ព័ត៌មានជាតិ
អ្នកជំនាញសេដ្ឋកិច្ចអះអាងថា ផែនការជំរុញវិនិយោគអគារជាប់គាំងខេត្តព្រះសីហនុ ទើបសម្រេចបានជាង ១០%
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា ផែនការជំរុញការវិនិយោគអគារជាប់គាំងនៅខេត្តព្រះសីហនុ ទើបតែសម្រេចបានប្រហែលជាង ១០% ប៉ុណ្ណោះ។
លោកបណ្ឌិត ហុង វណ្ណៈ បានឱ្យ «កម្ពុជាថ្មី» ដឹងថា ពាក់ព័ន្ធទៅហ្នឹងបញ្ហាអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុ រដ្ឋាភិបាលបានដាក់ចេញគោលនយោបាយ និងការលើកទឹកចិត្តជាច្រើន ប៉ុន្តែផែនការជំរុញលើកទឹកចិត្តដល់វិនិយោគិនបន្តអភិវឌ្ឍគម្រោងអគារជាប់គាំងនៅខេត្តព្រះសីហនុនៅក្នុងរយៈពេលជិតមួយឆ្នាំនេះ ទើបសម្រេចបានជាង ១០% ដែលទាមទាររិះរកយុទ្ធសាស្រ្តជំរុញថ្មីបន្ថែមទៀត។
លោកបណ្ឌិតបានលើកឡើងថា ការរីករាលដាលនៃជំងឺកូវីដ១៩ បានធ្វើឱ្យស្ថានភាពពិភពលោកមានការប្រែប្រួល ហើយបញ្ហាវិបត្តិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន វិបត្តិនៅមជ្ឈិមបូព៌ា និងបញ្ហារាំរៃ នៅសមុទ្រចិនខាងត្បូង ក៏ដូចជាបញ្ហាជាច្រើនទៀតបានធ្វើឱ្យស្ថានភាពពិភពលោកទាំងមូល និងប្រទេសនានាជួបបញ្ហាវិបត្តិផ្សេងៗគ្នា។
ដោយឡែកកម្ពុជាដែលទទួលបានការវិនិយោគច្រើនពីប្រទេសចិន ជាពិសេសការបោះទុនទៅលើការវិនិយោគអគារជាច្រើននៅក្នុងខេត្តព្រះសីហនុក៏បានជួបវិបត្តិដូចគ្នា ទន្ទឹមគ្នាវិស័យវិស័យទេសចរណ៍ក៏ស្ទើរតែដួល។ ប៉ុន្តែបញ្ហាខ្លះ គឺបណ្ដាលមកពីប្រតិបត្តិករមិនមានលទ្ធភាពគ្រប់គ្រាន់ ឬជួបវិបត្តិជាក់ស្ដែងដែលមិនអាចដោះស្រាយបាន ព្រោះអគារមួយមានការជាប់ពាក់ព័ន្ធច្រើនភាគីមិនមែនមានភាគីតែមួយនោះទេ។
លោកបណ្ឌិត ហុង វណ្ណៈ បានសង្កត់ធ្ងន់ថា «បើទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោក សេដ្ឋកិច្ចសង្គម មានការរស់រវើកឡើងវិញជាបណ្ដើរៗហើយក៏ដោយ ប៉ុន្តែបញ្ហាមួយដែលបានជាប់គាំងដល់កំពូលហើយនោះ ក៏ពិបាកស្ទុះងើបមកវិញដែរ ដូច្នេះក្រុមហ៊ុនខ្លះប្រសិនបើធ្លាក់ដល់ចំណុចក្រោមមិនអាចស្តារងើបមកវិញបានទេ»។
ដើម្បីអាចដោះស្រាយបញ្ហាអគារជាប់គាំងនេះបាន បើតាមលោកបណ្ឌិត ហុង វណ្ណៈ លុះត្រាតែមានការបង្កើតយន្តការថ្មីបន្ថែមទៀត ដោយបង្កើនល្បឿននូវការដោះស្រាយ ស្វែងរកហេតុផលនៃបញ្ហានីមួយៗ យកមកសិក្សាឱ្យបានច្បាស់ និងឆាប់រហ័ស ថាតើមុខសញ្ញានៃអគារនីមួយៗជាប់គាំងដោយសារបញ្ហាអ្វី ហើយយកបញ្ហាទាំងនោះមកស្រាយទៅតាមដំណាក់កាលនីមួយៗ។ បញ្ហាខ្លះ ត្រូវបង្កើនភាគីទី៣ ឬ ទី៤ ដើម្បីជំរុញលើកទឹកចិត្តក្នុងការរួមគ្នាដោះស្រាយបញ្ហា ដោយត្រូវចាប់ផ្តើមពីចំណុចណាមួយទើបអាចដោះស្រាយបាន។
«អគារមួយចំនួនដែលមានម្ចាស់កម្មសិទ្ធិនៅបរទេស ទាមទារឱ្យពិនិត្យមើលទិដ្ឋភាពច្បាប់ ថាតើមានស្ថានភាពបែបណា ឬមានទំនាក់ទំនងបែបណា ប្រសិនបើម្ចាស់គម្រោងនៅមិនទាន់ទទួលមរណភាពទេ នោះបណ្តាញរបស់គេនៅតែមាន ដូច្នេះតាមរយៈស្ថានកុងស៊ុលកម្ពុជានៅទីនោះ អាចសហការគ្នា ដើម្បីដោះបញ្ហាប្រឈមតាមដែលអាចធ្វើទៅបាន។ មួយវិញទៀត បើដឹងច្បាស់ថា វិនិយោគិនទាំងអស់នោះភាគច្រើនជាជនជាតិចិន ដូចនេះយើងត្រូវកំណត់ឱ្យបានច្បាស់ពីភាគីនីមួយៗ ដើម្បីអាចដោះស្រាយបញ្ហាបានលឿន»។ បណ្ឌិត ហុង វណ្ណៈ បញ្ជាក់បន្ថែម។
បើតាមប្រភពពីមន្រ្តីរដ្ឋបាលខេត្តព្រះសីហនុ គម្រោងអគារជាប់គាំងនៅខេត្តព្រះសីហនុ ដែលបានផ្អាកដំណើរជាច្រើនឆ្នាំបានចាប់ផ្តើមសាងសង់ឡើងវិញ បើទោះបីសកម្មភាពសាងសង់នៅមិនទាន់ចាប់ផ្តើមពេញលេញ ១០០%។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុបានប្រាប់កម្ពុជាថ្មីតាមតេលេក្រាមថា ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុបានសម្រួលនីតិវិធីក្នុងក្របខ័ណ្ឌ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” ក្នុងនោះគម្រោងអគារជាប់គាំងចំនួន ៨៥ នៅខេត្តព្រះសីហនុ បានទទួលការលើកទឹកចិត្តពិសេសដើម្បីជំរុញអភិវឌ្ឍបន្ត។
ថ្លែងនៅក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានឱ្យដឹងថា អគារកំពុងជាប់គាំងនៅខេត្តព្រះសីហនុ មានចំនួន ៣៦២ ដែលត្រូវការទុនវិនិយោគបន្ថែមប្រមាណ ១ ១៦១ លានដុល្លារ ដើម្បីបញ្ចប់ការសាងសង់។
លោកឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ចាប់ពីឆ្នាំ ២០១៦ មក ការវិនិយោគក្នុងខេត្តព្រះសីហនុ មានសន្ទុះកើនឡើងយ៉ាងគំហុក ជាពិសេសការរីកដុះដាលយ៉ាងលឿនសំណង់អគារជាសណ្ឋាគារ, ភោជនីយដ្ឋាន, ហាងលក់ទំនិញ, និង កន្លែងស្នាក់នៅជាដើម។
ទោះជាយ៉ាងនេះក្តី ក្នុងដំណាក់កាលពីឆ្នាំ ២០១៩ ការផ្លាស់ប្តូរនៅក្នុងការវិវត្តនៃស្ថានភាពសង្គម-សេដ្ឋកិច្ច គួបផ្សំនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងបញ្ហាប្រឈមជាសកលផ្សេងទៀត បានបណ្តាលឱ្យសំណង់អគារជាច្រើន ត្រូវបានផ្អាក ឬ បញ្ឈប់ដំណើរការសាងសង់។
លោកបណ្ឌិត ហុង វណ្ណៈ បានលើកដំណោះស្រាយសំខាន់ៗ ៣ ជុំវិញជំរុញការស្តារឡើងវិញអគារជាប់គាំងនៅខេត្តព្រះសីហនុ ទី១ ក្រុមការងារត្រូវរៀបចំឱ្យបានទៅតាមលំដាប់លំដោយនីមួយៗឱ្យបានជាក់លាក់ ទី២ រកមុខសញ្ញា ទី៣ អាចធ្វើទៅតាមនីតិវិធី មិនថាតាមគោលការណ៍ច្បាប់ ឬអ្វីក៏ដោយ ដោយមើលទៅតាមស្ថានភាពជាក់ស្តែង និងបន្តទាក់ទងជាមួយក្រុមការងារនីមួយៗ ឱ្យបានជាក់លាក់។
មួយវិញទៀត ប្រសិនបើត្រូវការគំនិតណាមួយគឺត្រូវរួមគ្នាដើម្បីដោះស្រាយ ធ្វើយ៉ាងណាកុំឱ្យភាគីពាក់ព័ន្ធទាំងអស់នេះមានការខាតបង់ទាំងស្រុង ហើយមិនបានដឹងឮនូវផែនការ និងយន្តការដោះស្រាយរបស់រដ្ឋាភិបាល។ នេះជាចំណុចមួយដែលត្រូវបង្កើតក្រុមការងារបន្ថែមដើម្បីជំរុញការដោះស្រាយឱ្យបានកាន់តែឆាប់ ព្រោះគម្រោងអគាររាប់ពាន់ដែលត្រូវបានជាប់គាំង ដូច្នេះប្រសិនបើក្រុមការងារមិនមានសមត្ថភាពក្នុងការដោះស្រាយ ហើយមិនមានភ្នាក់ងារគ្រប់គ្រាន់ទេ អាចប្រឈមនឹងបញ្ហាលំបាកកាន់តែខ្លាំង។
ទន្ទឹមនេះរាជរដ្ឋាភិបាល គួរតែមានការគិតគូរ និងដោះស្រាយបន្ថែមទៀត បើមិនដូច្នោះទេ ៥ ឆ្នាំ ទៅ ១០ឆ្នាំទៀត ក៏នៅតែមិនទាន់អាចដោះស្រាយចប់ដែរ ពីព្រោះកិច្ចការនេះគឺជាកិច្ចការធំ ដោយអ្នកពាក់ព័ន្ធខ្លះនៅដល់ក្រៅប្រទេស ហើយពួកគេក៏ប្រឈមមុខនឹងវិបត្តិជាក់ស្តែងផងដែរ។
លោកបណ្ឌិត ហុង វណ្ណៈ បានបន្ថែមថា ជៀសវាងកុំឱ្យមានភាគីណាមួយ ទទួលបានការខាតបង់ទាំងស្រុងអំពីការវិនិយោគរបស់ខ្លួន ត្រូវរកដើមហេតុ រកម្ចាស់ និងភាគីអ្នកពាក់ព័ន្ធមកជជែកគ្នានៅក្នុងកម្រិតណាមួយដែលជាវិធានការចំពោះមុខ និងការជួយអន្តរាគមន៍របស់រដ្ឋនៅក្នុងរូបភាពណាមួយតាមដែលអាចធ្វើទៅបាន ក៏ដូចជាការលើកទឹកចិត្តដល់វិនិយោគិនផ្សេងៗទៀតឱ្យមកវិនិយោគនៅក្នុងខេត្តព្រះសីហនុ៕
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៤ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល