Connect with us

សេដ្ឋកិច្ច

ខុនដូបើកថ្មីជិត ១ ពាន់យូនីត ចាក់ចូលទីផ្សារក្នុងត្រីមាសទី៣

បានផុស

នៅ

ចំនួនខុនដូសរុប ៩៧០ យូនីត ត្រូវបានផ្គត់ផ្គង់ទៅលើទីផ្សារអចលនទ្រព្យនៅក្នុងត្រីមាសទី ៣ ឆ្នាំ ២០២៤។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន CBRE Cambodia។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី គឹម គិនកេសា នាយកគ្រប់គ្រងនៃក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍​ថា សកម្មភាពបើកលក់ថ្មី មានការថយថយចុះច្រើន បើប្រៀបធៀប​ជាមួយឆ្នាំ​មុនៗ។ អ្នកស្រីថា សកម្មភាពទិញលក់មានសន្ទុះជាងមុនបន្តិច ប៉ុន្តែភាគច្រើនជាការលក់​ត្រឡប់ទៅ​វិញ។

អ្នកស្រី គឹម គិនកេសាប្រាប់ថា គម្រោងថ្មីៗ នៅក្នុងកម្រិតមធ្យមនៅឡើយ ដោយសារតែ​មិន​មាន​គម្រោងបើកថ្មី នៅចំពេលដែលគ្មានទុនវិនិយោគពីបរទេសលើវិស័យមួយនេះ។

អ្នកជំនាញរូបនេះ បញ្ជាក់ថា៖ «រយៈពេលវែង ខ្ញុំគិតថា នៅតែមានបរទេសគាត់វិនិយោគ គ្រាន់​តែថា ការវិនិយោគរបស់គាត់ វាអាចមានលក្ខណៈ ជ្រើសរើសជាងមុន ទាក់ទង​នឹងគុណភាព ទីតាំង​ខុនដូដែលគាត់ទិញ»។

លោកបណ្ឌិត គីម ហ៊ាង អគ្គនាយកបុរី វិមានសំណាង បានលើកឡើងថា គម្រោង បុរី ខុនដូ ដែលដំណើរការដល់បច្ចុប្បន្ន ជាគម្រោងដែលបានឆ្លងកាត់វិបត្តិរួចហើយ។

លោកបណ្ឌិត​ គីម ហ៊ាង យល់ឃើញថា ក្នុងឆ្នាំ ២០២៤ ការទិញ លក់ អចលនទ្រព្យ ចាប់ផ្ដើមកម្រើកឡើងវិញ ប៉ុន្តែមិនច្រើនដូចមុនពេលកូវីដ១៩ នោះទេ។

លោកបណ្ឌិត គីម ហ៊ាង បានបញ្ជាក់ថា តម្លៃបុរី ខុនដូ នីមួយៗ មានស្ថានភាពខុសគ្នា និយាយ​ពីម្ចាស់​បុរី ប្រសិនបើចរន្តសាច់ប្រាក់របស់គាត់អាចទប់បាន គឺគាត់មិនចុះថ្លៃទេ ប៉ុន្តែបុរី​មួយ​ចំនួន ចរន្ត​សាច់​ប្រាក់មានបញ្ហា ដូច្នេះចង់មិនចង់ គាត់អាចនឹងចុះថ្លៃក្នុង​កម្រិត​មួយច្រើន ហើយ​ក៏មាន​បុរីខ្លះ​ក៏ដំណើរការតាមដំណើរ។

ក្នុងឆមាសទី១ ឆ្នាំ ២០២៤ តម្លៃខុនដូជាមធ្យមសម្រាប់តម្លៃ ២ ៧០០ ដុល្លារ កម្រិតមធ្យមជិត ២ ពាន់ដុល្លារ និងតម្លៃសមរម្យ ១ ៤៥០ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ ជាមួយគ្នានេះ តម្លៃ​នៃ​ការ​លក់​ខុនដូប្រណីត បានកើនឡើងតិចតូច ០,៣% កម្រិតមធ្យមធ្លាក់ចុះជិត ៦% និង​តម្លៃ​សមរម្យ​នៅត្រឹម ៩,៩%។

យោងតាម CBRE នៅត្រីមាសទី៣ ឆ្នាំ ២០២៤ បង្ហាញថា វិស័យអចលនទ្រព្យ និងសំណង់នៅកម្ពុជាមានកំណើនយឺត ដោយការវិនិយោគភាគច្រើនបានហូរចូលទៅក្នុងវិស័យឧស្សាហកម្ម ទេសចរណ៍ និងកសិកម្ម។

ចំណែកទំហំវិនិយោគក្នុងឆ្នាំ២០២៤ ត្រូវបានគេព្យាករណ៍ថា នឹងមានកំណើនខ្ពស់បំផុតដល់ ៥,៥ពាន់​លាន​ដុល្លារអាម៉េរិក៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម