ព័ត៌មានអន្ដរជាតិ
ពូទីន ជួបរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង ចំពេលរឿងរ៉ាវបញ្ជូនទ័ព កំពុងក្តៅគគុក
កាលពីថ្ងៃចន្ទទី៤ខែវិច្ឆិកាឆ្នាំ២០២៤ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានជួបជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើងអ្នកស្រី ឆូ ស៊ុនហ៊ុយ នៅវិមានក្រឹមឡាំង ស្របពេលបណ្តាប្រទេសលោកខាងលិច កំពុងដាក់ការចោទប្រកាន់ពេញទំហឹងថា ទីក្រុងព្យុងយ៉ាង បានបញ្ជូនកងទ័ពរាប់ម៉ឺននាក់ ទៅជួយរុស្ស៊ីប្រយុទ្ធក្នុងសង្គ្រាមជាមួយអ៊ុយក្រែន។
មានរបាយការណ៍ជាហូរហែកាលពីពេលថ្មីៗថា កូរ៉េខាងជើងបានបញ្ជូនកងកម្លាំងប្រមាណ ១ម៉ឺននាក់ទៅជួយរុស្ស៊ី ហើយក្នុងពេលខាងមុខនឹងបញ្ជូនរាប់ពាន់នាក់ជាបន្ថែមទៀត។ លើសពីនេះ កូរ៉េខាងត្បូង ក៏បន្ទោសកូរ៉េខាងជើងជាយូរណាស់មកហើយដែរថា បានបញ្ជួនសព្វាវុធជួយក្រុងមូស្គូប្រយុទ្ធជាមួយអ៊ុយក្រែន ហើយចោទក្រុងព្យុងយ៉ាងថាបានដាក់ពង្រាយទ័ពក្នុងចំនួនច្រើនឲ្យរុស្ស៊ី ក្រោយពេលមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចុះសន្ធិសញ្ញាការពារគ្នាទៅវិញទៅមកជាមួយមេដឹកនាំរុស្ស៊ី វ៉្លាឌឺមៀរ ពូទីន កាលពីខែមិថុនា។
ទោះបែបនេះក្តី ក្នុងជំនួបជាមួយលោក ពូទីន ពេលនេះ, ប្រមុខការទូតកូរ៉េខាងជើង មិនបានលើកឡើងអំពីព័ត៌មានពាក់ព័ន្ធការបញ្ជូនទ័ពទេ ប៉ុន្តែអ្នកស្រីបានថ្លែងអំណរគុណដល់ប្រធានាធិបតីរុស្ស៊ី សម្រាប់ជំនួបនេះនិងការសួរសុខទុក្ខមេដឹកនាំ គីម ជុងអ៊ុន។
ព័ត៌មានលម្អិតនៃជំនួបរវាងថ្នាក់ដឹកនាំទាំងពីរ ក៏មិនមានសារព័ត៌មានណាផ្សព្វផ្សាយខ្លឹមសារឲ្យទូលំទូលាយដែរ។ យ៉ាងណា កាលពីចុងសប្តាហ៍កន្លងទៅ ពេលជួបសមភាគីរុស្ស៊ីនៅទីក្រុងមូស្គូ, អ្នកស្រី Choe ប្រកាសថា ទីក្រុងព្យុងយ៉ាង នឹងឈរប្រកៀកស្មាទីក្រុងមូស្គូ រហូតដល់ «ថ្ងៃជ័យជម្នះ»។
ត្បិតមិនបញ្ជាក់ថា ពាក្យជ័យជម្នះនោះគឺចង់សំដៅទៅលើសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនក៏ដោយ ប៉ុន្តែគេដឹងថា ន័យរបស់អ្នកស្រីគឺចង់សំដៅទៅលើបញ្ហានោះឯង។
សូមបញ្ជាក់ថា រុស្ស៊ី-កូរ៉េខាងជើង មានព្រំដែនគោកនិងទំនាក់ទំនងជាប្រវត្តិសាស្ត្រ តាំងពីសម័យសូវៀតមក។ លោកពូទីន ធ្លាប់ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងឆ្នាំ២០០០ ភ្លាមៗបន្ទាប់ពីក្លាយជាប្រធានាធិបតី ដែលកាលនោះបានជួបជាមួយមេដឹកនាំគីម ជុងអ៊ីល។
សម្ព័ន្ធមិត្តទាំងពីរកាន់តែមានភាពស្និទ្ធស្នាល ក្រោយពេលរុស្ស៊ីចាប់ផ្តើមប្រតិបត្តិការសឹកក្នុងប្រទេសអ៊ុយក្រែននៅដើមឆ្នាំ២០២២។ ជាក់ស្តែងក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីរុស្ស៊ី ទៅកាន់ទីក្រុងព្យុងយ៉ាងកាលពីខែមិថុនា លោកពូទីននិងមេដឹកនាំគីមជុងអ៊ុន បានចុះហត្ថលេខាលើសន្ធិសញ្ញាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមួយការសន្យាថា បើប្រទេសណាមួយរងការវាយប្រហារ ប្រទេសមួយទៀតត្រូវជួយគ្នា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ កូរ៉េខាងជើង ប្រកាសឈរប្រកៀកស្មារុស្ស៊ី រហូតដល់ទីក្រុងមូស្គូឈ្នះ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Miss Grand មីយ៉ាន់ម៉ា លេចធ្លោ និងឈ្នះមកុដធំៗចំនួន ៥ ទោះអាយុទើប១៨ឆ្នាំក្ដី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូត ផែនដីមានព្រះចន្ទ២ នឹងបន្តរហូតដល់ចុងខែវិច្ឆិកា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម៉ាស៊ីនស្វ័យប្រវត្តិ ថតបានភស្តុងតាងសត្វកម្រ ១០៨ ប្រភេទ ក៏មានហ្វូងសត្វឆ្កែព្រៃចុងក្រោយបង្អស់នៅកម្ពុជា
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
ក្រុមហ៊ុនវៀតណាម ដាក់ទុនវិនិយោគជាង $៨០០ លាន លើឧស្សាហកម្មកៅស៊ូនៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អគារជាប់គាំងនៅខេត្តព្រះសីហនុ ចាប់ផ្តើមសកម្មភាពសាងសង់ឡើងវិញបណ្តើរៗ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ខណៈរឿង កូនប្រសារស្រី ផ្ទុះល្បីឡើងវិញ អ្នកស្រី ពាន់ ភួងបុប្ផា បង្ហោះសារបែបនេះ ភ្ជាប់ជាមួយលីងរឿងពេញ!
-
ព័ត៌មានជាតិ១ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលរបបខ្យល់មូសុងឦសានខ្លាំងដល់ថ្ងៃទី៦វិច្ឆិកា
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះ ជាប់ជាង ១០ ម៉ឺននាក់ ក្នុងនោះសិស្សជាប់និទ្ទេស A មានជាង ២ ពាន់នាក់