ព័ត៌មានជាតិ
ព្រះរាជជីវប្រវត្តិព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី
ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤នេះ ជាខួប២០ព្រះវស្សាហើយ ដែលព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងគ្រងព្រះបរមសិរីរាជសម្បត្តិជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីត្រូវបានក្រុមប្រឹក្សារាជសម្បត្តិទាំង ៩អង្គ/នាក់ ដែលពេលនោះមានសម្ដេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាសមាជិកនៃក្រុមប្រឹក្សារាជសម្បត្តិដែរនោះ សម្រេចជ្រើសតាំងជាព្រះមហាក្សត្រថ្មីនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីព្រះបិតាព្រះអង្គ។
តើព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គមានព្រះរាជជីវប្រវត្តិយ៉ាងណា?
ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ជាព្រះរាជបុត្រានៃព្រះករុណា ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ព្រះរាជបិតា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះរាជមាតាជាតិខ្មែរ ព្រះអង្គទ្រង់ប្រសូតនាថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី មានព្រះអនុជមួយព្រះអង្គ ព្រះនាម នរោត្ដម នរិន្ទ្រពង្ស ដែលបានយាងសោយទិវង្គតនៅឆ្នាំ២០០៣។
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចាប់ផ្ដើមចូលសិក្សាដំបូង នៅឆ្នាំ១៩៥៩ ដល់១៩៦២ នៅសាលាបឋមសិក្សានរោត្ដម និងវិទ្យាល័យដេកាត នៅរាជធានីភ្នំពេញ។ បន្ទាប់មកព្រះអង្គត្រូវបានព្រះបិតាបញ្ជូនទៅទីក្រុងប្រាគ (Prague) ប្រទេសឆេកូស្លូវ៉ាគី ដែលគង់នៅទីនោះ ព្រះអង្គបានចូលរៀននៅសាលាបឋមសិក្សា វិទ្យាល័យ និងសកលវិទ្យាល័យផ្នែកសិល្បៈតូរ្យតន្ត្រី របាំ នៅវិទ្យាស្ថានអភិរក្សជាតិប្រាក និងបណ្ឌិតសភាផ្នែកសិល្បៈតន្ត្រីប្រាគ។
នៅក្នុងឆ្នាំ១៩៧៥ បន្ទាប់ពីបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៃបណ្ឌិតសភាផ្នែកសិល្បៈតន្ត្រីប្រាគ ព្រះអង្គបានចាកចេញពីទីក្រុងប្រាគ ដើម្បីយាងបន្តសិក្សាផ្នែកខ្សែភាពយន្ត នៅប្រទេសកូរ៉េខាងជើង។ សម្រាប់ព្រះសមត្ថភាពភាសាបរទេស គឺក្រៅពីភាសាជាតិ ព្រះអង្គក៏មានព្រះរាជបន្ទូលជាភាសាបារាំង អង់គ្លេស និងឆែក។
ក្នុងឆ្នាំ១៩៧៦ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងនិវត្តន៍មកកាន់ប្រទេសកម្ពុជាវិញ ប៉ុន្តែភ្លាមៗនោះ ខ្មែរក្រហមដែលកំពុងកាន់អំណាច បានឃុំឃាំងព្រះអង្គនៅក្នុងព្រះបរមរាជវាំង ជាមួយព្រះរាជវង្សានុវង្ស ព្រមជាមួយព្រះមាតា ព្រះបិតារបស់ព្រះអង្គ។
មុនកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍នៅថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ព្រះអង្គបានភៀសព្រះកាយយាងទៅកាន់ទីក្រុងប៉េកាំង ជាមួយព្រះបិតា ព្រះមាតា ហើយក្រោយមក នៅឆ្នាំ១៩៨១ ព្រះអង្គបានយាងទៅកាន់ទីក្រុងប៉ារីស ដើម្បីបង្ហាត់បង្រៀនរាំរបាំបាឡេ និងបានទទួលព្រះរាជតួនាទីជាប្រធានសមាគមរបាំខ្មែរនៅប្រទេសបារាំង។
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់គង់នៅប្រទេសបារាំងជិត២០ឆ្នាំ ហើយនៅកំលុងពេលនោះ ពោលគឺនៅឆ្នាំ១៩៩២ ព្រះអង្គត្រូវបានជ្រើសតាំងជាតំណាងអចិន្ត្រៃយ៍នៃកម្ពុជាប្រចាំអង្គការសហប្រជាជាតិ ដោយក្រុមប្រឹក្សាជាតិជាន់ខ្ពស់នៃកម្ពុជា និងនៅឆ្នាំ១៩៩៣ ជាតំណាងកម្ពុជាប្រចាំអង្គការយូណេស្កូ ដែលមានទីស្នាក់ការនៅទីក្រុងប៉ារីស ជាទីដែលព្រះអង្គមានប្រជាប្រិយភាពចំពោះការតស៊ូធ្វើការយ៉ាងស្វិតស្វាញចំពោះវប្បធម៌កម្ពុជា។
នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ ព្រះអង្គត្រូវបានជ្រើសតាំងឱ្យឡើងសោយរាជ្យ ដោយសមាជិកទាំង៩រូប នៃក្រុមប្រឹក្សារាជសម្បតិ្ត ក្រោយពីការដាក់រាជ្យរបស់សម្តេចព្រះបាទ នរោត្តម សីហនុ ជាព្រះបិតារបស់ព្រះអង្គ។ ការជ្រើសតាំងនេះ ទទួលបានការយល់ព្រមទាំងស្រុងពីក្រុមប្រឹក្សារាជសម្បតិ្ត ក្នុងនោះក៏មានសម្តេចតេជោ ហ៊ុន សែន ដែលកាលនោះ ជានាយករដ្ឋមន្ត្រី និងសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ប្រធានរដ្ឋសភា និងជាព្រះរៀមមាតាទីទៃជាមួយព្រះអង្គ ព្រមទាំងសម្ដេច ជា ស៊ីម ជាប្រធានព្រឹទ្ធសភា។ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ឡើងគ្រងរាជសម្បត្តិនៅថ្ងៃសុក្រ ទី២៩ ខែតុលា ឆ្នាំ២០០៤។
រយៈពេល២០ព្រះវស្សានៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានយកព្រះទ័យទុកដាក់ខ្ពស់បំផុតក្នុងការបំពេញព្រះរាជកិច្ចតាមរដ្ឋធម្មនុញ្ញកម្ពុជាក្នុងការបម្រើសាសនា វិស័យមនុស្សធម៌ វិស័យអប់រំ សង្គមកិច្ច សុខមាលភាព និងជីវភាពរស់នៅរបស់ប្រជារាស្ត្រនៅទូទាំងប្រទេស ជាពិសេសនៅជនបទស្រែចម្ការ។
ព្រះអង្គតែងតែចូលរួមចំណែកបរិច្ចាគព្រះរាជទ្រព្យផ្ទាល់របស់ព្រះអង្គជួយសាសង់អគារមន្ទីរពេទ្យ សាលារៀន ប្រឡាយទឹក ជាដើម ដើម្បីជាប្រយោជន៍ក្នុងការរស់នៅរបស់ប្រជានុរាស្រ្ត ជាពិសេសតែងបានប្រោសព្រះរាជទានព្រះរាជទ្រព្យជារៀងរាល់ខែជួយទ្រទ្រង់ដល់សកម្មភាពរបស់កាកបាទក្រហមកម្ពុជា។ បន្ថែមលើនេះព្រះអង្គក៏តែងតែយាងចុះជួបប្រជានុរាស្រ្តនៅតាមមូលដ្ឋានដាច់ស្រយាល ដោយផ្ដល់ជាគ្រឿងឧបភោគ បរិភោគ និងថវិកា ដើម្បីដោះស្រាយបញ្ហាជីវភាព។
លើកិច្ចការអន្តរជាតិ ព្រះករុណាព្រះមហាក្សត្រ បានយកព្រះទ័យទុកដាក់យ៉ាងខ្លាំងក្នុងទំនាក់ទំនងជាមួយបណ្ដាប្រទេសជាមិត្ត ព្រះអង្គតែងតែប្រោសព្រះរាជទាន និងធ្វើសវនាកាជាមួយថ្នាក់ដឹកនាំអន្តរជាតិ អង្គទូត ដើម្បីចូលគាល់សម្ដែងការគួរសម និងពិភាក្សាការងារផ្សេងៗដើម្បីពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាមិត្តនានាលើសកលលោក ព្រមទាំងបានយាងបំពេញទស្សនកិច្ចនៅតាមបណ្ដាប្រទេសជាច្រើនថែមទៀតផង៕
-
វប្បធម៌ ជំនឿ៧ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៣ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់