Connect with us

សន្តិសុខសង្គម

ឧកញ៉ា ហ៊ួត ជា ស្នើឲ្យម្ចាស់ពាក្យបណ្ដឹងមានងារជា អ្នកឧកញ៉ា ដកពាក្យបណ្ដឹងងាកមកចរចាគ្នាដោយសន្តិវិធី

បានផុស

នៅ

បន្ទាប់ពីរងពាក្យបណ្ដឹងពីអ្នកមានកំពូលមានងារជា អ្នកឧកញ៉ា រួចមក លោកឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុនសំណង់ ហ៊ួត ជា គ្រុប បានស្នើឲ្យម្ចាស់ពាក្យបណ្ដឹងដកពាក្យបណ្ដឹងវិញ និងងាកមកចរចាគ្នាដោយសន្តិវិធីវិញ។ ការស្នើសុំឲ្យម្ចាស់ពាក្យបណ្ដឹងមានងារជា អ្នកឧកញ៉ា ដកពាក្យបណ្ដឹងនេះ គឺដោយសារលោកមានគ្រួសារ និងបុគ្គលិកច្រើន ដែលជាទំនួលខុសត្រូវជីវភាព។ តែទោះយ៉ាងណា លោកឧកញ៉ា ហ៊ួត ជា អះអាងថា លោកនឹងចូលបំភ្លឺតាមដីការកោះហៅរបស់តុលាការនៅពេលឆាប់ៗនេះ។ នេះបើតាមសំណេររបស់លោកឧកញ៉ា ហ៊ួត ជា នៅលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន កាលពីថ្ងៃទី២៣តុលាម្សិលមិញនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសំណេរនៅលើទំព័រហ្វេសប៊ុក លោកឧកញ៉ា ហ៊ួត ជា ក៏សូមឲ្យថ្នាក់ដឹកនាំ ក៏ដូចជាមិត្តភក្ដិជួយដល់លោកផង ហើយក្នុងសំណេរនោះលោកឧកញ៉ាក៏បានបង្ហើបឈ្មោះម្ចាស់ពាក្យបណ្ដឹងមានងារជា អ្នកឧកញ៉ា ជាអក្សរកាត់ថា ស.ឬ ដែលធ្វើឲ្យមហាជននៅតែមិនដឹងថា ម្ចាស់ពាក្យបណ្ដឹងនោះជាអ្នកមានកំពូលមួយណា។

សូមរំលឹកថា កាលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤ លោកឧកញ៉ា ហ៊ួត ជា អគ្គនាយកក្រុមហ៊ុនសំណង់ ហ៊ួត ជា គ្រុប បាន​បង្ហើប​ឱ្យដឹងថា អ្នកមានកំពូលម្នាក់​មានងារជា «អ្នកឧកញ៉ា» ដែល​ជា​ម្ចាស់​គម្រោង​សាងសង់​ដ៏​ធំ​មួយ​នៅ​រាជធានីភ្នំពេញ បាន​ទិញ​ការ៉ូ​ពី​លោក​ជា​ច្រើន​មិនទាន់​សងប្រាក់​គ្រប់​ចំនួន ហើយ​បែរ​ជា​មក​ប្តឹង​លោក​ថែម​ទៀត។

តាមការបកស្រាយលើទំព័រហ្វេសប៊ុក ​នា​ព្រលប់​ថ្ងៃចន្ទ​ លោកឧកញ៉ា ហ៊ួត ជា បានឱ្យដឹងថា ក្នុងបទពិសោធន៍​ជា​អ្នករកស៊ី​ជាង ១៤ឆ្នាំ​មក​នេះ និង​មាន​សាខា​ធំៗជាង ៥០ទូទាំងប្រទេស លោក​តែងតែ​ប្រកាន់​គោលការណ៍​ស្មោះត្រង់ជានិច្ច​ជាមួយ​អតិថិជន។ ទោះយ៉ាងណា រយៈពេល១ឆ្នាំមកនេះ លោក​បាន​ជួប​រឿង​មួយ ដែល​មាន​អ្នកឧកញ៉ាម្ចាស់គម្រោងធំមួយ នៅរាជធានីភ្នំពេញ បាន​ទិញ​ការ៉ូ​ពី​ក្រុមហ៊ុន​លោក ដោយ​ផ្តល់សែកឱ្យ​ ៣០% ហើយលោក​ក៏​បាន​តម្កល់​សែក​ឱ្យ​វិញ​ផង​ដែរ​ ព្រមទាំង​មាន​កិច្ចសន្យាច្បាស់លាស់​ថែម​​ទៀត។

ទោះមានការស្នើសុំឲ្យដកពាក្យបណ្ដឹងពីសំណាក់ចុងបណ្ដឹងយ៉ាងណាក្ដី រហូតមកដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ ភាគីម្ខាងទៀតដែលមានងារជា អ្នកឧកញ៉ា ជាម្ចាស់បណ្ដឹងប្ដឹងលោកកឧកញ៉ា ហ៊ួត ជា នៅមិនទាន់ចេញមកអះអាង ឬបង្ហាញអត្តសញ្ញាណនៅឡើយទេ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម