Connect with us

អត្ថាធិប្បាយ

តើគួរប្រុងប្រយ័ត្នបែបណា ដើម្បីកុំឳ្យចាញ់បោកគេ?

បានផុស

នៅ

មួយរយៈពេលចុងក្រោយនេះ ការឆបោក ឬការបោកប្រាស់ បានក្លាយជាប្រធានបទមួយដ៏ក្តៅគគុកដែលត្រូវបានគេលើកមកជជែកវែកញែកជាញឹកញាប់ ទាំងនៅក្នុងសង្គមជាក់ស្ដែង ទាំងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ និងបណ្ដាញសង្គម។ ទោះបីជាយ៉ាងណាក៏ដោយ ក៏នៅមានប្រជាពលរដ្ឋខ្មែរមួយចំនួន មិនបានជ្រួតជ្រាបអំពីរឿងនេះដែរ ហើយពួកគេនៅតែបន្តរងគ្រោះដោយល្បិចការឆបោក ឬការបោកប្រាស់ទាំងនោះ។ ដើម្បីយល់ច្បាស់អំពីល្បិចឆបោក ឬការបោកប្រាស់ទាំងនោះ សូមពិនិត្យមើលវិធីបោកប្រាស់មួយចំនួនដែលតែងតែកើតឡើងញឹកញាប់នៅកម្ពុជាដូចខាងក្រោម៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

១)ការវេរលុយ ដើម្បីប្ដូរយកអីវ៉ាន់ដែលផ្ញើមកពីក្រៅប្រទេស

វិធីនេះ គឺមានជនដែលយើងមិនដែលស្គាល់ ហើយភាគច្រើនបង្ហាញខ្លួនជាជនបរទេស បានឆាតមកកាន់យើងតាមបណ្ដាញសង្គម ដូចជា ហ្វេសប៊ុក តេឡេក្រាម ឬប្រភេទបណ្ដាញសង្គមផ្សេងៗទៀត ដោយបង្ហាញពីចេតនាផ្សេងៗរបស់ខ្លួន ហើយក៏ប្រាប់ថា មានអីវ៉ាន់ផ្ញើមកឱ្យអ្នក ប៉ុន្តែ មានលក្ខខណ្ឌមួយ គឺតម្រូវឱ្យអ្នកបង់ថ្លៃសេវាកម្មបញ្ញើ ជាដើម។ នៅពេលដែលយើងធ្វើតាមការទាមទាររបស់ជននោះ គឺយើងបានអស់លុយថ្លៃផ្ញើ តែយើងមិនទទួលបានអីវ៉ាន់ទេ។ នេះ គឺជាទម្រង់នៃការបោកប្រាស់ដ៏ពេញនិយមមួយ ហើយមកទល់នឹងពេលនេះ ក៏នៅមានបុគ្គលមួយចំនួននៅតែបន្តចាញ់បោកល្បិចមួយនេះដែរ។

២) កម្ចីអនឡាញ

កម្ចីអនឡាញ គឺរូបភាពនៃការអូសទាញឱ្យប្រើប្រាស់កម្ចីដែលមិនបានផ្តល់ព័ត៌មានច្បាស់លាស់ដូចជា អត្រាការប្រាក់ កម្រៃសេវា ឬនីតិវិធីនៃការសងត្រឡប់ជាដើម។ កម្ចីប្រភេទនេះ មានហានិភ័យខ្ពស់ណាស់ដល់អតិថិជន ដូចជា អត្រាការប្រាក់ខ្ពស់ហួសហេតុ ការគំរាមកំហែង ការបរិហារកេរ្តិ៍ ឬអាចឈានដល់ការប្រើប្រាស់អំពើហិង្សា ជាដើម។

ឧទាហរណ៍ ប្រសិនបើយើងខ្ចី ៣ ០០០ ដុល្លា គឺក្រុមនេះតម្រូវឱ្យបង់ការប្រាក់ ៧៥០ ដុល្លា កក់ប្រាក់ ៣៦០ ដុល្លា ហើយប្រាក់ដែលបានដល់ដៃអ្នកខ្ចីមានត្រឹមតែ ១៨៩០ ដុល្លាប៉ុណ្ណោះ។ ចំពោះការសងវិញ គឺសងប្រចាំថ្ងៃក្នុងរយៈពេលតែ២៥ថ្ងៃប៉ុណ្ណោះ ដោយសងក្នុងមួយថ្ងៃ១២០ ដុល្លា។ ក្នុងករណីយឺតយ៉ាវ នឹងត្រូវទទួលរងការពិន័យ ឬការគំរាមកំហែង។ កន្លងមក មានមនុស្សច្រើនគួរសមដែលរងគ្រោះដោយកម្ចីប្រភេទនេះ រួមមាន ទាំងតារាល្បីៗមួយចំនួនដែរ ហើយសព្វថ្ងៃនេះ ក៏នៅតែមានបងប្អូនជនរួមជាតិរបស់យើងកំពុងរងគ្រោះដោយវិធីកម្ចីប្រភេទនេះដែរ។

៣). ធនាគារអនឡាញ

វិធីបោកមួយនេះ គឺមានជនខិលខូចមួយចំនួនបានបង្កើតផេក (Facebook Page) និង Telegram ដោយដាក់ឈ្មោះស្រដៀងនឹងធនាគារ ឬភ្នាក់ងារឥណទានជាដើម រួចហើយបានប្រើប្រាស់អាសយដ្ឋានធនាគារ ដើម្បីទាញទំនុកចិត្តអតិថិជន។ ជនខិលខូចទាំងនោះ បានបន្លំឈ្មោះធនាគារ ឬភ្នាក់ងារឥណទានណាមួយ ដើម្បីបោកបញ្ឆោតសាធារណជន និងឱ្យអតិថិជនបង់ប្រាក់ជាមុនដើម្បីស្នើសុំឥណទាននៅខាងធនាគារណាមួយ។ វិធីបោកមួយនេះ គេឃើញច្រើនប្រើបានផលទៅលើវិនិយោគិនដែលកំពុងត្រូវការដើមទុនបន្ទាន់។

៤) ដាក់លុយបានលុយដែលធានាថាបានផលចំណេញច្រើន

នេះ ជាវិធីបោកប្រាស់ដ៏ពេញនិយមដែលជនខិលខូចតែងតែប្រើ គឺគេដើរបបួលមហាជនមកចូលរួមវិនិយោគ ដោយគ្រាន់តែដាក់លុយក្នុងចំនួនណាមួយ ហើយគាត់នឹងទទួលបានផលចំណេញក្នុងកម្រិតណាមួយ ដូចជា ១០% ២០% ៣០% ឬច្រើនជាងនេះ ក៏មាន។ គេតែងបបួលវិនិយោគលើវិស័យនេះ វិស័យនោះ ហើយចុងក្រោយជាការបោកប្រាស់។ ដំបូងៗ អ្នកចូលរួមអាចទទួលបានប្រាក់ខ្លះៗ តែក្រោយមក ក៏លែងទទួលបាន។ វិធីនេះ មានប្រជាជនខ្មែរមិនតិចទេដែលទទួលរងគ្រោះ។ សូមចងចាំថា ការអះអាងថា«ការរកស៊ីណាមួយដែលគេបបួលងាយៗ ហើយអះអាងថាចំណេញច្រើន ធានាមិនបាត់ទុន គ្មានហានិភ័យ ឬក្លាយជាអ្នកមានឆាប់ៗនោះ គឺភាគច្រើនជាការបោកប្រាស់ហើយ។

៥) បោកប្រាស់តាមទូរស័ព្ទ

វិធីបោកបញ្ឆោតតាមប្រព័ន្ធទូរស័ព្ទនៅស្រុកយើងឧស្សាហ៍ជួបប្រទះណាស់ ដោយជនខិលខូចបានហៅទូរស័ព្ទមកសមាជិកគ្រួសារណាម្នាក់ ដោយកុហក ឬឆបោកថាសមាជិក គ្រួសាររបស់ខ្លួនម្នាក់ទៀតជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរត្រូវការលុយជាបន្ទាន់ ជាដើម។ ប្រសិនបើ យើងផិតភ័យហើយមិនបានផ្ទៀងផ្ទាត់ព័ត៌មានជាមួយគ្រួសារ រួចក៏ផ្ញើប្រាក់ទៅឱ្យជនខិលខូចនោះ យើងប្រាកដជាខាតបង់ប្រាក់ដោយឥតប្រយោជន៍ហើយ។ វិធីបែបនេះ ក៏មានធ្លាប់មានប្រជាជនខ្មែរយើងរងគ្រោះច្រើនដែរ គួរប្រុងប្រយ័ត្នទាំងអស់គ្នា។ 

៦) Hack តាមលេខទូរស័ព្ទ

កន្លងមកមានករណីលេខចម្លែកពីបរទេសជាច្រើន ខណៈលេខទូរស័ព្ទខ្លះ ត្រូវគេហៅចូលដើម្បីចូល Hack តាមរយៈ Callback Scam ទៅកាន់ជនសង្ស័យ ដែលលេខរបស់ពួកគេអាចប្រើប្រាស់ International Premium Rate Number (IPRN) និងមានព័ត៌មានគ្មានប្រភពច្បាស់លាស់ ដែលគេនិយាយថា នឹងបាត់បង់លុយពីធនាគារប្រសិនមានការទទួល ឬហៅទៅវិញ។ ក្នុងនោះ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ បានឱ្យដឹងថា ហេតុការណ៍នេះបានកើតមានច្រើនដងនិងច្រើនឆ្នាំមកហើយ ស្របពេលបច្ចុប្បន្ននេះ នៅតែបន្តមានដែរ តែពុំមានបញ្ហាបាត់បង់ថវិកាពីធនាគារ ឬទិន្នន័យអ្វីមួយពីទូរស័ព្ទរបស់នណាម្នាក់ទេ។ ប៉ុន្តែ មានការបាត់ថវិកាក្នុងលេខទូរស័ព្ទពីរករណី ដូចខាងក្រោម៖

ក)ប្រសិនលោកអ្នកចុចទទួលនោះ ភាគីជនអនាមិកនោះ នឹងត្រូវចំណាយថវិកាហៅចេញក្រៅប្រទេស

ខ)ប្រសិនលោកអ្នកជាអ្នកតេត្រលប់វិញទៅកាន់លេខទូរស័ព្ទជនអនាមិកនោះ ប្រាកដណាស់លោកអ្នកនឹងត្រូវបាត់បង់ថវិកាផ្ទុកក្នុងគណនីសេវាទូរស័ព្ទអ្នកសម្រាប់ការហៅទៅក្រៅប្រទេស។

៧) ការបោកប្រាស់តាមអ៊ីនធឺណេត

បច្ចុប្បន្ន សង្គមយើងកំពុងស្ថិតនៅក្នុង World Wide Web ដែលជាសកលលោកឌីជីថលសម្បូរទៅដោយព័ត៌មានដែលបំពាក់ដោយបច្ចេកវិទ្យាព័ត៌មានទំនើប។ ទន្ទឹមនឹងនោះ ពួកជនឆបោកក៏បានឆ្លៀតឱកាសនេះ ទាញយកផលប្រយោជន៍តាមរយៈការបោកប្រាស់នៅក្នុងអ៊ីនធឺណេតដែរ។ ពួកគេភាគច្រើនបានបង្កើតជាគ្រុបវិនិយោគ ដែលនិយាយអំពីផលប្រយោជន៍នៃការវិនិយោគរបស់ពួកគេ ដើម្បីទាក់ទាញមនុស្សផ្សេងទៀតឱ្យដាក់លុយវិនិយោគជាមួយពួកគេ។ កន្លងមក ក៏មានប្រជាជនខ្មែរមួយចំនួនធ្លាប់ចាញ់បោកល្បិចនេះដែរ។

៨)ការឈ្នះរង្វាន់ពីក្រុមហ៊ុនណាមួយ

នេះ ក៏ជាល្បិចដ៏ពេញនិយមដែរ គឺមានជនខិលខូចហៅទូរសព្ទមកប្រាប់ថា លេខទូរស័ព្ទរបស់អ្នកត្រូវរង្វាន់ជាសាច់ប្រាក់ ម៉ូតូ ឡាន ទូរស័ព្ទ ជាដើម ទោះបីជាអ្នកមិនធ្លាប់បានផ្សងសំណាងឬជាប់ពាក់ព័ន្ធអ្វីសោះជាមួយក្រុមហ៊ុនទាំងនោះក៏ដោយ។  ប៉ុន្តែ ពួកគេតម្រូវឱ្យអ្នកត្រូវបង់ថ្លៃសេវាក្នុងចំនួនណាមួយ បន្ទាប់អ្នកក៏មិនទទួលបានរង្វាន់ដូចអ្វីដែលគេបានសន្យានោះទេ ពេលដែលអ្នកបង់ថ្លៃសេវាហើយ លេខទូរសព្ទនោះ ក៏មិនអាចទាក់ទងបានតទៅទៀតទេ។

៩)សិក្ខាសាលាវិនិយោគ

វិធីបោកមួយប្រភេទនេះ វាមិនជាទូទៅឡើយទេ គឺអាចមានជនខិលខូចមួយចំនួនតូចដែលឆ្លៀតឱកាសបង្កើតវាឡើងមក។ គេអាចនឹងនិយាយថា ចូលរួមជាមួយគេ អ្នកដាក់តែលុយទៅ គេច្បាស់ជាឱ្យលុយចំណេញគុណនឹង២ឬ៣ នៅក្នុងរយៈពេលកំណត់ណាមួយ។ អ្នកអាចនឹងជឿ ហើយគិតថាមិនងាយរកបានទេ មិនហត់អីផងបានលុយចំណេញដែរ។  ទីបំផុត ក៏មានអ្នកចាញ់បោកគេតាមវិធីបែបនះដែរ។ អាស្រ័យហេតុនេះ សូមបង្កើនការប្រុងប្រយ័ត្នឱ្យ មែនទែន សូមសិក្សាពីកម្មវិធី ក៏ដូចជាបុគ្គលដែលបង្កើតសិក្ខាសាលាឱ្យច្បាស់សិន មុននឹងសម្រេចចិត្តបង់លុយរៀន ដើម្បីបង្ការការខាតបង់លុយកាក់ឬចាញ់បោកគេ។

១០)ការបោកប្រាស់តាមទម្រង់ Ponzi Scheme

តាមពិតទៅល្បិចបោកលុយពីអ្នកវិនិយោគមួយនេះ មានតាំងពីឆ្នាំ១៨៦៩មកម្ល៉េះ តែចាប់ផ្ដើមល្បីខ្លាំងក្នុងទសវត្សរ៍ឆ្នាំ១៩២០ លោក Ponzi បានធ្វើការសន្យាចំពោះអ្នកបណ្តាក់ទុនថា នឹងផ្តល់ការប្រាក់៥០%ឱ្យត្រឡប់មកវិញក្នុងរយៈពេល៩០ថ្ងៃ។ អ្នកដែលប្រើវិធីសាស្រ្ត Ponzi នេះ ពួកគេនឹងធ្វើការសន្យាចំពោះអតិថិជនថ្មីៗរបស់ពួកគេថា នឹងផ្តល់ប្រាក់ចំណេញដ៏ខ្ពស់មួយជាមួយហានិភ័យដ៏តិចតួចបំផុត។ ជាទូទៅ ក្រុមហ៊ុនដែលធ្វើប្រតិបត្តិការដោយប្រើវិធីសាស្រ្ត Ponzi នេះ ពួកគេផ្តោតជាសំខាន់ទៅលើការទាក់ទាញអតិថិជនថ្មីៗឱ្យធ្វើការវិនិយោគ។ វាមានលក្ខណៈដូចខាងក្រោម ៖

– មានការអះអាងថាការវិនិយោគនេះផ្ដល់ប្រាក់ចំណេញត្រឡប់មកវិញច្រើន និងមានហានិភ័យទាប

– ទទួលបានប្រាក់ចំណេញច្រើនជារៀងរាល់ខែ ឬរាល់ពេលទទួលបានពីការវិនិយោគ

– ជាការវិនិយោគដែលមិនមានការចុះបញ្ជី និងគ្មានអាជ្ញាបណ្ណត្រឹមត្រូវ

– ក្រុមអ្នកលក់ផលិតផល និងសេវាដែលមិនមានអាជ្ញាបណ្ណ

– ជាការវិនិយោគដែលមានភាពលាក់បាំង និងយុទ្ធសាស្ត្រដែលមានភាពស្មុគ្រស្មាញ

–ចុងក្រោយ អ្នកនឹងចាប់ផ្តើមទទួលបានការទូទាត់លុយប្រាក់ចំណេញត្រឡប់មកវិញកាន់តែលំបាកឡើង។

១១) ការលេងតុងទីនជាមួយមេមិនស្មោះត្រង់

ការលេងតុងទីនក៏មានហានិភ័យខ្ពស់ដែរ កន្លងមកក៏ធ្លាប់បានមនុស្សមួយចំនួនចាញ់បោកមេតុងទីនគ្មានភាពស្មោះត្រង់ដែលបានប្រមូលលុយកូនតុងទីនរាប់ម៉ឺន រាប់សែន រាប់លានដុល្លារ រត់គេចខ្លួនបាត់ស្រមោល ទុកឱ្យកូនតុងទីនខាតប្រាក់រាប់សិបម៉ឺន សែន លាន ដុល្លា។  ដូច្នេះ គួរតែប្រយ័ត្នចំពោះល្បែងតុងទីងនេះ។

១២)ការប្រាស់តាមរយៈដីឡូតិ៍ ឬបុរី

ការបោកប្រាស់ប្រភេទនេះ គឺជាអំពើបោកដ៏សាហាវ គឺអ្នកទិញបានត្រឹមតែអស់ប្រាក់ហើយមិនបានដី ឬផ្ទះទេ។ ឧទាហរណ៍ ដីមួយកន្លែងតម្លៃមួយលានដុល្លារ អ្នកពុះដីឡូតិ៍បានទៅទិញពីម្ចាស់ទីមួយនោះ ក៏ប៉ុន្តែ គាត់បានបង់តែ៣០ម៉ឺនដុល្លារទេ ហើយ៧០ម៉ឺនដុល្លារទៀត នឹងបង់នៅពេលដែលគេផ្ទេរកម្មសិទ្ធិ។ លុះប្រជាជនដែលជាអ្នកទីបីពុំបានដឹង ឃើញគេពុះលក់ដីឡូតិ៍លក់ក៏ទៅទិញ ប៉ុន្តែ ប័ណ្ណកម្មសិទ្ធិ គឺនៅម្ចាស់ដើមនៅឡើយ ចំណែកលុយនៅសេសសល់៧០ម៉ឺនទៀត អ្នកពុះដីឡូតិ៍អត់បង់ទៅឱ្យម្ចាស់ទីមួយទេ ដោយសារគាត់លក់ដីមិនចេញឬគាត់យកប្រាក់ដែលលក់ដីបានទៅចាយខុសខ្ទង់ ហើយគ្មានលុយសងទៅម្ចាស់ដី ចុងក្រោយគាត់ជាប់ពន្ធនាគារ ឬគេចខ្លួនបាត់។ ចំណែក ឯម្ចាស់ដើមអត់ផ្ទេរកម្មសិទ្ធិឱ្យ ហើយអ្នករងគ្រោះ គឺអ្នកទីបី ជាអ្នកទិញដីឡូតិ៍ ដែលទិញដីហើយមិនបានដីឬមិនបានប្លង់កម្មសិទ្ធិ។ ក្រៅពីនេះ ក៏មានប្រជាជនកម្ពុជាមិនតិចដែរដែលបានបង់រំលស់ ឬបង់ផ្ដាច់នូវថ្លៃទិញផ្ទះក្នុងបុរីមួយចំនួននៅកម្ពុជា តែមិនទទួលបានផ្ទះដែរ។ 

xr:d:DAF5wX1s758:241,j:4875565847365078738,t:24022006

ឆ្លងកាត់ការរៀបរាប់ខាងលើនេះ យើងឃើញមានវិធី ឬល្បិចបោកប្រាស់ច្រើនណាស់ដែលកំពុងមានវត្តមាននៅកម្ពុជា ក៏ដូចជា ប្រទេសដទៃ។ ទន្ទឹមនឹងនេះដែរ ក៏មានប្រជាជនកម្ពុជា និងប្រជាជាតិនានាក្នុងតំបន់និងពិភពលោក ក៏កំពុងរងគ្រោះដោយកលល្បិចទាំងនេះដែរ។ ហេតុនេះ ប្រជាជនកម្ពុជាគ្រប់រូបត្រូវតែបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ខិតខំទទួលព័ត៌មានឱ្យបានច្រើន រៀនគិតពិចារណារឱ្យហ្មត់ចត់មុននឹងធ្វើសេចក្ដីសម្រេចចិត្តទិញដីឬផ្ទះ ដាក់ទុនវិនិយោគ ឬខ្ចីប្រាក់ពីក្រុមឬស្ថាប័នណាមួយ បើមិនដូច្នោះទេ បងប្អូននៅតែបន្តចាញ់បោក និងរងគ្រោះដោយល្បិចពិសពុលទាំងនោះមិនខានឡើយ។

លើសពីនេះទៀត អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវតែប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីបង្ការការការឆបោក និងការបោកប្រាស់តាមគ្រប់រូបភាព ធ្វើយ៉ាងណាជួយឱ្យប្រជាជនកម្ពុជារស់នៅដោយមានសន្តិសុខ គេចផុតពីការបោកប្រាស់ និងការរងគ្រោះផ្សេងៗ និងអាចរស់នៅការរីកចម្រើននិងសុខដុមរមនា៕        

ដោយ៖ បណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជានិងអ្នកតាមដានហេតុការណ៍សង្គម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ព្យុះទី២២ ឈ្មោះ ឃីនស៊ីង នឹងជះឥទ្ធិពលលើកម្ពុជា​ ចាប់ពីថ្ងៃនេះដល់ថ្ងៃទី៧វិច្ឆិកា

ព័ត៌មានជាតិ១៥ ម៉ោង មុន

Breaking News! បុគ្គល លី សាម៉េត ត្រូវសមត្ថកិច្ចនាំខ្លួនពីខេត្តព្រះសីហនុ ឆ្ពោះមករាជធានីភ្នំពេញដើម្បីបន្តនីតិវិធី

ព័ត៌មានជាតិ២២ ម៉ោង មុន

បុគ្គល លី សាម៉េត សារភាពថា«ខ្លួនពិតជាបានយកឈ្មោះសម្ដេចតេជោ ទៅបោកលុយអ្នកដទៃ» និងសុំពេលព្យាបាលជំងឺមួយរយៈ រួចនឹងទៅទទួលទោសតាមផ្លូវច្បាប់

សន្តិសុខសង្គម២០ ម៉ោង មុន

ជំនន់ទឹកភ្លៀងកំពុងហូរកាត់ផ្លូវជាតិលេខ៣​ចន្លោះ​គីឡូម៉ែត្រ​ ៥៣​-៥៤​

ព័ត៌មានជាតិ១៨ ម៉ោង មុន

ក្រោយតុលាការឱ្យនៅក្រៅឃុំ លោក ម៉ិច ដារ៉ា ត្រូវបានសម្ដេចធិបតី អនុញ្ញាតឱ្យជួបជជែកពីបញ្ហាសិទ្ធិសេរីភាព ទំនួលខុសត្រូវអ្នកសារព័ត៌មាន

Sokha Hotels

ព័ត៌មានពេញនិយម