ព័ត៌មានជាតិ
បុគ្គល លី សាម៉េត សារភាពថា«ខ្លួនពិតជាបានយកឈ្មោះសម្ដេចតេជោ ទៅបោកលុយអ្នកដទៃ» និងសុំពេលព្យាបាលជំងឺមួយរយៈ រួចនឹងទៅទទួលទោសតាមផ្លូវច្បាប់
បុគ្គល លី សាម៉េត នៅថ្ងៃចន្ទនេះ បានចេញមកសារភាពថា«ខ្លួនពិតជាបានយកឈ្មោះសម្ដេចតេជោ ទៅបោកលុយគេប្រាកដមែន»។ នៅក្នុងវីដេអូនោះ បុគ្គល លី សាម៉េត បានស្នើសុំពេលព្យាបាលជំងឺមួយរយៈ រួចនឹងចូលខ្លួនទៅទទួលទោសតាមផ្លូវច្បាប់។
តាមរយៈវីដេអូ រយៈពេលជិត៦នាទី ដែលផ្សព្វផ្សាយលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន បុគ្គល លី សាម៉េត សារភាពថា៖«ខ្ញុំបាទ បានយកឈ្មោះសម្ដេច(សម្ដេចតេជោ) ទៅប្រើ ដើម្បីយកលុយគេនេះគឺជារឿងពិត ហើយក៏មិនមែនជាលើកទី១ដែរ។ មិនតែប៉ុណ្ណោះ ថាថវិកា(ដែលបានមកពីឆបោក)ទាំងនោះ យកទៅជូនសម្ដេចទៀត។ នេះគឺជារឿងដែលខ្ញុំបានប្រឌិត ចេញដោយខ្លួនឯង គឺបុគ្គលខ្ញុំម្នាក់ សាងកំហុសយ៉ាងធ្ងន់ធ្ងរ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់សម្ដេចតេជោ។»។
សូមរម្លឹកថា កាលពីរសៀលថ្ងៃទី៧ ខែតុលា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសឱ្យដឹងថា បុគ្គល លី សាម៉េត បានយកឈ្មោះរបស់សម្ដេចទៅបោកប្រាស់ថវិកាអ្នកដទៃរាប់សិបលានដុល្លារ។ កាលណោះ សម្ដេចតេជោ បានស្នើឱ្យក្រសួងយុត្តិធម៌បង្កកទ្រព្យសម្បត្តិបុគ្គល លី សាម៉េត ដើម្បីទុកសងជូនអ្នកដែលបានចាញ់បោក និងបានណែនាំឱ្យជនរងគ្រោះដែលចាញ់បោកបុគ្គល លី សាម៉េត ត្រូវដាក់ពាក្យបណ្ដឹង តាមរយៈមេធាវីរបស់សម្ដេច។ សម្ដេចស្នើសុំសមត្ថកិច្ចតាមឃ្លាំមើលបុគ្គល លី សាម៉េត កុំឲ្យរត់ចេញផុតពីសំណាញ់ច្បាប់។ ភ្លាមៗ សមត្ថកិច្ច ក៏បានឡោមព័ទ្ធផ្ទះរបស់បុគ្គល លី សាម៉េត ក៏ប៉ុន្តែរកមិនឃើញបុគ្គល លី សាម៉េតឡើយ។
តាមរយៈវីដេអូ ដែលផ្សព្វផ្សាយនាថ្ងៃទី០៤ ខែវិច្ឆិកា នេះ បុគ្គល លី សាម៉េត បានសុំទោសសម្ដេចតេជោ ហ៊ុន សែន ចំពោះកំហុសដែលខ្លួនបានប្រព្រឹត្តជាច្រើនដង។ បុគ្គល លី សាម៉េត ក៏បានទទួលស្គាល់ថា ខ្លួនពិតជាបានកុហកអ្នកដទៃថា ខ្លួនធ្លាប់ចេញចូលគេហដ្ឋានរបស់សម្ដេចតេជោ នៅក្រុងតាខ្មៅ ពេលណាក៏បាន តែទាំងដែលខ្លួនមិនធ្លាប់ចូលសោះ។បុគ្គល លី សាម៉េត សារភាពថា មូលហេតុដែលខ្លួនប្រឌិតរឿងប្រាប់អ្នកដទៃថា «អាចចេញចូលគេហដ្ឋានសម្ដេចតេជោពេលណា ក៏បាន» គឺព្រោះតែខ្លួនចង់បានលុយគេ។
បុគ្គល លី សាម៉េត ត្អូញត្អែរថាខ្លួនកំពុងតែមានបញ្ហាសុខភាព ដែលបច្ចុប្បន្នកំពុងរស់នៅជាមួយកូន និងបានសុំពេលវេលាមួយរយៈខ្លី ដើម្បីសម្រាកព្យាបាលជំងឺ រួចនៅចូលខ្លួនទទួលទោសតាមផ្លូវច្បាប់។
ក្នុងស្ថានភាពលើកដៃសំពះជាប់ជានិច្ច បុគ្គល លី សាម៉េត ត្អូញត្អែរដូច្នេះ៖« សព្វថ្ងៃនេះខ្ញុំកំពុងតែមានជំងឺ ហើយនៅផ្ទះកូន ខ្ញុំមានជំងឺទឹកនោមផ្អែម ក្រពះ ពោះវៀន សំខាន់គឺទឹកនោមប្រៃកំពុងតែ(បណ្ដាល)ហើមខ្លួន។ ខ្លួនខ្ញុំហើម ដើរមិនបាន ខ្ញុំសុំពេលវេលាបន្ដិចរយៈពេលខ្លី ខ្ញុំនឹងចេញទៅសារភាពនៅមុខសមត្ថកិច្ច នៅមុខតុលាការ ដើម្បីឱ្យកាត់ទោសខ្ញុំបាទតាមច្បាប់។ ពេលដែលខ្ញុំធ្វើហើយ សុំពេលខ្លី មិនមែនសុំពេលវែងទេ ខ្ញុំមិនរត់គេចទៅណាទេ!»៕
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ព័ត៌មានជាតិ៣ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់