Connect with us

ព័ត៌មានអន្ដរជាតិ

តើលោកពូទីនមានទស្សនៈយ៉ាងណាចំពោះបេក្ខភាពលោកស្រីហារីស និង លោកត្រាំ?

បានផុស

នៅ

ការបោះឆ្នោតប្រធានាធិបតីអាមេរិកនឹងចូលមកដល់នៅថ្ងៃទី៥ខែវិច្ឆិកាខាង​មុខ​នេះ​។ ការ​បោះឆ្នោត​ដ៏​សំខាន់​លើក​នេះ ​ ​ជា​ការ​កំណត់​​របត់​នយោបាយថ្មី​របស់​​សហរដ្ឋអាមេរិកចំពោះ​​រុស្ស៊ី​។ ខណៈការ​បោះឆ្នោត​ហៀប​នឹ​ង​មកដល់​ឆាប់​ៗ​ ថាតើលោកពូទីនមានទស្សនៈយ៉ាងណាចំពោះជម្រើសរវាងលោកស្រី ហារីស និង លោកត្រាំ ហើយថាតើការបោះឆ្នោតអាមេរិកមា​នប្រយោជន៍និងអាចមានបញ្ហាអ្វីខ្លះដល់ប្រទេសរុស្ស៊ី?

(រូបភាព៖​ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅពេលដែលមានគេចោទសួរសំណួរទៅកាន់លោក វ្ល៉ាឌីមៀ ពូទីន កាលពីខែកញ្ញា អំពីការបោះឆ្នោតនៅសហរដ្ឋ អាមេរិក សំណួរនោះបានទាក់ទាញស្នាមញញឹមដ៏ក្រៀមក្រំ និងចងចិញ្ចើមពីប្រធានាធិបតីរុស្ស៊ីរូបនេះ។ នៅពេលសួរថាតើលោកពូទីន ចូលចិត្តលោក ដូណាល់ ត្រាំ ឬ កាម៉ាឡា ហារីស? លោកពូទីនបានឆ្លើយតបយ៉ាងខ្លីដែលរួមបញ្ចូលទាំងការជេរប្រទេចដាក់ប្រធានាធិបតី ចូ​ បៃដិន ផងដែរ។

លោកបានប្រាប់ទស្សនិកជននៅឯវេទិកាសេដ្ឋកិច្ចមួយនៅ​ឯ​តំបន់់​ចុង​បូព៌ា ក្នុងទីក្រុង Vladivostok ថា «សំណព្វរបស់​យើង វាជាប្រធានាធិបតីបច្ចុប្បន្នគឺលោក បៃដិន ប៉ុន្តែគាត់​បាន​ដកខ្លួន​ចេញពីការប្រកួតប្រជែង ហើយគាត់បានណែនាំអ្នកគាំទ្រទាំងអស់របស់គាត់ឱ្យគាំទ្រលោកស្រី ហារីស ជាការប្រសើរណាស់យើងនឹងគាំទ្រលោកស្រី»។ លោក ពូទីនបាននិយាយយ៉ាងចំអកថា «ការបង្ហាញរបស់លោកស្រីហារីស»ធ្វើបានល្អ​។

ការបោះឆ្នោតនេះមានភាគហ៊ុនសំខាន់ៗសម្រាប់វិមានក្រឹមឡាំង បើទោះបីជាលោកពូទីន មិនបានឆ្លើយចំលើយច្បាស់ៗក៏ដោយ។ វាហាក់ដូចជាបង្កប់នូវទស្សនៈរបស់រុស្ស៊ីអំពីជម្រើសមួយរវាងបេក្ខភាពទាំងពីរ ខណៈអ្នកវិភាគនិយាយថា ការបោះឆ្នោតនេះមិនផ្តល់ការសន្យាច្រើនក្នុងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងដែលឈានដល់ចំណុចទាបបំផុតរបស់រុស្ស៊ីនិងអាមេរិកចាប់តាំងពីសង្គ្រាមត្រជាក់មក។

លោកស្រីហារីស ដែលជាអនុប្រធានាធិបតីបច្ចុប្បន្នបានប្រកាន់ជំហររឹងរូសប្រឆាំងនឹងរុស្ស៊ី ខណៈដែលលោកត្រាំអតីតប្រធានាធិបតីត្រូវបានគេស្គាល់ថាមានការកោតសរសើរចំពោះលោកពូទីន។ យ៉ាងណាក៏ដោយ នៅឯការជួបជុំខែកញ្ញា លោក ពូទីន បានត្អូញត្អែរថា នៅពេលលោក ត្រាំ ឡើងកាន់តំណែងមាន «ការរឹតត្បិត និងទណ្ឌកម្មជាច្រើនប្រឆាំងនឹងរុស្ស៊ី ដែលគ្មានប្រធានាធិបតីដទៃទៀតធ្លាប់ធ្វើពីមុនមក» ។

(រូបភាព៖​ AP) លោក​ស្រី Kamala Harris និង លោក Donald Trump

ពាក់ព័ន្ធបញ្ហានេះលោក Timothy Colton ប្រធាន Harvard Academy for International and Area Studies បាននិយាយថា ភាពជាអ្នកដឹកនាំរបស់វិមានក្រឹមឡាំងគឺ «ភាគច្រើនជឿជាក់ថាគ្មានអ្វីល្អនឹងមកដល់ក្នុងការបោះឆ្នោតតាមទស្សនៈរបស់រុស្ស៊ីទេ» ។ ប៉ុន្តែលោកបានបន្ថែមថា «សរុបមក លោកត្រាំ ប្រហែលជាចំណូលចិត្តរបស់រុស្ស៊ី​ច្រើន​ជាង»។

ជុំវិញការបោះឆ្នោតប្រធានាធិបតីអាមេរិកជិតលេចចេញនេះ ក៏មានបញ្ហា​សំខាន់ៗ​សម្រាប់​រុស្ស៊ីមួយចំនួនដូចជា៖

តើមានអ្វីកើតឡើងជុំវិញការជួយអ៊ុយក្រែន?

លោកស្រី ហារីស ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ទំនង​ជា​នឹង​បន្ត​ការ​គាំទ្រ​ផ្នែក​យោធា និង​សេដ្ឋកិច្ច​ដ៏​ធំ​របស់​រដ្ឋបាលលោកបៃដិនដល់អ៊ុយក្រែនដដែល ខណៈ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​បាន​អូស​បន្លាយ​ដល់​ឆ្នាំ​ទី​បី។ ចំណែកលោក ត្រាំ បានអួតថា ទំនាក់ទំនងរបស់គាត់ជាមួយពូទីន និងការគោរពពីប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេលែនស្គី គឺខ្លាំងដែលគាត់អាចចរចាបញ្ចប់សង្រ្គាម «ក្នុងរយៈពេល ២៤ ម៉ោង»បាន។ ទោះយ៉ាងណាលោក​បដិសេធ​មិន​លម្អិត​អំពី​យុទ្ធសាស្ត្រ​របស់​លោកទេ ប៉ុន្តែ​ការ​លើក​ឡើង​ថ្មីៗ​នេះ​ដែល​រិះគន់​ទណ្ឌកម្ម​ជាទូទៅ​បង្ហាញ​ថា​លោក​អាច​លើក​យក​ការ​ប្រឆាំង​នឹង​រុស្ស៊ី​ជា​ការ​ជំរុញ​ដើម្បី​ជួយ​ដោះស្រាយ​ជម្លោះ។

ក្នុងអំឡុងពេលជជែកដេញដោលរបស់ពួកគេ លោក ត្រាំ ពីរដងបានបដិសេធមិនឆ្លើយដោយផ្ទាល់ថាតើគាត់ចង់ឱ្យអ៊ុយក្រែនឈ្នះសង្រ្គាម ខណៈពេលដែលលោកស្រីហារីស បានសរសើរការគាំទ្ររបស់លោកខាងលិចចំពោះទីក្រុងគៀវហើយបានជំរុញឱ្យវាបន្ត ខណៈសហរដ្ឋអាមេរិកបានផ្តល់អាវុធ និងជំនួយដល់អ៊ុយក្រែនជាង ៥៩,៥ ពាន់លានដុល្លារ ចាប់តាំងពីរុស្ស៊ីបានឈ្លានពានក្នុងឆ្នាំ ២០២២។

(រូបភាព៖​ AP)

តើ​សហរដ្ឋ​អាមេរិក​នឹង​ខិត​ជិត​រុស្ស៊ី​ដោយ​របៀប​ណា​ទាក់ទងនឹងសិទ្ធិ​មនុស្ស?

លោកស្រី ហារីស បានប្រឈមមុខជាមួយរុស្ស៊ីដោយផ្ទាល់លើបញ្ហានេះ ជាពិសេសនៅក្នុងករណីនៃការស្លាប់នៅក្នុងពន្ធនាគាររបស់មេដឹកនាំប្រឆាំងរុស្ស៊ីលោក Alexei Navalny ។ លោកស្រី​ស្ថិត​ក្នុង​ចំណោម​មេដឹកនាំ​បរទេស​ដំបូង​គេ​ដែល​ធ្វើ​អត្ថាធិប្បាយ​លើ​ការ​ស្លាប់​របស់​លោក​ដោយ​ហៅ​វា​ថា​ជា «សញ្ញា​បន្ថែម​ទៀត​នៃ​អំពើ​ឃោរឃៅ​របស់​លោក ពូទីន»។

ចំណែកលោក ត្រាំ មិនបានភ្ជាប់លោក ពូទីន ទៅនឹងបញ្ហានេះទេ។ ជាមួយគ្នានេះត្រាំ បានអំពាវនាវឱ្យមានច្បាប់ដែលប្រកាសថាមានតែភេទពីរប៉ុណ្ណោះហើយបានសន្យាថានឹងដកស្ត្រីកែភេទចេញពីកីឡារបស់ស្ត្រី ខណៈដែលទាំងនេះស្របគ្នានឹងរបៀបដែលរុស្ស៊ីក្រោមការដឹកនាំរបស់ពូទីនបានដកហូតសិទ្ធិ LGBTQ+ និងលើកសរសើរ តម្លៃប្រពៃណី ។

(រូបភាព៖​ AP)

តើ NATO នឹង​រង​ផល​ប៉ះពាល់​យ៉ាង​ណា?

លោក ត្រាំ បានមានភាពរកាំរកូសជាមួយសមាជិកដទៃទៀតនៃសម្ព័ន្ធភាពណាតូ ដោយទាមទារឱ្យពួកគេបំពេញតាមកម្រិតចំណាយដែលបានព្រមព្រៀងគ្នាសម្រាប់យោធារបស់ពួកគេនៅក្នុងថវិកាជាតិរបស់ពួកគេ។ លោកបាននិយាយថា ក្នុងនាមលោកជាប្រធានាធិបតី លោកបានព្រមានមេដឹកនាំថា លោកនឹងមិនគ្រាន់តែបដិសេធការពារប្រទេសដែលមិនបំពេញគោលដៅទាំងនោះប៉ុណ្ណោះទេ ប៉ុន្តែរុស្ស៊ីអាច ធ្វើអ្វីៗតាមអំពើចិត្តចំពោះប្រទេសទាំងនោះ។

ចំណែកលោកស្រី ហារីស និយាយថា ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះអង្គការ NATO គឺ «ជាដែក» ប៉ុន្តែលោកស្រីមិន​បាន​ថ្លឹងថ្លែង​ថា​តើ​គាំទ្រ​អ៊ុយក្រែន​ឱ្យ​ក្លាយ​ជា​សមាជិក​សម្ព័ន្ធភាព​ឬ​អត់​ទេ។

ចុះកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធជាមួយរុស្ស៊ីវិញ?

លោក ពូទីន បានអួតម្តងហើយម្តងទៀតអំពីអាវុធនុយក្លេអ៊ែរ ខណៈដែលលោកព្យាយាមរារាំងលោកខាងលិចមិនឱ្យគាំទ្រអ៊ុយក្រែន។ ស្របពេលសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរចុងក្រោយដែលនៅសេសសល់រវាងទីក្រុងមូស្គូ និងវ៉ាស៊ីនតោន New START នឹងផុតកំណត់នៅឆ្នាំ២០២៦ មួយឆ្នាំបន្ទាប់ពីរដ្ឋបាលថ្មីចូលកាន់តំណែង ហើយការរំពឹងទុករបស់សន្ធិសញ្ញានេះទំនងជាមានបញ្ហា។ លោក បៃដិន បានបន្តសន្ធិសញ្ញានេះភ្លាមៗនៅពេលចូលកាន់តំណែង ហើយលោកស្រីហារីសអាចត្រូវបានគេរំពឹងថានឹងធ្វើតាមការគាំទ្រនោះ។

លោក ត្រាំ ទោះបីជាលោកបានព្រមានពីការគំរាមកំហែងនៃ ការឡើងកំដៅនុយក្លេអ៊ែរបានចាត់វិធានការនៅពេលកំពុងកាន់តំណែងដើម្បីរុះរើរបបគ្រប់គ្រងអាវុធ រួមទាំងការដកខ្លួនចេញពីសន្ធិសញ្ញា INF ស្តីពីអាវុធនុយក្លេអ៊ែររយៈចម្ងាយមធ្យម ដែលហាមឃាត់អាវុធនុយក្លេអ៊ែរដែលមានមូលដ្ឋានលើដី និងមីស៊ីលចធម្មតា។ នៅពេលកំពុងកាន់តំណែង លោកត្រាំបានអំពាវនាវឱ្យមានកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មីមួយ ដែលនឹងរួមបញ្ចូលទាំងរុស្ស៊ី និងចិនផងដែរ៕

(រូបភាព៖​ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៦ នាទីutes មុន

រដ្ឋបាលក្រុងសែនមនោរម្យ អំពាវនាវឲ្យពលរដ្ឋសម្អាតស្មៅ និងព្រៃជុំវិញផ្ទះ បង្ការភ្លើងឆេះព្រៃ

ព័ត៌មានជាតិ៥៧ នាទីutes មុន

VJ ALaskoo ស្នើបណ្តាម្ចាស់ក្រុមហ៊ុនគួរជ្រើស BA ជាសិល្បករមានអាជីពច្បាស់លាស់

ជីវិតកម្សាន្ដ១ ម៉ោង មុន

តារាថៃល្បីៗ ៤គូ ត្រៀមចូលរោងការនៅដើមឆ្នាំថ្មីនេះ

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មវិធីផ្តល់អាហារតាមសាលានៅកម្ពុជា ធ្វើឱ្យការចុះឈ្មោះចូលរៀនរបស់សិស្សកើនឡើងដល់ ៩៩ %

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ហែម សុវត្ថិ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកោះសូទិន ផ្ដួចផ្ដើមឱ្យមានការសម្ដែង “ល្ខោនបាសាក់” ជូនពលរដ្ឋទស្សនា

ព័ត៌មានជាតិ៦ ម៉ោង មុន

ឃ្លាំងស្តុកដំឡូងមី ដែលប្រមូលទិញពីកសិករក្នុងស្រុកកែវសីមា ត្រូវបង្ខំចិត្តបិទទ្វារ ដោយសារបញ្ហាដឹកជញ្ជូន

សន្តិសុខសង្គម៤ ម៉ោង មុន

ថ្នាក់ដឹកនាំវត្ត និងមន្ត្រីធម្មការខណ្ឌ ចាត់វិធានការលើព្រះសង្ឃមួយអង្គក្រោយបែកធ្លាយវីដេអូអង្គុយសារសងជាមួយនារីម្នាក់

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អាមេរិក បញ្ជាក់​ថា​នឹង​មិនប្រគល់​អាវុធ​នុយក្លេអ៊ែរឲ្យ​ទៅ​អ៊ុយក្រែនវិញ​ទេ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ភ្ញាក់ផ្អើលជាថ្មី! ក្រុមហ៊ូធី បាញ់មីស៊ីលល្បឿនលឿនជាងសំឡេង វាយប្រហារអ៊ីស្រាអែល

សន្តិសុខសង្គម២៤ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម