Connect with us

ព័ត៌មានជាតិ

សមាគម និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ២២ ទៀតត្រូវបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ

បានផុស

នៅ

អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានឱ្យដឹងថា ក្នុងខែកញ្ញា ឆ្នាំ២០២៤នេះ ក្រសួងមហាផ្ទៃ បានចុះបញ្ជីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលបានចំនួន ២២ បន្ថែមទៀត។ ទន្ទឹមនឹងនោះក៏មានការលុបឈ្មោះអង្គការ និងសមាគមមិនមែនរដ្ឋាភិបាលមួយចំនួនផងដែរ។

លោក ទូច សុឃៈ បានឱ្យដឹងថា មានអង្គការ និងសមាគមជាបន្តបន្ទាប់ បានបណ្ដាក់គ្នាមកស្នើសុំសេវាចុះបញ្ជីនៅក្រសួងមហាផ្ទៃ ជាក់ស្ដែងក្នុងខែកញ្ញា ឆ្នាំ២០២៤ មានសមាគមចំនួន១៣ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន ០៩។ ដោយឡែកក្នុងខែកញ្ញាដូចគ្នា ក្រសួងក៏បានលុបឈ្មោះសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចេញពីបញ្ជីចំនួន១៥ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរកត់សម្គាល់ថា គិតចាប់ពីពេលដែលច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចូលជាធរមាន កាលពីខែសីហា ឆ្នាំ២០១៥ រហូតមកដល់ខែកញ្ញា ឆ្នាំ២០២៤ មានសមាគម និងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកបានចុះបញ្ជីនៅក្រសួងមហាផ្ទៃចំនួន ១.៩៦១ ក្នុងនោះមានសមាគម ១.១៣៣ និងអង្គការមិនមែនរដ្ឋាភិបាលចំនួន៨២៨។

តាមមាត្រា៦ នៃច្បាប់ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ចែងថា សមាគម ឬអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកត្រូវចុះបញ្ជីនៅក្រសួងមហាផ្ទៃ ដោយបំពេញសំណុំលិខិតរួមមាន ពាក្យសុំចុះបញ្ជី លិខិតបញ្ជាក់អាសដ្ឋាននៃទីស្នាក់ការកណ្តាល ជីវប្រវត្តិរបស់ស្ថាបនិកដោយភ្ជាប់រូបថត និងលក្ខនិ្តកៈចុះហត្ថលេខាដោយប្រធានសមាគមឬអង្គការមិនមែនរដ្ឋាភិបាល។

គួរជម្រាបថា ក្រសួងមហាផ្ទៃ អាចបដិសេដការស្នើសុំក្នុងករណីដែលរកឃើញថា សមាគម និងអង្គការមិនមែនរដ្ឋា​ភិបាលទាំងនោះ ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ ស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈ ឬបង្កអន្តរាយដល់សង្គមកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម