Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ថា​ បទ​ឈប់​បាញ់​ឆាប់​រហ័ស​នៅ​ហ្គាហ្សាជា​កូន​សោ​ដោះស្រាយ​ភាព​តានតឹង​ក្នុង​តំបន់

បានផុស

នៅ

​បទ​ឈប់​បាញ់​ឆាប់​រហ័ស និង​ការ​បញ្ចប់​សង្គ្រាម​នៅ​ក្នុង​​តំបន់​ហ្គាហ្សា គឺ​ជា​កូន​សោ​ដែល​អាច​ដោះស្រាយ​​ភាព​តាន​តឹង​នៅ​ក្នុង​​តំបន់។ នេះ​ជា​ការ​លើក​ឡើង​របស់​លោក ស៊ី ជីនពីង ប្រធានាធិបតី​ចិន​ ក្នុង​ជំនួប​ជាមួយ​លោក Masoud Pezeshkian ប្រធានាធិបតី​អ៊ីរ៉ង់ អំឡុង​ពេល​កិច្ច​ប្រជុំ​កំពូល BRICS នៅ​ប្រទេស​រុស្ស៊ី កាល​ពី​ថ្ងៃ​ទី​២៣​ខែ​តុលា។

លោក Masoud Pezeshkian និង​លោក Xi Jinping (រូបភាព៖ Xinhua)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអត្ថាធិប្បាយនេះ ត្រូវបានធ្វើឡើងក្នុងពេលដែលប្រទេសជុំវិញពិភពលោកកំពុងអំពាវនាវឲ្យ​មានបទឈប់បាញ់នៅហ្គាហ្សា ដោយ​ក្នុង​នោះ​រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃទី​២៣​ខែតុលាបាន​ជំរុញឲ្យ​បញ្ឈប់ការប្រយុទ្ធគ្នានៅតំបន់ហ្គាហ្សា និងដំណោះស្រាយការទូតចំពោះជម្លោះនៅលីបង់។

ក្រៅ​តែ​​និយាយ​ពី​បញ្ហា​សង្គ្រាម​នៅ​ហ្គាហ្សា លោក ស៊ី ជីនពីង បាន​​ប្រាប់​​ថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ នឹង​​បង្កើន​​កិច្ច​សហ​ប្រតិបត្តិការ​មិត្តភាព​ឥត​ងាក​រេ​ជាមួយ​ក្រុង​តេហេរ៉ង់ បើ​ទោះ​​ជា​ស្ថានភាព​​ក្នុង​តំបន់ និង​អន្តរជាតិ​កំពុង​ផ្លាស់ប្ដូរ​ក៏​ដោយ។ មេ​ដឹក​នាំ​ចិន បាន​បន្ថែម​ថា អ៊ីរ៉ង់​ជា​ប្រទេស​មួយ​ដែល​មាន​ឥទ្ធិពល​ក្នុង​តំបន់ និង​អន្តរជាតិ​ដ៏​សំខាន់ ហើយ​និង​ជាមិត្ត ក៏​ដូចជា​ដៃគូ​ដ៏​ល្អ​របស់​ចិន។

លោក ស៊ី បាន​បន្ត​ទៀត​ថា ភាគីចិនគាំទ្រអ៊ីរ៉ង់ក្នុងការការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងសេចក្តីថ្លៃថ្នូររបស់ជាតិ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ព្រមទាំងធ្វើឲ្យប្រសើរឡើង និងស៊ីជម្រៅនូវទំនាក់ទំនងល្អ និងមិត្តភាពជាមួយប្រទេសជិតខាង៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម