ព័ត៌មានជាតិ
ពីអតីតសិស្សនិទ្ទេស Eម្នាក់ ប្រែក្លាយជានិស្សិតអាហារូបករណ៍ថ្នាក់អនុបណ្ឌិតធុរ:កិច្ចនៅថៃ
ជាអតីតសិស្សវិទ្យាល័យហ៊ុនសែនសេរីភាព បញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៥ ដោយទទួលបាននិទ្ទេសE សព្វថ្ងៃយុវជនវ័យ២៤ឆ្នាំ ណាត ឧត្តម គឺជានិស្សិតអាហារូបករណ៍ថ្នាក់អនុបណ្ឌិតផ្នែកធុរ:កិច្ច នៅសកលវិទ្យាល័យ ASSUMPTION នាទីក្រុងបាំងកក ប្រទេសថៃ។ បើទោះបីជាអាហាររូបករណ៍នោះមិនបាន១០០% តែនោះជាក្ដីស្រម៉ៃ និងជាការសម្រេចនូវបំណងប្រាថ្នាដ៏ធំបំផុតរបស់លោក។
លោក ណាត ឧត្តម មានបងប្អូន៣នាក់ ហើយរូបលោកជាកូនពៅនៅក្នុងគ្រួសារមួយ ដែលមានទីលំនៅក្នុងភូមិព្រែករទាំង ឃុំព្រែកកំពឹស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលសព្វថ្ងៃត្រូវបានកាត់ចូលក្នុងរាជធានីភ្នំពេញ។ បន្ទាប់ពីបានបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិនៅឆ្នាំ២០១៥ដោយជាប់និទ្ទេសE លោកបានសម្រេចចិត្តបន្តការសិក្សានៅ សកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច លើមុខជំនាញសេដ្ឋកិច្ចអភិវឌ្ឍ ដែលលោកមិនដែលស្គាល់ និងមិនមែនជាក្ដីស្រម៉ៃរបស់លោកទាល់តែសោះ។
ប៉ុន្តែដោយសារតែមានការជំរុញពីគ្រួសារ និងដោយមើលឃើញថាមុខជំនាញនេះមានភាពទូលំទូលាយ និងអំណោយផល ទើបលោកសម្រេចចិត្តជ្រើសយកជំនាញមួយនេះ។ តាមពិត មុខជំនាញដែលលោកចូលចិត្តគឺផ្នែកឌីហ្សាញទៅលើការរចនាម៉ូតទេ។
នៅក្នុងដំណើរជីវិតជានិស្សិតសកលវិទ្យាល័យមួយរូប ដែលសិក្សាលើមុខជំនាញដែលមិនមែនក្ដីស្រមៃខ្លួនពីមុន យុវជន ណាត ឧត្តម បានរៀបរាប់ថា៖ «នៅពេលដែលខ្ញុំចប់ថ្នាក់ទី១២ដំបូង ខ្ញុំដូចជាយុវជនយើងដែលមកពីខេត្ត ឬរាជធានីភ្នំពេញផ្សេងទៀតអីចឹង។ ព័ត៌មានជាច្រើន យើងអត់សូវបានដឹង ហើយយើងដឹងស្រាប់ហើយប្រព័ន្ធ Social Media កាលពីមុន វាមិនសូវជាមានភាពទូលាយដូចឥឡូវទេ។ យុវជនយើង ក៏មិនសូវបានដឹងពីព័ត៌មានការដាក់អាហារូបករណ៍ ឫព័ត៌មានពីកម្មវិធីទាក់ទងនឹងវិស័យអប់រំអីៗបានច្រើនដែរ។»
បើទោះបីជាឆ្នាំសិក្សាដំបូងហាក់ដូចជាគ្មានសកម្មភាពអ្វីផ្សេងក៏ដោយ ណាត ឧត្តម គឺជានិស្សិតម្នាក់ដែលបានយកចិត្តទុកដាក់ ហើយខិតខំប្រឹងប្រែងសិក្សារៀនសូត្រលើមុខជំនាញសេដ្ឋកិច្ចអភិវឌ្ឍនេះជាខ្លាំង រហូតទទួលបានលទ្ធផលខ្ពស់ជាងគេនៅក្នុងថ្នាក់។ នៅឆ្នាំទី២ លោកនៅបន្តផ្ដោតលើការសិក្សា និងចាប់ផ្ដើមទទួលដឹងពីព័ត៌មានមួយចំនួនដែលបានផ្សព្វផ្សាយនៅតាមសាលា និងនៅតាម Social Media ដែលមានការចែកចាយច្រើនទាក់ទងនឹងការងារស្ម័គ្រចិត្ត ការចូលរួមកម្មវិធីពិព័រណ៍សាលា និងការងារផ្សេងៗ ហើយវាបានក្លាយជាចំណុចចាប់ផ្ដើមនៃការងារសង្គមសម្រាប់លោកនៅពេលនោះ។
នៅចុងឆ្នាំ២០១៧ លោកបានដាក់ពាក្យនៅក្នុងកម្មវិធីមួយឈ្មោះថា JENESYS ដោយវាជាកម្មវិធីចូលរួមផ្លាស់ប្តូរទំនាក់ទំនងយុវជនអាស៊ីបូព៌ា នៅប្រទេសជប៉ុនដោយទទួលបានជោគជ័យ។ បន្ទាប់ពីត្រឡប់មកពីប្រទេសជប៉ុនវិញ លោកបានចូលរួមប្រកួតប្រជែង ហើយទទួលបានឱកាសតំណាងយុវជនកម្ពុជា ចូលរួមកម្មវិធីបោះជំរុំសម្រាប់និស្សិតនៅកោះតៃវ៉ាន់ (winter school camp in Taiwan)។
បន្ទាប់មក លោកបានក្លាយជាអ្នកដឹកនាំវ័យក្មេង ដោយបានដឹកនាំយុវជនកម្ពុជាចូលរួមការប្រកួតកម្មវិធី World scholar’s cup Melbourne global round នៅទីក្រុងម៊ែលប៊ន ប្រទេសអូស្រ្តាលី។ បន្ទាប់ពីត្រឡប់ពីអូស្ត្រាលីបានមួយសប្ដាហ៍ លោកបានជាប់ Internship នៅប្រទេសប៉ូឡូញរយ:ពេល២ខែ លើកម្មវិធីការអប់រំអន្តរជាតិ។ ក្រោយេពីបញ្ចប់ការសិក្សា លោកបានធ្វើការនៅក្នុងក្រុមហ៊ុនមួយក្នុងរាជធានីភ្នំពេញ ហើយបានឆ្លៀតពេលចូលរួមដោយប្រកួតប្រជែងជាប់ជាបេក្ខជន Fellow រដូវកាលទី១ នៅក្នុងកម្មវិធី The Perspective Cambodia។ នៅឆ្នាំ២០២០ លោកបានបន្តថ្នាក់អនុបណ្ឌិតផ្នែកធុរ:កិច្ច នៅសកលវិទ្យាល័យ ASSUMPTION នាទីក្រុងបាំងកកប្រទេសថៃ។
ដោយសារតែលោក ណាត ឧត្តម ធ្លាប់ជាសិស្សនិទ្ទេស E និងសិក្សាក្នុងជំនាញដែលមិនមែនជាក្ដីស្រមៃខ្លួនពីមុនផងនោះ លោកបានលើកទឹកចិត្តទៅកាន់សិស្សនិស្សិតដែលមានបញ្ហាធ្លាក់ទឹកចិត្តក្នុងបញ្ហាទាំងនេះថា សូមបន្តខិតខំប្រឹងប្រែង ហើយស្វែងរកជំនាញដែលខ្លួនស្រឡាញ់។ ប្រសិនបើយុវជនមិនទាន់រកឃើញចំណង់ចំណូលចិត្តផ្ទាល់ខ្លួនទេ លោកលើកទឹកចិត្តឱ្យយុវជនចូលរួមក្នុងការងារសង្គមឱ្យបានច្រើន ដូចជាការងារស្មគ្រចិត្តបរិស្ថាន វប្បធម៌ ឬពាក់ព័ន្ធនឹងការអប់រំនានា។ ការងារសង្គមវាមានគុណតម្លៃជាច្រើន អាចជួយឱ្យយុវជនមានឱកាសជួបមនុស្សដែលមានសមត្ថភាព អ្នកដែលមានចំណង់ចំណូលចិត្តដូចគ្នា អ្នកដែលកំពុងតែស្វែងរកអ្វីដែលខ្លួនឯងចូលចិត្ត ដូចដែលយើងកំពុងតែស្វែងរកខ្លួនឯងដូចគ្នា។ ដូចនេះ វានឹងនាំឱ្យយុវជនរកឃើញខ្លួនឯង មើលឃើញឱកាស និងរកឃើញចំណុចខ្លាំងរបស់ខ្លួនឯងផងដែរ។
លើសពីនេះ លោកបានផ្ដល់ដំបូន្មានដល់សិស្សនិសិ្សតដែលយល់ថាខ្លួនបានជ្រើសជំនាញខុស ឬសិក្សាជំនាញដែលខ្លួនមិនស្រឡាញ់ថា៖ «សូមបើកចិត្តឱ្យទូលាយស្វែងយល់ពីវា ហើយខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ព្រោះវានឹងធ្វើឱ្យយើងពេញចិត្តជាមួយនឹងលទ្ធផលមួយនោះទោះល្អក្ដីមិនល្អក្ដី ហើយជួនកាលវានឹងនាំផ្លូវឱ្យយើងបានល្អទៅវិញ តួយ៉ាងដូចជារូបខ្ញុំដែលពីមុនមិនចាប់អារម្មណ៍លើមុខជំនាញនេះសោះ ប៉ុន្តែក្រោយមកខ្ញុំក៏ចាប់ផ្ដើមស្រឡាញ់ ហើយជោគជ័យជាមួយវា។»
សម្រាប់លោក ណាត ឧត្តម សមិទ្ធផលដែលលោកទទួលបានកើតចេញពីការខិតខំប្រឹងប្រែងរៀនសូត្រ និងស្វែងយល់ព័ត៌មានបន្ថែមតាមរយ:បណ្ដាញសង្គម។ ទាក់ទងនឹងឱកាសការងារមួយចំនួនដែលលោកបានស្ម័គ្រចិត្តជាយុវជន ឫជាអ្នកដឹកនាំ មិនថាឱកាសការងារក្នុងស្រុក ឬក្រៅស្រុកនោះទេ គឺរូបលោកជាអ្នកស្វែងរកដោយខ្លួនឯងតាមរយ: Social Media ។
ក្រៅពីការសប្បាយជាមួយការលេងបណ្ដាញសង្គមហ្វេសប៊ុក ឬក៏បណ្ដាញសង្គមដទៃទៀតដែលមានវេបសាយ លោកសូមលើកទឹកចិត្តឱ្យគ្រប់គ្នាចេះទាញប្រយោជន៍តាមរយ:ការលេងទាំងអស់នោះ តាមរយ:ការស្វែងរកព័ត៌មានបន្ថែមទៀត មិនថាព័ត៌មានពីកម្មវិធីអាហារូបករណ៍ ឫការងារស្ម័គចិត្តគឺគេតែងតែ Post។
ចំពោះរូបលោក ភាគច្រើនលោកមើលតាម Wedu share ហើយយុវជនក៏អាចស្វែងរកព័ត៌មានពី Page ក្រសួងអប់រំ ឬ ស.ស.យ.ក ដែលគេតែងតែបង្ហោះអាហារូបករណ៍ ឬឱកាសជាច្រើនសម្រាប់យុវជន និង Page ឈ្មោះ scholarship for khmer ដែលជាផេកបណ្តុំទៅដោយឱកាសអាហាររូបករណ៍ និងកម្មវិធីនៅខាងក្រៅប្រទេស។
សូមបញ្ជាក់ថា នៅសល់តែមួយត្រីមាសទៀតទេ លោកនឹងបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតលើមុខជំនាញធុរ:កិច្ចនេះហើយ បន្ទាប់មកលោកនឹងពាំនាំចំណេះដឹងដែលលោកបានសិក្សារៀនសូត្រមកអភិវឌ្ឈប្រទេសកម្ពុជា ដោយមានគម្រោងបង្កើតជំនួញមួយផ្ទាល់ខ្លួន ហើយត្រៀមខ្លួនធ្វើជាគ្រូបង្រៀនស្មគ្រចិត្ត និងត្រៀមខ្លួនចូលរួមកម្មវិធីនានា ដែលអាចចូលរួមចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងបទពិសោធន៍នានា ដែលខ្លួនបានឆ្លងកាត់ទៅកាន់សិស្សនិស្សិត និងយុវជននានានៅក្នុងប្រទេសកម្ពុជា។
អត្ថបទ៖ ស្នង នេត្រា
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល