Connect with us

ព័ត៌មានជាតិ

ទូក ង មហានាគ វត្តនាគវ័ន្ត បានត្រៀមលក្ខណៈរួចរាល់ដើម្បីប្រកួត ខណៈកីឡាករកំពុងប្រឹងប្រែងហ្វឹកហាត់

បានផុស

នៅ

ទូក ង នៅតាមបណ្តាវត្តក្នុងរាជធានីភ្នំពេញ បានត្រៀមលក្ខណៈរួចជាស្រេចដើម្បីចូលរួមប្រកួតក្នុងពិធីបុណ្យអុំទូកថ្នាក់ជាតិនាពេលខាងមុខ ខណៈក្រុមកីឡាករចំណុះទូក បាននិងកំពុងបន្តការប្រឹងប្រែងហ្វឹកហាត់សមជាប្រចាំ នៅតាមទីតាំងរបស់ខ្លួនរៀងៗខ្លួន ដើម្បីត្រៀមសម្រាប់ការប្រកួត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចាន់ បណ្ឌិត អភិបាលរងខណ្ឌទួលគោក និងជាប្រធានគណៈកម្មការគ្រប់គ្រងទូក ង មហានាគ វត្តនាគវ័ន្ត បានឱ្យដឹងថា ទូក និងច្រវ៉ា បានត្រៀមរួចជាស្រេច ដោយមានលាបពណ៌តែងលម្អរួចរាល់ ខណៈក្រុមកីឡាករជិត១០០នាក់ បាននិងកំពុងយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់សមកម្លាំង និងសមត្ថភាពរបស់ពួកគេជាប្រចាំ។ លោកបន្ថែមថា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ ក្រុមកីឡាករទាំងអស់នៅតាមបណ្ដាខេត្ត នឹងឡើងចូលមករាជធានីភ្នំពេញ ដើម្បីត្រៀមប្រកួតថ្នាក់រាជធានី នៅថ្ងៃទី១២ និងបន្តប្រកួតថ្នាក់ជាតិ នៅថ្ងៃទី១៤ ,១៥ និង១៦ ។

ព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មានតាំងពីបូរមបុរាណ យូរលង់មកហើយ ដែលមានចែងក្នុងឯកសាររបស់ប្រវត្តិវិទូបរទេស ក៏ដូចជាតាមសិលាចារឹក នៃប្រាសាទអង្គរ។ ពិធីនេះបានទទួលការនិយមគាំទ្រពីសំណាក់ប្រជាពលរដ្ឋគ្រប់ទិសទី ហើយនាំគ្នាប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយមានការប្រណាំងទូកអុំ និងទូកចែវបុរស-នារី បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្លុះបញ្ចាំងពីជំនឿសាសនាយ៉ាងមុតមាំ។ ក្នុងឱកាសនោះ គេសង្កេតឃើញប្រជាពលរដ្ឋមកពីបណ្ដាខេត្ត ក្រុងមួយចំនួនយកទូកមកប្រណាំងដណ្ដើមយកជ័យជម្នះ ឱ្យខេត្តរបស់ខ្លួនទៀតផង។

សូមបញ្ជាក់ថា ព្រះរាជពិធីបុណ្យអ៊ុទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក នឹងប្រារព្ធឡើងរយៈពេល០៣ថ្ងៃ គឺនៅថ្ងៃទី១៤ .១៥ .១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ៕

អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម