Connect with us

ព័ត៌មានអន្ដរជាតិ

IMF៖ គោលនយោបាយពន្ធពាណិជ្ជកម្មដូចរបស់ ត្រាំ អាច​ប៉ះពាល់​កំណើនសេដ្ឋកិច្ចសកល

បានផុស

នៅ

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានក្នុង​របាយការណ៍​ទស្សនវិស័យសេដ្ឋកិច្ចពិភពលោកចុងក្រោយរបស់​ខ្លួន ​ថា ​​វិធានការ​​ពន្ធ​លើ​ពាណិជ្ជកម្ម ​ដែល​ជា​ទំនោរ​គោលនយោបាយការពារ​និយម​​របស់​បេក្ខជនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ​ អាច​ប៉ះពាល់​ដល់​កំណើន​សេដ្ឋកិច្ច​សកល​។ នេះ​បើ​តាម​​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​អន្តរជាតិ​ធំ​ផ្សេង​ៗ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថាប័ន​ផ្ដល់​ប្រាក់​កម្ចី​អន្តរជាតិ​ ​ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនដដែល​ ​មិន​បាន​ចុច​ចំ​ឈ្មោះ​លោក​ ត្រាំ​ នោះ​ទេ​ ប៉ុន្តែ​ថា​ វិធានការ​ដំឡើង​ពន្ធ​បង្កឱ្យមានសង្រ្គាមពាណិជ្ជកម្មសង​សឹក​គ្នា​ទៅ​វិញ​ទៅ​មក​ ដែលធ្វើ​ឱ្យ​ខូច​ខាត​សេដ្ឋកិច្ចដល់​ប្រទេស​ដែល​ពាក់​ព័ន្ធ​ក្នុង​ជម្លោះ​ និង​សេដ្ឋកិច្ច​ពិភព​លោក​ទាំង​មូល​។

IMF បាន​ឱ្យដឹង​ថា​ មានការកើនឡើងយ៉ាងខ្លាំងនៃចំនួន «វិធានការបង្ខូចទ្រង់ទ្រាយពាណិជ្ជកម្ម» ដែលបានអនុវត្តដោយប្រទេសនានា​ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយ ដោយ​កើន​ឡើង​ពី​ ១ ០០០ ករណី​ នៅ​ឆ្នាំ​ ២០១៩ ដល់​ ៣ ០០០ ករណី​ នៅ​ឆ្នាំ​ ២០២៤​ ​ខណៈរលក​ថ្មី​នៃវិធានការ​ពន្ធ​ នឹងបង្កើតគ្រោះថ្នាក់បន្ថែមទៀត។

ប្រធានសេដ្ឋវិទូរបស់ IMF លោក Pierre-Olivier Gourinchas ​បាន​ថ្លែង​ថា ពិភពលោក​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​រក​ចំណុច​ដែល​ធ្វើ​ឱ្យ​​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ ដោយ​ «វិធានការបង្ខូចទ្រង់ទ្រាយពាណិជ្ជកម្មទាំងនេះជាច្រើន អាចឆ្លុះបញ្ចាំងពីការសម្រេចចិត្តរបស់ប្រទេសដែល​អាត្មានិយម​ ហើយ​ទីបំផុត អាច​នឹង​​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក ​​ក៏ដូច​ជា​ប្រទេស​ខ្លួន​ឯង​ផ្ទាល់​ដែល​អនុវត្ត​វា​»។ លោក​បន្ត​ថា​​​ ​ផល​ប៉ះពាល់​លើ​​ពាណិជ្ជកម្ម​ពិភពលោក​ ក៏​ធ្វើ​ឱ្យ​​ប្រជាជន​ក្នុង​ប្រទេស​ដែល​​អនុវត្ត​វិធានការ​ពន្ធ​ កាន់តែ​ក្រីក្រ​ផង​ដែរ​​។

របាយការណ៍​​របស់ IMF ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ​ បាន​ព្យាករ​ថា​ ពិភព​លោក​នឹង​មើល​ឃើញ​ពី​កំណើន​សេដ្ឋកិច្ច​ ៣,២ ភាគរយ​ សម្រាប់​ឆ្នាំ​ ២០២៤ និង​ឆ្នាំ​ ២០២៥។ យ៉ាង​ណា​មិញ​ ស្ថាប័ន​ហិរញ្ញវត្ថុ​ដដែល​បាន​លើក​ វិធានការ​ពន្ធខ្ពស់​លើ​ពាណិជ្ជកម្មពិភពលោកត្រឹម​ពាក់កណ្តាលឆ្នាំក្រោយ អាចកាត់បន្ថយ ០,៨ ភាគរយ​ នៃ​កំណើន​សេដ្ឋកិច្ច​ឆ្នាំ​ ២០២៥ និង​ ១​,៣ ភាគរយ​ នៅ​ឆ្នាំ​ ២០២៦​។ ​

ការ​ព្រមាន​របស់​ IMF ដែល​ចាត់​ទុក​សហរដ្ឋអាមេរិក​ថា​ជា​ «ម៉ាស៊ីន​សម្រាប់​កំណើន​សេដ្ឋកិច្ច​សកល​» ធ្វើ​ឡើង​ចំពេល​ដែល​សហរដ្ឋ​អាមេរិក​ត្រៀម​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​នា​ដើមខែ​វិច្ឆិកា​ខាង​មុខ​។

លោក​ ត្រាំ​ ដែល​ជាគូប្រជែង​របស់​លោក​ស្រី​ កាម៉ាឡា ហារីស​ លើ​ការ​បោះ​ឆ្នោត​ កន្លង​មក​បាន​បង្កើន​វោហាសាស្រ្ត​របស់​ខ្លួន​ម្ដង​ហើយ​ម្ដង​ទៀត​ស្ដី​ពី​ការ​ដំឡើង​ពន្ធ​លើ​ទំនិញ​នាំ​ចូល​ ជា​ពិសេស​​ពីម៉ិកស៊ិក និង​ចិន​។ លោក ត្រាំ​ ​បាន​​​ប្តេជ្ញា​ដាក់​ពន្ធ​ ១០ ភាគរយ​ លើ​គ្រប់​មុខ​ទំនិញ​ដែល​នាំ​ចូល​ទៅ​អាមេរិក​ និង​ ៦០ ភាគរយ​ លើ​ទំនិញ​នាំ​ចូល​ពី​ប្រទេស​ចិន​ ខណៈ​រដ្ឋបាល​អាមេរិក​ ដែលបច្ចុប្បន្ន​​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​របស់​លោក​ប្រធានាធិបតី​ ចូ បៃដិន​ ក៏​ពង្រឹង​លើ​វិធានការ​​ពន្ធ​ផង​ដែរ​។

មិន​ត្រឹម​តែ​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ​ទេ​ ដែល​​ពង្រឹង​​គោលនយោបាយ​ការពារ​និយម​របស់​ខ្លួន​ ប្រទេស​លោក​ខាង​លិច​ផ្សេង​ៗ​ទៀត​ ដូច​ជា​ សហភាព​អឺរ៉ុប​ និង​កាណាដា​ ក៏​ប្រកាន់​ខ្ជាប់​នូវ​វិធានការ​ដូច​គ្នា​ផង​ដែរ​ ដោយ​ភាគ​ច្រើន​ផ្ដោត​គោលដៅ​លើ​ប្រទេស​ចិន​។ ការណ៍​នេះ​ បាន​បង្ក​ជា​ការ​សង​សឹក​ពី​ក្រុង​ប៉េកាំង​ ដែល​​កន្លង​មក​ បាន​ដាក់​វិធានការ​ឆ្លើយ​តប​មួយ​ចំនួន​ ជា​ពិសេសលើ​ទំនិញ​ដែល​នាំ​ចូល​ពី​អឺរ៉ុប​ទៅ​ចិន​។

ក្រៅ​តែ​ហានិភ័យ​ពាណិជ្ជកម្ម​ របាយការណ៍​ទស្សនវិស័យសេដ្ឋកិច្ចពិភពលោករបស់​ IMF ក៏​បាន​គូស​បញ្ជាក់​ពី​ហានិភ័យផ្សេងៗ​ទៀត​ ​រួម​មាន​ទាំង​លទ្ធភាព​នៃ​ការកើនឡើង​តម្លៃប្រេង និងទំនិញផ្សេង​ៗ​ ​ដែល​រួម​ចំណែក​ដោយ​ជម្លោះនៅមជ្ឈិមបូព៌ា និងអ៊ុយក្រែន​ជាដើម​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម