ព័ត៌មានអន្ដរជាតិ
សេដ្ឋកិច្ចចិននឹងរងហានិភ័យកាន់តែខ្លាំង ក្រោយ ត្រាំ ឈ្នះការបោះឆ្នោត
លោក ដូណាល់ ត្រាំ ដែលប្រកាន់គោលនយោបាយ «អាមេរិកមុខគេ» បានជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាមេរិកជាថ្មី ខណៈមានការព្រមានជាបន្តបន្ទាប់ពីសេដ្ឋវិទូជុំវិញគោលនយោបាយការពារនិយម ដែលនឹងអាចជះឥទ្ធិពលអាក្រក់ដល់សេដ្ឋកិច្ចសកល។
ប្រធានាធិបតីជាប់ឆ្នោតរូបនេះ តែងតែបញ្ចេញវោហាសាស្រ្តប្រឆាំងទំនោរណាមួយដែលប៉ះពាល់ដល់ផលប្រយោជន៍អាមេរិក ក្នុងនោះរួមមានទាំងការប្រឆាំងនឹងលំហូរទំនិញចូលស្រុកអាមេរិក ជាពិសេសទំនិញចិន។ មុនជាប់ឆ្នោត លោក ត្រាំ បានសន្យាថានឹងចេញគោលនយោបាយការពារនិយមរបស់ខ្លួន ដោយបង្កើនពន្ធ ១០-២០ ភាគរយ លើគ្រប់មុខទំនិញ និង ៦០ ភាគរយ លើទំនិញនាំចូលពីចិន។
នេះហើយគឺជាក្ដីបារម្ភដែលថា សេដ្ឋកិច្ចចិននឹងកាន់តែរងការគំរាមកំហែងខ្លាំង នៅពេលអាមេរិកធ្លាក់ក្រោមអំណាចរបស់លោក ត្រាំ នៅអាណត្តិនេះ។ អ្នកវិភាគមើលឃើញថា វិធានការពន្ធរបស់ ត្រាំ នឹងធ្វើឱ្យជម្លោះពាណិជ្ជកម្មកាន់តែក្ដៅឡើងៗ ដែលបន្ថែមបន្ទុកទៅលើសេដ្ឋកិច្ចចិន ដែលបច្ចុប្បន្នពឹងផ្អែកខ្លាំងលើការនាំចេញ ដើម្បីស៊ីសងគ្នានឹងបញ្ហាក្នុងស្រុក។
គេមើលឃើញថា បញ្ហាសេដ្ឋកិច្ចដែលចិនកំពុងជួបប្រទះរួមមានវិបត្តិអចលនទ្រព្យ បំណុលរដ្ឋាភិបាល គ្រួសារ និងសាជីវកម្មខ្ពស់ (៣៥០ ទ្រីលានយន់ ប្រហែល ៣ ដងនៃទំហំសេដ្ឋកិច្ច។ យោងតាម Bank for International Settlements) កម្សោយនៃតម្រូវការក្នុងស្រុក និងសម្ពាធបរិត្តផរណាជាដើម។
អ្នកវិភាគបានគូសបញ្ជាក់ថា ចិនត្រូវពឹងផ្អែកខ្លាំងលើការនាំចេញ ដើម្បីជាផ្នែកមួយនៃការជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួន ដែលធ្វើឱ្យវិធានការពន្ធរបស់អាមេរិកមានផលប៉ះពាល់កាន់តែខ្លាំង។ ជាមួយគ្នានោះ វិធានការដំឡើងពន្ធរបស់ ត្រាំ អាចនឹងទាក់ទាញឱ្យប្រទេសដទៃធ្វើតាម ដើម្បីទប់ស្កាត់នឹងលំហូរនៃទំនិញចូលក្នុងប្រទេសរបស់ពួកគេ ដែលនេះអាចនឹងធ្វើឱ្យការធ្វើពិពិធកម្មនាំចេញជួបការលំបាក ខណៈលោកខាងលិចជាច្រើន រួមទាំងសហភាពអឺរ៉ុប មានភាពតានតឹងពាណិជ្ជកម្មរួចស្រាប់ទៅហើយជាមួយចិន។
បើមើលពីលក្ខខណ្ឌផ្សេងៗទៀត សេដ្ឋវិទូបានលើកឡើងថា ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ សហរដ្ឋអាមេរិកបានបញ្ចេញប្រាក់រាប់ពាន់លានដុល្លារដើម្បីយុទ្ធសាស្រ្តជំរុញសេដ្ឋកិច្ច រួមទាំងការផ្តល់សាច់ប្រាក់ដល់អ្នកប្រើប្រាស់ ដែលការណ៍នោះបានផ្ដល់ប្រយោជន៍ដល់អ្នកផ្គត់ផ្គង់ទំនិញនៅក្នុងប្រទេសចិន។ ជាមួយគ្នានោះ បន្ទាប់ពីការឈ្លានពានអ៊ុយក្រែន រុស្ស៊ីបានបិទទីផ្សារលោកខាងលិចជាច្រើន ដែលជំរុញឱ្យប្រទេសនេះងាកទៅរកប្រភពទំនិញកាន់តែខ្លាំងពីចិន។
យ៉ាងណាមិញ ខណៈលោក ត្រាំ ជាប់ឆ្នោតជាថ្មី ចិនក៏មិនឃើញមានឱកាសណាបែបនេះទៀតដែលអាចឱ្យខ្លួនបញ្ចេញទំនិញពីក្នុងស្រុកបានច្រើនដូចលើកមុនដែរ ចំពេលប្រទេសជាច្រើនរួមទាំងនៅអាស៊ីអាគ្នេយ៍ដែលជាទីផ្សារដ៏ធំមួយសម្រាប់ចិន បានបង្កើនការប្រុងប្រយ័ត្នលើលំហូរទំនិញមកពីចិន៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
មកស្គាល់ពីសាកលវិទ្យាល័យចំនួន៦ សម្រាប់សិស្សដែលទើបបញ្ចប់ការសិក្សាទី១២ អាចរើសជំនាញដែលសមស្រប
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ទិដ្ឋភាពពិធីបុណ្យសពអ្នកនាង អ៊ុំ គន្ធា មានភាពស្ងប់ស្ងាត់ពុំសូវឃើញអ្នកសិល្ប:ចូលរួម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ទៅដល់ខេត្តក្រចេះរដូវនេះ! កុំភ្លេចសាករសជាតិសម្លត្រីឆ្កោក រដូវទឹកស្រកសំបូរត្រីចុះតាមព្រែកបឹង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ជាប្រវត្តិសាស្រ្ត! ព្យុះ៤ ត្រូវថតជាប់ក្នុងពេលតែមួយ នៅមហាសមុទ្រប៉ាស៊ីហ្វិក
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អ្នកសិល្បៈសម្តែងការសោកស្តាយចំពោះមរណភាព អ្នកនាង អ៊ុំ គន្ធា ខណៈសពនឹងត្រូវបូជាល្ងាចនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
រាជធានីខេត្តចំនួន ៣ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ នៅថ្ងៃទី ១ នៃពិធីបុណ្យអុំទូក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឃាត់ខ្លួនមន្ត្រីនគរបាលម្នាក់ ក្រោយបាញ់ប្រហារប្ដីប្រពន្ធមួយគូរងរបួសធ្ងន់
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់