Connect with us

ព័ត៌មានជាតិ

សន្ទុះពលរដ្ឋ ចុះឈ្មោះទៅទស្សនកិច្ចមើលបង្គោលព្រំដែនបន្តកើនឡើង

បានផុស

នៅ

ដូចកាលពីចុងសប្តាហ៍មុនៗដែរ នៅថ្ងៃសៅរ៍ទី២៦ ខែតុលា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋចំនួន២០០នាក់បានធ្វើដំណើរប្រកបដោយទឹកមុខរំភើប និងសប្បាយរីករាយតាមរថយន្តចំនួន ១៣គ្រឿង ចេញពីរាជធានីភ្នំពេញនៅម៉ោង៥ព្រឹក ដើម្បីឆ្ពោះទៅកាន់តំបន់ក្រវាត់ព្រំដែននៅប៉ែកឦសាននៃប្រទេសកម្ពុជា ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី។

ដូចការគ្រោងទុក ដំណើរទស្សនកិច្ចពលរដ្ឋបានអញ្ជើញទៅដល់ទីតាំងទី១ នៅវេលាម៉ោងប្រមាណ៨៖១៥នាទីព្រឹក គឺទីតាំងភូមិអភិវឌ្ឍន៍អន្លង់ជ្រៃ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីពិនិត្យស្ថានភាពភូមិសាស្ត្រពិតជាក់ស្តែង ទីតាំងបង្គោលព្រំដែនរវាងកម្ពុជា-វៀតណាម នៅក្នុងតំបន់ភូមិសាស្ត្រនេះ។ លើសពីនេះទៀត ប្រជាពលរដ្ឋបានមើលឃើញដោយផ្ទាល់នូវស្ថានភាពពិតនៃជីវភាពរស់នៅល្អប្រសើររបស់ប្រជាជនក្នុងសហគមន៍មូលដ្ឋាន ការរីកចម្រើនផ្នែកសង្គម-សេដ្ឋកិច្ច ព្រមទាំងវិស័យហេដ្ឋារចនាសម្ព័ន្ធដែលមានការអភិវឌ្ឍជាក់ស្តែងយ៉ាងច្រើន និងមានការវិវត្តឈានឡើងជាបន្តបន្ទាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពីបានចុះពិនិត្យនិងបានទទួលព័ត៌មានពីស្ថានភាពពិតក្នុងតំបន់ភូមិសាស្ត្រខាងលើរួច ក្រុមទស្សនកិច្ចបានបន្តដំណើរទៅកាន់ទីតាំងសំខាន់ៗផ្សេងៗទៀតដូចដែលបានគ្រោងទុក ក្នុងភូមិសាស្ត្រខេត្តក្រចេះ និងខេត្តមណ្ឌលគិរី ជាបន្តបន្ទាប់។ ដំណើរទស្សនកិច្ចនឹងត្រលប់មកកាន់រាជធានីភ្នំពេញវិញនាល្ងាចនៃសៅរ៍ដដែលនេះ។

នេះជាដំណើរទស្សនកិច្ចលើកទី៧ហើយ រាប់ចាប់តាំងពីដំណើរលើកទី១ ដែលបានប្រព្រឹត្តទៅកាលពីដើមខែកញ្ញា ឆ្នាំ២០២៤កន្លងទៅ ដោយមានអ្នកចូលរួមសរុបចំនួន១,៣១១ នាក់។ ដំណើរទស្សនកិច្ចប៉ែកឦសានទាំង៧លើកបានជូនប្រជាពលរដ្ឋទៅមើលស្ថានភាព ទីតាំងបង្គោលព្រំដែន និងការគ្រប់គ្រងក្នុងតំបន់តាមបណ្តោយក្រវាត់ព្រំដែន ក្នុងខេត្តត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី ស្ទឹងត្រែង និងរតនគិរី។

សូមបញ្ជាក់ជូនថា សន្ទុះនៃការចូលរួមរបស់ប្រជាពលរដ្ឋបានបន្តកើនឡើង ហើយបើផ្អែកតាមបច្ចុប្បន្នភាពនៃចំនួនអ្នកចុះឈ្មោះ ដែលក្រុមការងាររៀបចំដំណើរទស្សនកិច្ចបានបូកសរុបមកទល់ពេលនេះ មានអ្នកបានឈ្មោះចំនួនប្រមាណ ៣,៥០០នាក់ ហើយ។ មានប្រជាពលរដ្ឋកម្ពុជាច្រើនឡើងមកពីគ្រប់មជ្ឈដ្ឋានបានបន្តចុះឈ្មោះតាមប្រព័ន្ធអនឡាញ ដោយបានបំពេញព័ត៌មានងាយៗ និងដោយអនុវត្តគោលការណ៍ចុះឈ្មោះមុន បានចូលរួមក្នុងដំណើរទស្សនកិច្ចមុន។

ដំណើរទស្សនកិច្ចពលរដ្ឋនេះបានក្លាយជាទឡ្ហីករណ៍ដ៏សំខាន់បន្ថែមទៀតដើម្បីបញ្ជាក់ពីភាពប្រាកដប្រជា និងឆន្ទៈមុះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តបេសកកម្មការពារអធិបតេយ្យភាព បូរណភាពទឹកដី និងបន្តការពារសុខសន្តិភាព និងស្ថិរភាពសង្គមសម្រាប់ជាប្រយោជន៍ដល់ជាតិ និងប្រជាជនកម្ពុជាទាំងអស់។ បច្ចុប្បន្ន រដ្ឋាភិបាលនៅតែបន្តលើកកម្ពស់ផ្នែកសង្គម-សេដ្ឋកិច្ច វិស័យហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ក្រវាត់ព្រំដែន និងការអភិវឌ្ឍផ្នែកជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋានឱ្យកាន់មានភាពរីកចម្រើនឡើងថែមទៀត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម