Connect with us

ព័ត៌មានជាតិ

កម្ពុជា-បារាំង ដាក់ឱ្យអនុវត្តគម្រោងអភិវឌ្ឍន៍យុវជនដំណាក់កាលទី ២ អភិវឌ្ឍន៍យុវជននៅតំបន់ជនបទមានអនាគតកាន់តែប្រសើរ

បានផុស

នៅ

ក្រសួង​អប់រំ យុវជន និង​កីឡា​ និង​សាធារណរដ្ឋ​បារាំង ​បានរួម​គ្នា​ដាក់ឱ្យអនុវត្ត​គម្រោង​អភិវឌ្ឍន៍​យុវជន​ដំណាក់កាល​ទី ​២ ​ដើម្បី​អភិវឌ្ឍន៍​យុវជន​រស់នៅ​តំបន់​ជនបទ​ឱ្យ​ត្រៀមខ្លួន​បានល្អ​ទាំង​ផ្នែក​បុគ្គលិកលក្ខណៈ​វិជ្ជាជីវៈ និង​សង្គម​សម្រាប់​អនាគត​កាន់តែ​ប្រសើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី «​ការអនុវត្ត​គម្រោង​អភិវឌ្ឍន៍​យុវជន​ដំណាក់កាល​ទី​ ១ និង​ប្រកាស​បន្ត​គម្រោង​ដំណាក់កាល​ទី​ ២» និង​ការ​សម្ពោធ​ឯកសារ​សិក្សា​សិល្បៈ និង​វប្បធម៌ «​ទេពហត្ថា​» កាលពី​ថ្ងៃទី​ ០៥ វិច្ឆិកា លោក​បណ្ឌិត​សភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​បារាំង ទីភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ (AFD) អង្គការ​ស៊ី​ប៉ា ដៃគូ​អភិវឌ្ឍន៍ និង​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ដែល​តែងតែ​ជួយ​ជ្រោមជ្រែង​យ៉ាងសកម្ម​ក្នុង​កំណែទម្រង់​វិស័យ​អប់រំ ជាពិសេស​ការ​អភិវឌ្ឍ​យុវជន សំដៅ​ធានា​ការ​ផ្តល់សេវា​អប់រំ​ប្រកបដោយ​គុណភាព សមធម៌ បរិ​យាប​ន្ន និង​ការផ្តល់​ឱកាស​សិក្សា​ពេញ​មួយជីវិត​សម្រាប់​ទាំងអស់គ្នា ព្រមទាំង​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​សមិទ្ធផល​ក្នុង​គម្រោង​អភិវឌ្ឍន៍​យុវជន​ដំណាក់កាល​ទី ​១ រយៈពេល ៣​ ឆ្នាំ ដោយបាន​ចូលរួម​អភិវឌ្ឍន៍​យុវជន​រស់នៅ​តំបន់​ជនបទ ឱ្យ​ត្រៀមខ្លួន​បានល្អ​ទាំង​ផ្នែក​បុគ្គលិកលក្ខណៈ​វិជ្ជាជីវៈ និង​សង្គម​សម្រាប់​អនាគត​កាន់តែ​ប្រសើរ តាមរយៈ​ការផ្តល់​ការតម្រង់ទិស​វិជ្ជាជីវៈ​ដល់​សិស្ស​នៅតាម​វិទ្យាល័យ​គោលដៅ​ចំនួន ១៦ ព្រមទាំង​លើកស្ទួយ​សកម្មភាព​អប់រំ​ក្នុង​សហគមន៍​នៅក្នុង​ខេត្ត​គោលដៅ​ចំនួន ១៤។

លោក​ឧបនាយករដ្ឋមន្ត្រី​ បាន​បន្តថា ​គម្រោង​អភិវឌ្ឍន៍​យុវជន​ដំណាក់កាល​ទី ​២ ​នេះ នឹង​ជា​សមាសធាតុ​មួយ​យ៉ាងសំខាន់​ក្នុងការ​តម្រង់​ទិស​វិជ្ជាជីវៈ និង​ការងារ​ស្ម័គ្រចិត្ត​របស់​យុវជន​ក្នុង​សហគមន៍​ដែល​គម្រោង​នេះ​មាន​រយៈពេល ៣២​ ខែ (​ចាប់​អនុវត្ត​ពី​ខែតុលា ឆ្នាំ ​២០២៤ ដល់ ខែ​ឧសភា ឆ្នាំ​ ២០២៧) ក្នុង​គម្រោង​ថវិកា​ជាង ៩៨​ ម៉ឺន​ដុល្លារ ដែល​ក្នុងនោះ ៨០% ទទួលបាន​ពី​ទីភ្នាក់ងារ​បារាំង​សម្រាប់​អភិវឌ្ឍន៍ (AFD) និង​ ២០% ជា​បន្ទុក​របស់​អង្គការ​ស៊ី​ប៉ា។ ការផ្សព្វផ្សាយ​ជា​ផ្លូវការ ​នៃ​ការអនុវត្ត​គម្រោង​ដំណាក់កាល​ទី​ ២ ​នេះ បានបង្ហាញ​ពី​ការ​យកចិត្តទុកដាក់​ប្ដេជ្ញា​ចិត្ត​រួមគ្នា​រវាង​ដៃគូ​អភិវឌ្ឍន៍​ជាមួយ​នឹង​អង្គភាព​ពាក់ព័ន្ធ​របស់​ក្រសួង ក្នុងការ​អនុវត្ត​គម្រោង​ឱ្យ​ទទួលបាន​ជោគជ័យ ឆ្លើយតប​នឹង​គោលដៅ​ចម្បង​របស់​គម្រោង​គឺ​គាំទ្រ​ដល់​ការអនុវត្ត​គោលនយោបាយ​ជាតិ​ស្តីពី​ការអភិវឌ្ឍ​យុវជន​កម្ពុជា តាមរយៈ​ការផ្តល់​ការតម្រង់ទិស​វិជ្ជាជីវៈ និង​ការបង្កើន​ការចូលរួម​ក្នុង​កិច្ចការ​ស្ម័គ្រចិត្ត​តាមរយៈ​សហគមន៍ និង​សកម្មភាព​អភិវឌ្ឍ​យុវជន​ប្រមាណ ៤​ ម៉ឺន (៥០% ​ជា​យុវតី​) អាយុ​ចន្លោះ​ពី​ ១២ ​ឆ្នាំ ដល់ ២៥ ​ឆ្នាំ នៅតាម​ទីជនបទ​ក្នុង​ខេត្ត​ចំនួន ២៤ ដែលមាន​វិទ្យាល័យ​ចំនួន​២៦ មជ្ឈមណ្ឌល​យុវជន​ចំនួន ​៣ និង​អង្គការ សហគមន៍​មូលដ្ឋានចំនួន​ ២៣។

លោក​ឧបនាយករដ្ឋមន្ត្រី​បាន​បន្តទៀតថា​ អង្គការ​ស៊ី​ប៉ា បាន​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ចូលរួម​ជួយ​អភិវឌ្ឍន៍​ធនធាន​សិក្សា បំពេញតម្រូវការ​សៀវភៅ​សិក្សា និង​ឯកសារ​រៀនសូត្រ ជាពិសេស​កុមារ​នៅតាម​តំបន់​ជនបទ ផ្តល់ឱ្យ​កុមារ និង​យុវជន​ទាំងអស់​ទទួលបាន​ការ​អប់រំ​ប្រកបដោយ​គុណភាព លុបបំបាត់​អនក្ខរភាព និង​បណ្ដុះ​ទម្លាប់​អាន​សៀវភៅ។

លោក​ឧបនាយករដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា ​សាលារៀន សិស្សានុសិស្ស និង​សហគមន៍ នឹង​ទទួល​បាន​អត្ថប្រយោជន៍​ជាច្រើន​ចេញពី​កម្មវិធី​នេះ និង​សូម​ស្នើ​ឱ្យ​អង្គការ​ស៊ី​ប៉ា ព្រមទាំង​នាយកដ្ឋាន​ពាក់ព័ន្ធ​របស់​ក្រសួង សហការ​អនុវត្ត​គម្រោង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ធានា​បាន​លទ្ធផល​ល្អ​ស្របតាម​ការ​រំពឹង​ទុក សំដៅ​រួមចំណែក​លើកកម្ពស់​ការ​សិក្សា​សិស្ស ការ​តម្រង់​ទិស​វិជ្ជាជីវៈ និង​ការងារ​ស្ម័គ្រចិត្ត​របស់​យុវជន​ក្នុង​សហគមន៍​មូលដ្ឋាន​ឱ្យ​កាន់តែ​សកម្ម។

លោក ​Jacques Pellet ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​បារាំង​ប្រចាំ​កម្ពុជា ​បានបង្ហាញ​ចំណាប់​អារម្មណ៍​រំភើប​រីករាយ និង​កោតសរសើរ​ចំពោះ​សមិទ្ធផល​របស់​គម្រោង ដោយ​គូស​បញ្ជាក់​ថា វប្បធម៌​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​អប់រំ​នៅ​កម្ពុជា ជាពិសេស​ការ​អភិវឌ្ឍ​យុវជន ដែល​នេះ​ហើយ​ជា​បុព្វហេតុ​ចម្បង​នាំឱ្យ​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការ​អភិវឌ្ឍ (AFD) គាំទ្រ​ដល់​បេសកកម្ម​របស់​អង្គការ​ស៊ី​ប៉ា ក្នុងអំឡុង ១០ ឆ្នាំ មកនេះ ជាមួយ​ការ​ប្ដេជ្ញា​ចិត្ត​បន្ត​អប់រំ និង​អភិវឌ្ឍន៍​យុវជន​តាមរយៈ​ការ​លើក​កម្ពស់​អំណាន​សម្រាប់​យុវជន​កម្ពុជា៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៣ វិនាទី មុន

កម្ពុជា-បារាំង ដាក់ឱ្យអនុវត្តគម្រោងអភិវឌ្ឍន៍យុវជនដំណាក់កាលទី ២ អភិវឌ្ឍន៍យុវជននៅតំបន់ជនបទមានអនាគតកាន់តែប្រសើរ

ព័ត៌មានជាតិ១៦ នាទី មុន

រដ្ឋបាលរាជធានីភ្នំពេញ ជួសជុលកែលម្អសួន និង រូបសំណាក សម្ដេចព្រះសង្ឃរាជ ជួន ណាត

ព័ត៌មានជាតិ១៨ នាទី មុន

រដ្ឋមន្ត្រីការងារ ស្នើភាគីកូរ៉េខាងត្បូង បង្កើនកូតាទទួលពលករជំនាញកម្ពុជាឱ្យបានច្រើនថែមទៀត

ជីវិតកម្សាន្ដ២៦ នាទី មុន

បវរកញ្ញា​មីយ៉ាន់ម៉ា​ បង្ហាញ​ខ្លួន​​​លើក​ដំបូង​ ក្រោយ​បាត់​បង់​តំណែងលេខ​២ MGI

ព័ត៌មានអន្ដរជាតិ៣៣ នាទី មុន

តៃវ៉ាន់ ជឿ​ថា អាមេរិក​នៅ​តែ​រក្សា​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ខ្លួន ក្រោយ​ការ​បោះឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម