Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល ណែនាំនិស្សិតទៅសិក្សានៅបារាំង ត្រូវខិតខំសិក្សា យកចំណេះដឹងមកអភិវឌ្ឍន៍ប្រទេសជាតិវិញ

បានផុស

នៅ

លោក​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ធ្វើការ​ណែនាំ​ដល់​និស្សិត​ថ្នាក់​វេជ្ជបណ្ឌិត​ឯកទេស​ដែល​បាន​ទទួល​អាហារូបករណ៍​ទៅ​បន្ត​សិក្សា​នៅ​សាធារណរដ្ឋ​បារាំង ត្រូវ​ខិតខំ​សិក្សា​រៀន​សូត្រ ដើម្បី​នាំ​យក​នូវ​ចំណេះដឹង​មក​អភិវឌ្ឍន៍​ប្រទេស​ជាតិ​វិញ និង​ចែករំលែក​ចំណេះដឹង​ទាំងនោះ​ដល់​និស្សិត​ជំនាន់​ក្រោយ​ជា​បន្ត​ទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​រដ្ឋមន្ត្រី​ បាន​ណែនាំ​បែបនេះ ​កាលពី​រសៀល​ថ្ងៃទី​ ២៥​ តុលា ក្នុង​ឱកាស​អញ្ជើញ​ចូលរួម​ពិធី​សំណេះសំណាល​ជាមួយ​និស្សិត​ថ្នាក់​វេជ្ជបណ្ឌិត​ឯកទេស ដែល​បាន​ទទួល​អាហារូបករណ៍​ទៅ​បន្ត​សិក្សា​នៅ​សាធារណរដ្ឋ​បារាំង ចំនួន ១២៤​ រូប និង​និស្សិត​កំពុង​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល។

លោក​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការ​កោតសរសើរ​ចំពោះ​ការ​ខិតខំ​របស់​និស្សិត​ជ័យលាភី​ទាំងអស់ និង​បាន​ផ្តល់នូវ​អនុសាសន៍​ចែករំលែក​នូវ​បទពិសោធ និង​រំលឹក​អនុស្សាវរីយ៍ ក្នុងអំឡុង​ពេល លោក​សាស្ត្រាចារ្យ កំពុង​សិក្សា​នា​ពេលនោះ ដល់​និស្សិត ដើម្បី​ជា​គន្លឹះ​ក្នុង​ការ​សិក្សា​ដូចជា​ ត្រូវ​ថែរក្សា​សុខភាព ខិតខំ​កត់ត្រា បង្កើត​ទំនាក់ទំនង​ឱ្យ​បានល្អ​អំឡុងពេល​សិក្សា​ និង​ក្រោយ​សិក្សា និង​ត្រូវ​ខិតខំ​ឱ្យ​ក្លាយជា​ធនធាន​សម្រាប់​ប្រទេសជាតិ ដើម្បី​នាំយក​នូវ​ចំណេះដឹង​មក​អភិវឌ្ឍន៍​ប្រទេស និង​ចែករំលែក​ដល់​និស្សិត​ជំនាន់​ក្រោយ។

ក្នុង​ឱកាស​នោះ​ដែរ តាមរយៈ​ឯកអគ្គរដ្ឋទូត ​នៃ​សាធារណរដ្ឋ​បារាំង​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា លោក​រដ្ឋមន្ត្រី បាន​សូម​សំណូមពរ​រដ្ឋាភិបាល​បារាំង មេត្តា​បន្ត​ជួយ​គាំទ្រ​បន្ថែម​ទៀត​ដល់​ការ​បណ្ដុះបណ្ដាល ការ​ស្រាវជ្រាវ នវានុវត្តន៍ នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ជាពិសេស​ការ​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល។

ជាមួយ​គ្នា​នេះ​ដែរ លោក​រដ្ឋមន្ត្រី​ បាន​ផ្តល់នូវ​អនុសាសន៍​គន្លឹះ​ដល់​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល សំដៅ​កាន់តែ​ប្រសើរ​ថែមទៀត​លើ​នវានុវត្តន៍ ការ​បណ្ដុះបណ្ដាល​កិច្ច​សហប្រតិបត្តិការ​ជាតិ​/​អន្តរជាតិ និង​ការស្រាវជ្រាវ។

លោក​រដ្ឋមន្ត្រី ក៏បាន​លើកឡើង​ពី​សក្ខីភាព នៃ​កិច្ច​សហ​ប្រតិបត្តិការ​ដ៏​រឹងមាំ និង​ប្រកប​ដោយ​ផ្លែផ្កា​រវាង​ក្រសួងសុខាភិបាល និង​កិច្ច​សហ​ប្រតិបត្តិការ​បារាំង​នៅ​កម្ពុជា​ដែល​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់ ក្នុង​ការ​អភិវឌ្ឍ​ធនធានមនុស្ស និង​បង្កើន​គុណភាព​ នៃ​ការអប់រំ​ក្នុង​វិស័យ​សុខាភិបាល​ ខណៈ​រាជរដ្ឋាភិបាល​កម្ពុជា​ មាន​ការ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​កសាង​សមត្ថភាព​ធនធាន​មនុស្ស​ក្នុង​វិស័យ​សុខាភិបាល សំដៅ​ឱ្យ​មាន​សមត្ថភាព​ខ្ពស់ និង​ប្រកបដោយ​សីលធម៌​វិជ្ជាជីវៈ។

លោក​សាស្ត្រាចារ្យ សា​ផុន វឌ្ឍនៈ ទីប្រឹក្សា​ក្រសួងសុខាភិបាល និង​ជា​សកលវិទ្យាធិការ​សាកល​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ​បាន​មាន​ប្រសាសន៍​ថា ​សម្រាប់​ឆ្នាំ​ ២០២៤ ​នេះ មាន​និស្សិត​ថ្នាក់​វេជ្ជបណ្ឌិត​ឯកទេស សរុប​ចំនួន ១២៤ នាក់ បាន​ទទួល​អាហារូបករណ៍​ ទៅ​បន្ត​កម្មសិក្សា​តាម​ឯកទេស​ផ្សេងៗ ​គ្នា ​តាម​បណ្តា​មន្ទីរពេទ្យ​នានា​នៅ​ប្រទេស​បារាំង ក្នុងនោះ​មាន ​៖ អាហារូបករណ៍ DFMS ចំនួន ១០៤ នាក់ អាហារូបករណ៍ DFMSA ចំនួន ០៥ នាក់ អាហារូបករណ៍ Stage associé ចំនួន ១៥ នាក់​។ កម្មវិធី DFMS/A នេះ​ គឺជា​ផ្នែក​មួយ​ នៃ​ប្រពៃណី ​នៃ​កិច្ច​សហ​ប្រតិបត្តិការ​វេជ្ជសាស្ត្រ​រវាង​ប្រទេស​បារាំង និង​ប្រទេស​កម្ពុជា ដែលមាន​រយៈពេល​យូរអង្វែង​មកហើយ ដោយ​នៅ​ឆ្នាំ​ ១៩៩៦ នៅពេលដែល​កម្មវិធី​នេះ​បានចាប់ផ្តើម មានតែ​និស្សិត ​៦​ នាក់​ប៉ុណ្ណោះ។

លោក​សកលវិទ្យាធិការ​ បាន​បន្តថា​ បច្ចុប្បន្ននេះ សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល មាន​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​ដៃគូ​ជាតិ និង​អន្តរជាតិ​ចំនួន ៩៣ ស្ថាប័ន ព្រមទាំង​ការ​ចូលរួម​ក្នុង​បណ្ដាញ​សាកលវិទ្យាល័យ​ជាតិ និង​អន្តរជាតិ​ចំនួន ១៣ បណ្តាញ​, និង​ការ​ទទួលបាន​នូវ​ចំណាត់​ថ្នាក់​លេខ ៦ ក្នុងចំណោម​សាកលវិទ្យាល័យ ២០០ លើ​ពិភពលោក​ដែល​ចូលរួម​ប្រកួតប្រជែង​ក្នុង​ប្រព័ន្ធ World University Ranking for Innovation (WURI) សម្រាប់​ការងារ​ផ្លាស់ប្ដូរ​និស្សិត និង​បើក​ចំហ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម