Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ កម្ពុជាមិនបានបោះចោលស្មារតីកិច្ចព្រមព្រៀងក្រុងប៉ារីស តែបានបញ្ជូលក្នុងរដ្ឋធម្មនុញ្ញ  

បានផុស

នៅ

ថ្ងៃទី២៣​ ខែតុលា ឆ្នាំ២០២៤ ជាខួប៣៣ឆ្នាំនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា (២៣ តុលា ឆ្នាំ១៩៩១)។ ក៏ប៉ុន្តែ ឱ្យតែដល់ខួបនៃកិច្ចព្រមព្រៀងនេះ តែងមានការលើកឡើងដដែលជាដដែលពីសំណាក់បុគ្គល ឬអ្នកនយោបាយប្រឆាំង ថា ស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ត្រូវបានបោះបង់ចោលដោយរាជរដ្ឋាភិបាលកម្ពុជា តែផ្ទុយទៅវិញ អ្នកនាំពាក្យ បានច្រានចោលចំពោះការចោទនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ថា ស្មារតីសំខាន់ៗនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ មិនត្រូវបានបោះចោលឡើយ ថែមទាំងត្រូវបានបញ្ចូលទៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងនៅជាធរមានសព្វថ្ងៃ។ លោកថា រាជរដ្ឋាភិបាលកំពុងតែអនុវត្តយ៉ាងម៉ឺងម៉ាត់តាមច្បាប់កំពូលនេះ ជាពិសេសការធានាសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។

ការលើកឡើងរបស់លោក ប៉ែន បូណា បន្ទាប់សង្កេតឃើញថា ក្រុមមាននិន្នាការប្រឆាំងនៅតែបន្តយកកិច្ចព្រមព្រៀងសន្តិភាព ២៣ តុលា ១៩៩១ មកវាយប្រហារលើរាជរដ្ឋាភិបាលកម្ពុជា។ ជាក់ស្ដែង បុគ្គល សម រង្ស៊ី អ្នកនយោបាយប្រឆាំងនៅក្រៅប្រទេស បានសរសេរនៅលើទំព័រហ្វេសប៊ុក នៅព្រឹកថ្ងៃទី២៣ ខែតុលានេះ ថា រដ្ឋាភិបាលកម្ពុជាបានបោះបង់ចោលនូវស្មារតីនៃខ្លឹមសារកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ​ពិសេសការរឹតត្បិតសេរីភាពនយោបាយ ការរំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ជាដើម។ លោក ប៉ែន បូណា ចាត់ទុកថា គ្រាន់ជារបៀបវារៈនយោបាយរបស់បុគ្គល សម រង្ស៊ី ប៉ុណ្ណោះ។  

លោក ប៉ែន បូណា បានហៅបុគ្គល សម រង្ស៊ី ថា ជាអ្នកនយោបាយបំផ្លាញសុខសន្តិភាព ពូកែលាបពណ៌ និងញុះញង់ បំភ្លៃប្រវត្តិសាស្ត្រ។ លោក សង្កត់ធ្ងន់ថា «អ្នកនយោបាយដូច សម រង្ស៊ី នេះហើយ ដែលគ្រោះថ្នាក់បំផុតសម្រាប់ប្រទេសជាតិ ជាអ្នកនយោបាយដែលបំផ្លាញសុខសន្តិភាព បំផ្លាញភាពសុខសាន្តរបស់ប្រជាពលរដ្ឋ បំផ្លាញស្ថេរភាពនយោបាយ តាយរយៈការប្រឌិត ញុះញង់ ចោទប្រកាន់ ដែលជាវប្បធម៌សាងឡើងដោយអ្នកនយោបាយឈ្មោះ សម រង្ស៊ី»។  

៣៣ឆ្នាំមុន ភាគីទាំង៤របស់កម្ពុជា រួមមាន សម្តេចតេជោ ហ៊ុន សែន តំណាងឱ្យរដ្ឋាភិបាលកម្ពុជា ចលនាតស៊ូហ៊្វុនស៊ិនប៉ិច តំណាងដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ឋិ រណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ដែលតំណាងដោយលោក សឺន សាន និងក្រុមចលនាកម្ពុជាប្រជាធិបតេយ្យ គឺតំណាងដោយលោក ខៀវ សំផន បានឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្រោមវត្តមានសាក្សីមកពី១៨ ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ ផងដែរ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។

មុននឹងឈានមកដល់កិច្ចព្រមព្រៀង នាទីក្រុងប៉ារីស ២៣ តុលា គឺសម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាដំបូងបំផុតជាមួយអតីតព្រះមហាក្សត្រខ្មែរ សម្តេចព្រះ នរោត្តម សីហនុ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ ១៩៨៧ នៅ FERE-EN-TARDENOIS ប្រទេសបារាំង ដែលការចរចានេះ មានសេចក្តីប្រកាសរួមឡាយព្រះហស្តលេខាដោយសម្តេចព្រះ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ដែលហៅថា ជំនួបចរចា សីហនុ-ហ៊ុន សែន FERE-EN-TARDENOIS។

បន្ទាប់មក ក៏មានកិច្ចចរចាបន្តរវាងសម្ដេចព្រះ នរោត្តម សីហនុ សម្ដេច ហ៊ុន សែន ជាបន្តបន្ទាប់។ ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែសង្រ្គាមស៊ីវិលនៅកម្ពុជា នៅបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)។ ប៉ុន្តែ ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន គឺបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង នៅឆ្នាំ១៩៩៨ ដែលកម្ពុជាទូទាំងប្រទេសបានស្គាល់នូវសន្តិភាពពេញលេញ និងសម្បូរសប្បាយរហូតមកដល់សព្វថ្ងៃ៕

អត្ថបទ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៩ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ជីវិតកម្សាន្ដ៦ ម៉ោង មុន

Jonathan អ្នកដឹកនាំសម្ដែងបានកែរប្លង់មួយចំនួន នឹងធ្វើការបកស្រាយ បីចំណុចធំក្នុងMVបទ”សែកមន្ត”

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

Sokha Hotels

ព័ត៌មានពេញនិយម