Connect with us

ព័ត៌មានជាតិ

ព្រះមហាក្សត្រ បង្ហាញមោទនភាពឃើញពលរដ្ឋទទួលបានសេចក្តីសុខ និងប្រទេសជាតិមានការអភិវឌ្ឍ

បានផុស

នៅ

ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញមោទនភាពយ៉ាងក្រៃលែងដែលបានឃើញប្រជារាស្រ្តទទួលបានសេចក្តីសុខ និងប្រទេសជាតិបោះជំហានទៅរកការអភិវឌ្ឍពីមួយថ្ងៃទៅមួយថ្ងៃ។

ក្នុងឱកាសដ៏មហានក្ខត្តឬក្សឧត្តុងឧត្តមជាប្រវត្តិសាស្ត្រនៃព្រះរាជពិធីគម្រប់ខួប ២០ព្រះវស្សា នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ ថ្ងៃទី២៩ ខែតុលា ឆ្នាំ ២០២៤ ព្រះមហាក្សត្រ យាងព្រះរាជសន្ទរកថា ដោយបានបង្ហាញមោទនភាពយ៉ាងក្រៃលែង ដែលបានឃើញសភាការណ៍នៅព្រះរាជាណាចក្រកម្ពុជាពីមួយថ្ងៃទៅមួយថ្ងៃ ប្រជារាស្រ្តទទួលបានសេចក្តីសុខ និងកំពុងបន្តបោះជំហានទៅរកការអភិឌ្ឍយ៉ាងល្អប្រសើរលើគ្រប់វិស័យ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា៖«សមិទ្ធផលនានានៃសង្គមជាតិ ត្រូវបានកសាងឡើងអាស្រ័យដោយស្ថាប័ននីតិបញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ព្រមទាំងរដ្ឋអំណាចមូលដ្ឋាន និងពលរដ្ឋទូទាំងប្រទេសបានរួមគ្នាកសាងឡើងក្រោមកម្លាំងមហាសាមគ្គី ឯកភាពជាតិដ៏រឹងមាំរបស់ប្រជាជាតិយើង តាមរចនាជាតិ សាសនា ព្រះមហាក្សត្រ ដែលពុំមានកម្លាំងអ្វីអាចធ្វើឱ្យរង្គោះរង្គើបានឡើយ»។

ព្រះករុណា មានព្រះរាជបន្ទូល ដោយគូសបញ្ជាក់ថា នេះជាមោទនភាពរបស់ព្រះរាជាណាចក្រកម្ពុជា ដែលផ្តើមចេញពីការខិតខំបំពេញភារកិច្ចទទួលខុសត្រូវខ្ពស់របស់ថ្នាក់ដឹកនាំ គ្រប់ស្ថាប័នជាតិ គ្រប់លំដាប់ថ្នាក់ រួមជាមួយនឹងប្រជារាស្រ្តគ្រប់បណ្តាខេត្ត-រាជធានី ចំពោះជោគវាសនារបស់ប្រទេសជាតិ និងអនាគតដ៏រុងរឿងនៃប្រជារាស្រ្តរបស់យើង។

ព្រះមហាក្សត្រ នរោត្តម សីហមុនី មានព្រះរាជបន្ទូលថា៖«ក្នុងរយៈពេលកន្លងមកមានការងារជាច្រើនដែលយើងទទួលបានលទ្ធផលល្អប្រសើរយ៉ាងធំធេង គួរជាទីពេញចិត្តហើយក៏នៅមានការងារមួយចំនួនទៀត ដែលនឹងត្រូវខិតខំបំពេញនៅពេលបច្ចុប្បន្ន និងនៅពេលខាងមុខ សំដៅរក្សាស្ថិរភាព ការអភិវឌ្ឍសង្គម ការពារសន្តិសុខសង្គម ជាសង្គមមានភាពស្អាតស្អំ និងបន្តលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជារាស្រ្តនៅទូទាំងប្រទេស»។

គួរជម្រាបថា ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤នេះ គឺជាខួប ២០ព្រះវស្សាហើយ ដែលព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយាងគ្រងព្រះបរមសិរីរាជសម្បត្តិជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីត្រូវបានក្រុមប្រឹក្សារាជសម្បត្តិទាំង៩អង្គ/នាក់ ដែលពេលនោះមានសម្ដេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាសមាជិកនៃក្រុមប្រឹក្សារាជសម្បត្តិដែរនោះ សម្រេចជ្រើសតាំងជាព្រះមហាក្សត្រថ្មីនៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីព្រះបិតាព្រះអង្គ។

រយៈពេល២០ព្រះវស្សានៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានយកព្រះទ័យទុកដាក់ខ្ពស់បំផុតក្នុងការបំពេញព្រះរាជកិច្ចតាមរដ្ឋធម្មនុញ្ញកម្ពុជាក្នុងការបម្រើសាសនា វិស័យមនុស្សធម៌ វិស័យអប់រំ សង្គមកិច្ច សុខមាលភាព និងជីវភាពរស់នៅរបស់ប្រជារាស្ត្រនៅទូទាំងប្រទេស ជាពិសេសនៅជនបទស្រែចម្ការ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

ទូតចិន ថ្កោលទោសជនជាតិចិនបាញ់បោះក្បែរព្រលានយន្តហោះពោធិ៍ចិនតុង និងស្នើផ្ដន្ទាទោសឱ្យធ្ងន់ធ្ងរ

ព័ត៌មានជាតិ៦ ម៉ោង មុន

ម្ដាយបង្កើត កាប់កូនស្រីបង្កើតអាយុ ២ ឆ្នាំ ញាត់ចូលក្នុងធុងទឹកកក

ព័ត៌មានជាតិ៨ ម៉ោង មុន

អាជ្ញាធរក្រុងសៀមរាបថា កំពុងរៀបចំមើលថែសួនស្មៅ និងផ្កាឡើងវិញហើយ ក្រោយព្រះតេជគុណ គូ សុភាព ស្នើតាមហ្វេសប៊ុក

ព័ត៌មានជាតិ២២ ម៉ោង មុន

សម្ដេចធិបតី៖ លោក សម រង្ស៊ី ស្រេកឃ្លានតំណែងនាយករដ្ឋមន្ត្រីណាស់ តែមិនបានធ្វើ ក៏តាំងខ្លួនជានាយករដ្ឋមន្ត្រីតែម្ដង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ហ្សេលេនស្គី ប្រកាសមិនចរចាជាមួយជនជាតិរុស្ស៊ីណាទាំងអស់ ក្រៅពី ពូទីន

Sokha Hotels

ព័ត៌មានពេញនិយម