ព័ត៌មានជាតិ
ថ្ងៃ២៣ តុលា៖ រដ្ឋមន្ត្រីមហាផ្ទៃប្រកាសប្រឆាំងចំពោះអ្នកចង់បំផ្លាញសន្តិភាព ដែលរកដោយលំបាក
ខួប៣៣នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ ឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញសារអបអរសាទរ និងសម្ដែងការដឹងគុណចំពោះវីរៈភាពរបស់សម្ដេចព្រះ នរោត្តម សីហនុ និងសម្ដេចតេជោ ហ៊ុន សែន ដែលបាននាំសុខសន្តិភាពឱ្យកម្ពុជា។ រដ្ឋមន្ត្រីមហាផ្ទៃ ក៏ប្រកាសប្រឆាំងចំពោះអ្នកចង់បំផ្លាញសន្តិភាពដែលរកមកដោយលំបាកនេះ។
លោកឧបនាយករដ្ឋមន្ត្រី ស សុខា បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ ថា៖ «មរតកសមិទ្ធផលនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ក្រោមព្រះរាជតម្រិះដ៏ថ្លៃថ្លារបស់ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ និងគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវសុខសន្តិភាពពេញបរិបូរណ៍ និងការអភិវឌ្ឍគ្រប់វិស័យ»។
ក្នុងនាមជាពលរដ្ឋខ្មែរមួយរូប លោក ស សុខា ក៏បានបង្ហាញនូវការចងចាំជានិច្ចចំពោះគុណូបការៈដ៏ឧដុង្គឧត្តមនៃព្រះករុណា សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងសម្តេចតេជោ ហ៊ុន សែន ដែលជាមហារដ្ឋបុរស បានពូនជ្រំ និងដឹកនាំកម្ពុជា ដោយកិច្ចចរចាសន្តិវិធី ក្នុងការបង្រួមបង្រួម និងផ្សះផ្សាជាតិពីការបែកបាក់ពហុភាគី មកជាធ្លុងមួយ ក្នុងស្មារតីខ្មែរតែមួយ បុព្វហេតុតែមួយ ដែលនេះជាកាលានុវត្តភាព និងជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការស្តារ និងអភិវឌ្ឍជាតិ។
ភ្ជាប់នឹងការសាទរ និងសម្ដែងការដឹងគុណខាងលើ ប្រមុខក្រសួងមហាផ្ទៃរូបនេះ ក្នុងនាមថ្នាក់ដឹកនាំបន្តវេនមួយរូប បានប្រកាសប្រឆាំងដាច់ខាតចំពោះបុគ្គលទាំងឡាយណា មានបំណងបំផ្លាញសន្តិភាពនៅកម្ពុជា ដែលថ្នាក់ដឹកនាំជំនាន់មុនតស៊ូជម្នះរាល់ឧបសគ្គ ខិតខំប្រឹងប្រែងស្វែងរកបានដោយលំបាក ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។
គួរជម្រាបថា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ ជាថ្ងៃខួបលើកទី៣៣ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១ – ២៣ តុលា ២០២៤)។ ៣៣ឆ្នាំមុន ភាគីទាំង ៤របស់កម្ពុជា បានឈានទៅចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព នៅទីក្រុងប៉ារីស ក្រោមវត្តមានសាក្សីមកពី ១៨ប្រទេស រួមទាំងអគ្គលេខាធិការអង្គការសហប្រជាជាតិ ផងដែរ ដើម្បីបញ្ចប់សង្រ្គាមស៊ីវិលនៅកម្ពុជា។
ទោះបីមានកិច្ចព្រមព្រៀងសន្តិភាពប៉ារីស ២៣ តុលា ១៩៩១ ក៏ពិតមែន ប៉ុន្តែសង្រ្គាមស៊ីវិលនៅកម្ពុជា នៅតែបន្តដែលបង្កដោយភាគីកម្ពុជាប្រជាធិបតេយ្យ (ប៉ុលពត)។ ប៉ុន្តែ ក្រោមនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន គឺបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុង នៅឆ្នាំ១៩៩៨ ដែលកម្ពុជាទូទាំងប្រទេសបានស្គាល់សុខសន្តិភាពពេញលេញ និងសម្បូរសប្បាយរហូតមកដល់សព្វថ្ងៃ៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍១ សប្តាហ៍ ago
តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង
-
ចរាចរណ៍៣ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនជនដៃដល់បាញ់លោក លិម គិមយ៉ា ទៅឱ្យថៃវិញ តាមសំណើររបស់នគរបាលថៃ ស្របតាមច្បាប់ បន្ទាប់ពីបញ្ចប់នីតិវិធី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងការពារជាតិកំពុងពិនិត្យករណីអ្នកលក់អនឡាញយកឡានសារ៉ែនបើកផ្លូវទៅចូលរួមមង្គលការ