ព័ត៌មានជាតិ
កម្ពុជាកំពុងធ្វើព្រាងផែនការមេសម្រាប់ការអភិវឌ្ឍវិស័យមូលបត្រ ២០២៥-២០៣៥
និយ័តករមូលបត្រកម្ពុជា (SERC) កំពុងប្រមូលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធដើម្បីព្រាងនូវផែនការមេសម្រាប់ការអភិវឌ្ឍវិស័យមូលបត្រ ២០២៥-២០៣៥ ដែលនឹងក្លាយជាឯកសារផែនទីចង្អុលផ្លូវក្នុងការអភិវឌ្ឍវិស័យនេះឱ្យកាន់តែមានភាពទាក់ទាញ និងជាប្រភពទុនដ៏សំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច។
កាលពីថ្ងៃទី១ ខែវិច្ឆិកា SERC បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី សេចក្តីព្រាងផែនការមេនេះនៅ ខេត្តកែបក្នុងគោលបំណងទទួលបានមតិយោបល់បន្ថែម និងប្រមូលធាតុចូលពី គ្រប់ភាគីពាក់ព័ន្ធ ដើម្បីឱ្យផែនការមេនេះ មានភាពមុតស្រួច គ្រប់ជ្រុងជ្រោយ បរិយាបន្ន និងនវានុវត្តន៍ និង ឆ្លើយតបទៅនឹងនិន្នាការនៃការអភិវឌ្ឍក្នុងប្រទេស និងសកល ក្នុងសម័យសាកលភាវូបនីយកម្ម និងឌីជីថលូប- នីយកម្មនេះ ដើម្បីឱ្យផែនការមេនេះអាចដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាព និងផ្លែផ្កាខ្ពស់ ក្នុងគោលដៅ អភិវឌ្ឍវិស័យមូលបត្រឱ្យកាន់តែរីកចម្រើនទៅមុខជាលំដាប់។
សិក្ខាសាលានោះមានការចូលរួមពីតំណាងនៃអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងបរិស្ថាន, ធនាគារជាតិនៃកម្ពុជា, អគ្គលេខាធិការដ្ឋាន និងនិយ័តករ ក្រោមឱវាទអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, ផ្សារមូលបត្រកម្ពុជា, បេឡាជាតិសន្តិសុខសង្គម, សមាគម ក្រុមហ៊ុនមូលបត្រកម្ពុជា, សមាគមឈ្មួញជើងសាឧបករណ៍និស្សន្ននៅកម្ពុជា, សមាគមអ្នកវិនិយោគមូលបត្រ កម្ពុជា, ក្រុមហ៊ុនបោះផ្សាយលក់មូលបត្រ, ក្រុមហ៊ុនគ្រប់គ្រងមូលនិធិ និងស្ថាប័នពាក់ព័ន្ធដទៃទៀត។
លោក ស៊ូ សុជាតិ អគ្គនាយកនៃ SERC បានថ្លែងនៅក្នុងសិក្ខាសាលានោះថា ស្របពេលដែលវិស័យនេះបានបន្តនូវការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ស្ថាប័នលោកបានកំពុងធ្វើការប្រមូលនូវធាតុចូលពីភាគីពាក់ព័ន្ធនានាដើម្បីចងក្រងជាផែនការមេសម្រាប់អភិវឌ្ឍន៍វិស័យនេះឱ្យកាន់តែរីកចម្រើនប្រកបដោយនិរន្តរភាព និងបរិយាបណ្ន ជាពិសេសគឺដើរស្របទៅនឹងការរីកចម្រើននៃវិស័យនេះនៅក្នុងតំបន់ និងសកលលោក។
លោកបានថ្លែងថា៖«ឯកសារយុទ្ធសាស្ត្រនេះ ជាឯកសារយុទ្ធសាស្ត្រ សម្រាប់ SERC និងក្រុមហ៊ុនស្ថិតក្រោមនិយ័តកម្មរបស់ SERC អនុវត្ត ដូចនេះធាតុចូលពីភាគីពាក់ព័ន្ធ នៅក្នុងថ្ងៃនេះ គឺពិតជាមានសារៈសំខាន់នៅក្នុងការសម្រេចគោលដៅរួមរបស់យើង ហើយក៏ទាមទារជាចាំបាច់ នូវការចូលរួមអនុវត្តទាំងអស់គ្នា»។
បើតាម SERC ក្នុងរយៈពេលជាងមួយទស្សវត្សរ៍មកនេះ SERC បានផ្តល់អាជ្ញាបណ្ណ ការអនុញ្ញាត និងការទទួលស្គាល់ដល់ក្រុមហ៊ុនធ្វើអាជីវកម្ម និងផ្តល់សេវាក្នុងវិស័យមូលបត្រចំនួន ១៣១ ក្រុមហ៊ុន និងបានរៀបចំនិងអនុម័តនូវច្បាប់ បទប្បញ្ញត្តិ និងគោលការណ៍ណែនាំផ្សេងៗ ដើម្បីឱ្យទីផ្សារនេះមានសណ្តាប់ធ្នាប់គណនេយ្យភាព និងតម្លាភាព។
លោក ហុង សុហួរ អគ្គនាយកផ្សារមូលបត្រកម្ពុជា បានថ្លែងនៅក្នុងកម្មវិធីពិព័រណ៍ផ្សារហ៊ុនកាលពីពេលថ្មីៗកន្លងទៅនេះថា គិតត្រឹមបច្ចុប្បន្ន ផ្សារមូលបត្រកម្ពុជាមានគណនីជួញដូរជាង ៥៧,០០០ គណនីហើយ និងរំពឹងថា ចំនួននេះនឹងកើនដល់ប្រហែល ៦១,០០០ គណនីត្រឹមចុងឆ្នាំនេះ ដោយកើនបាន១៥,០០០ គណនីថ្មី ក្នុងឆ្នាំ ២០២៤នេះ។ រីឯទំហំជួញដូរជាមធ្យមប្រចាំថ្ងៃវិញ គឺមានប្រមាណជា ២០ម៉ឺនដុល្លារក្នុងមួយថ្ងៃ បើគិតពីដើមឆ្នាំ ២០២៤មក។
«ខ្ញុំមានក្តីស្រមៃមួយថា ផ្សារមូលបត្ររបស់យើងនឹងមានអ្នកវិនិយោគដល់ ១លាននាក់, ការទិញលក់ប្រចាំថ្ងៃដល់ ១០០លានដុល្លារ, ម្ចាស់អាជីវកម្មអាចចូលផ្សារហ៊ុន និងកៀរគទុនបានដល់ ១០០០លានដុល្លារ ក្នុងមួយឆ្នាំ, អ្នកវិនិយោគសាធារណៈនឹងអាចមានភាគហ៊ុន ដែលមានតម្លៃសរុបដល់ ១លានដុល្លារ រាប់ពាន់រាប់ម៉ឺននាក់, ហើយអាជីវកម្ម ដែលមានតម្លៃរយលាន ពាន់លានដុល្លារ នឹងមានរាប់មិនអស់ នៅកម្ពុជា»។ នេះបើយោងតាមលោក ហុង សុហ៊ួរ៕
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល