ដើម្បី​បង្កើត​ប្រវត្តិ​សាស្ត្រ​ដំបូង​ក្នុង​ការ​ឈ្នះ​មេដាយសំរិទ្ធ​ស៊ីហ្គេម​ ឆ្នាំ​២០២១។

នៅ​​ស៊ីហ្គេម ឆ្នាំ​២០២៣ កម្ពុជា​បាន​បន្ត​ឈ្នះ ហ្វីលីពិន និង​ឈ្នះ ថៃ ហើយ​ ​បាន​បង្កើត​ប្រវត្តិ​សាស្ត្រ​ថ្មី​បន្ថែម​ទៀត​ក្នុង​ការ​ឈ្នះ​មេដាយ​ប្រាក់​កីឡា​ស៊ីហ្គេម​ជា​លើក​ដំបូង។ កាល​ពី​ចុង​ឆ្នាំ​២០២៣ កម្ពុជា​បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ក្នុង​​ព្រឹត្តិការណ៍​កីឡា​ទ្វីប​អាស៊ី នៅ​ប្រទេស​ចិន បន្ទាប់​ពី​មិន​ធ្លាប់​ចូល​រួម​សោះ​ក្នុង​រយៈ​ពេល​ប្រមាណ​៥០​ឆ្នាំចុង​ក្រោយ​។

ឆ្នាំ​២០២៤ កម្ពុជា​បាន​អភិវឌ្ឍ​ខ្លួន​ទៅ​កាន់​ក្រុម​កំពូល​ទាំង​៤​ប្រចាំ​តំបន់​អាស៊ាន បន្ទាប់​ពី​បាន​ឈ្នះ​ជើង​ឯក​ក្នុង​ការ​ប្រកួត SEA V. League Challenge ឆ្នាំ​២០២៤ ដោយ​បាន​យក​ឈ្នះ ម៉ាឡេស៊ី សិង្ហបុរី និង ឡាវ ដើម្បី​ឡើង​ទៅ​កាន់​កម្រិត​ SEA V. ​League នៅ​ឆ្នាំ​២០២៥ ដែល​មាន​ឥណ្ឌូណេស៊ី ថៃ ហ្វីលីពីន និង កម្ពុជា ខណៈ​ពាន SEA V. League Challenge ឆ្នាំ​២០២៥ មាន​ វៀតណាម ម៉ាឡេស៊ី សិង្ហបុរី និង​ឡាវ។

និយាយ​រួម រហូត​ដល់​ពេល​នេះ មាន​តែ​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី​តែ​មួយ​គត់​នៅ​តំបន់​អាស៊ាន ដែល​​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​មិន​ធ្លាប់​ឈ្នះ។ ក្រៅ​ពី​នោះ​​គឺ​កម្ពុជា​ធ្លាប់​ឈ្នះ​អស់​ហើយ​ដូច​ជា ថៃ ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី សិង្ហបុរី និង​ឡាវ​ជា​ដើម។

សូម​បញ្ជាក់​ថា សួន ចាន់ណារ៉ូ បាន​ចូល​និវត្តន៍​ពី​ជម្រើស​ជាតិ​កម្ពុជា​ដោយសារ​សុខភាព​មិន​អំណោយ​ផល ហើយ​អាយុ​ក៏​កាន់​តែ​​ច្រើន។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ លោក​ក៏​ចង់​ផ្តល់​ឱកាស​ឲ្យ​យុវជន​ជំនាន់​ក្រោយ​បន្ត​វេន។ តាម​ពិត​ទៅ រូប​គេ​ធ្លាប់​បាន​ប្រកាស​ចូល​និវត្តន៍​ម្តង​ហើយ​ បន្ទាប់​ពី​ឈ្នះ​មេដាយ​សំរិទ្ធ​ស៊ីហ្គេម ឆ្នាំ​២០២១ ប៉ុន្តែ​ស៊ីហ្គេម ឆ្នាំ​២០២៣​ ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ត្រូវ​ការ​រូប​គេ​ដែល​ធ្វើ​ឲ្យ​រូប​គេលះ​បង់​គ្រប់​បែប​យ៉ាង​ដើម្បី​ចូល​រួម​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​ជា​ថ្មី​នា​ពីរ​ឆ្នាំ​ចុង​ក្រោយ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៣២ វិនាទី មុន

លោក អាំង សិរីពិសិដ្ឋ ថ្លែង​ថា បាល់ទះកម្ពុជា​មិន​មែន​ជា​អ្នក​ជំងឺ​អាស៊ាន​ទៀត​ទេ

ព័ត៌មានអន្ដរជាតិ៥ នាទី មុន

ទៅដល់អ៊ុយក្រែនស្ងាត់ៗ រដ្ឋមន្ត្រីការពារជាតិអាមេរិក ប្រាប់ ហ្សេលេនស្គី ថា ចង់បានអីនិយាយមក

ព័ត៌មានជាតិ៦ នាទី មុន

ផ្លូវជាតិលេខ ៣១ (បែកគុស-កំពង់ត្រាច) សម្រេច​​ស្ទើរ ១០០% ​មន្រ្តី​អះអាង​ធានាគុណភាព​បច្ចេកទេសសាងសង់

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

អតីត​ប្រធានាធិបតី​ប៉េរូ ជាប់គុក​២០ឆ្នាំពីបទ​លាង​លុយខ្មៅ និង​ពុករលួយ

ព័ត៌មានអន្ដរជាតិ៤២ នាទី មុន

អាមេរិក បារម្ភខ្លាំង រឿងកូរ៉េខាងជើង បញ្ជូនទាហានទៅជួយរុស្ស៊ី ប្រយុទ្ធជាមួយអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម