ព័ត៌មានអន្ដរជាតិ
រឿងធំចំនួន៧ ដែលលោក ត្រាំ ត្រូវធ្វើ ពេលចូលកាន់តំណែងអាណត្តិថ្មី
នៅទីបំផុតលោក ដូណាល់ ត្រាំ បានវិលមកសេតវិមានសាជាថ្មី ក្រោយផ្តួលអ្នកស្រី កាម៉ាឡា ហារីស ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកថ្ងៃទី៥ខែវិច្ឆិកា។
ការវិលត្រឡប់របស់លោកត្រាំ ក្នុងនាមជាប្រធានាធិបតីទី៤៧របស់សហរដ្ឋអាមេរិក ត្រូវបានថ្នាក់ដឹកនាំបរទេសមួយចំនួនសាទរ តែក៏មានខ្លះមិនសប្បាយចិត្តដែរ ដោយសារតែគោលនយោបាយរបស់គាត់។
ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត លោក ត្រាំ បានដាក់ចេញនូលគោលនយោបាយគួរឲ្យចាប់អារម្មណ៍ជាច្រើន ហើយដោះស្រាយបញ្ហានានាដែលជាប់គាំងក្រោមការដឹកនាំរបស់រដ្ឋបាលលោក ចូ បៃដិន។
តាមការចុះផ្សាយរបស់ BBC កាលពីថ្ងៃពុធទី៦ខែវិច្ឆិកាឆ្នាំ២០២៤, ពេលឡើងកាន់តំណែង លោក ត្រាំ នឹងត្រូវដោះស្រាយបញ្ហាចំនួន៧ធំៗ ដែលគាត់ធ្លាប់សន្យាក្នុងយុទ្ធនាការឃោសនាបោះឆ្នោត៖
1. និរទេសជនអន្តោប្រវេសន៍ខុសច្បាប់
អំឡុងយុទ្ធនាការឃោសនាបោះឆ្នោត លោក ត្រាំ សន្យាថា នឹងមានការនិរទេសជនចំណាកស្រុកគ្មានឯកសារទ្រង់ទ្រាយធំបំផុត នៅក្នុងប្រវត្តិសាស្ត្រអាមេរិក។
គាត់ក៏សន្យាថានឹងសម្រេចការសាងសង់ជញ្ជាំងនៅព្រំដែនជាប់ប្រទេសម៉ិកស៊ិក ដែលបានចាប់ផ្តើមដំបូងក្នុងអំឡុងពេលគាត់កាន់តំណែងជាប្រធានាធិបតិអាណត្តិទី១ផងដែរ។
2. ដោះស្រាយសេដ្ឋកិច្ច និងបញ្ហាពន្ធ
ទិន្នន័យនៃការបោះឆ្នោតបង្ហាញថា សេដ្ឋកិច្ចជាបញ្ហាសំខាន់បំផុតសម្រាប់អ្នកបោះឆ្នោតលើកនេះ។ លោក ត្រាំ សន្យាថានឹងបញ្ចប់អតិផរណា ដែលបានហក់ឡើងដល់កម្រិតខ្ពស់ ក្រោមការដឹកនាំរបស់លោក បៃដិន។ គាត់ក៏សន្យាកាត់បន្ថយពន្ធ លុបចោលពន្ធលើការទូទាត់របបសន្តិសុខសង្គម និងពន្ធសាជីវកម្មអាមេរិកផងដែរ។
លើសពីនេះ លោកស្នើឲ្យដំឡើងពន្ធថ្មីយ៉ាងតិច១០% លើទំនិញបរទេសភាគច្រើន ដើម្បីកាត់បន្ថយឱនភាពពាណិជ្ជកម្ម ហើយលោកនិយាយថា ការនាំចូលទំនិញពីប្រទេសចិន អាចនឹងដាក់ពន្ធបន្ថែមរហូតដល់ទៅ ៦០%ឯណោះ។ យ៉ាងណា សេដ្ឋវិទូខ្លះព្រមានថា វិធានការបែបនេះ អាចរុញឲ្យតម្លៃទំនិញ ឡើងថ្លៃខ្ពស់សម្រាប់ប្រជាជនធម្មតា។
3. បញ្ហាអាកាសធាតុ
ក្នុងអំឡុងពេលកាន់តំណែងជាប្រធានាធិបតីអាណត្តិដំបូង លោក ត្រាំ បានប្រឆាំងចំពោះគំនិតផ្តួចផ្តើមការពារបរិស្ថានជាច្រើន ហើយថែមទាំងដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីសទៀតផង។
លើកនេះ លោកបានប្តេជ្ញាថានឹងជួយដល់ឧស្សាហកម្មរថយន្តរបស់អាមេរិក ខុសពីលោក ចូ បៃដិន ដែលព្យាយាមលើកទឹកចិត្តឲ្យមានការប្រើប្រាស់រថយន្តប្រើថាមពលស្អាតកាន់តែច្រើន។ លោកក៏សន្យា បង្កើនការផលិតឥន្ធនៈហ្វូស៊ីលរបស់សហរដ្ឋអាមេរិក ហើយចង់បើកតំបន់នានាដូចជាវាលរហោស្ថានអាកទិកដើម្បីខួងយកប្រេង ក្នុងគោលបំណងកាត់បន្ថយថ្លៃថាមពលផងដែរ។
4. បញ្ចប់សង្គ្រាមអ៊ុយក្រែន
លោក ត្រាំ មិនពេញចិត្តទេចំពោះរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ដែលជះលុយយ៉ាងសន្ធឹកសន្ធាប់ជួយអ៊ុយក្រែន ក្នុងសង្គ្រាមជាមួយរុស្ស៊ី ហើយលោកសន្យាថា នឹងបញ្ចប់ជម្លោះក្នុងរយៈពេលត្រឹម២៤ម៉ោងប៉ុណ្ណោះ។
ពិតណាស់ ការឡើងកាន់តំណែងលើកនេះ លោក ត្រាំ ចង់ឲ្យសហរដ្ឋអាមេរិក ផ្តាច់ខ្លួនចេញពីជម្លោះបរទេសទាំងឡាយ។ ទាក់ទងនឹងសង្គ្រាមនៅហ្គាហ្សាវិញ, លោក ត្រាំ ធ្លាប់និយាយថា លោកជាអ្នកគាំទ្រអ៊ីស្រាអែល ប៉ុន្តែបានជំរុញឲ្យសម្ព័ន្ធមិត្តអាមេរិក បញ្ចប់ប្រតិបត្តិការរបស់ខ្លួន។ លើសពីនេះ លោកក៏សន្យា បញ្ចប់អំពើហិង្សាក្នុងប្រទេសលីបង់ដែរ ប៉ុន្តែមិនផ្តល់ព័ត៌មានលម្អិតថានឹងបញ្ចប់ដោយរបៀបណាទេ។
5. មិនហាមឃាត់ការរំលូតកូន
ទោះមានអ្នកគាំទ្រមួយចំនួនមិនពេញចិត្តចំពោះគោលនយោបាយនេះក៏ដោយ ប៉ុន្តែលោក ត្រាំ នៅតែមិនប្តូរចិត្ត។ លោកនិយាយក្នុងអំឡុងពេលជជែកដេញដោលជាមួយ អ្នកស្រី កាម៉ាឡា ហារីស ថា លោកនឹងមិនចុះហត្ថលេខាលើច្បាប់ហាមឃាត់ការរំលូតកូនទេ។
នៅឆ្នាំ២០២២ សិទ្ធិរំលូតកូនតាមរដ្ឋធម្មនុញ្ញទូទាំងប្រទេស ត្រូវបានលុបចោលដោយតុលាការកំពូល បន្ទាប់ពីលោក ត្រាំ ចូលកាន់តំណែងជាប្រធានាធិបតីអាណត្តិដំបូង ហើយសិទ្ធិបន្តពូជបានក្លាយជាប្រធានបទសំខាន់មួយ ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់អ្នកស្រី ហារីស។
6. លើកលែងទោសកុបករថ្ងៃ៦ខែមករា
លោក ត្រាំ និយាយថា នឹងដោះលែងអ្នកដែលត្រូវបានកាត់ទោសពីបទល្មើសមួយចំនួនក្នុងអំឡុងពេលកុបកម្មថ្ងៃ៦ខែមករាឆ្នាំ២០២១ នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ដែលកាលនោះ អ្នកគាំទ្ររបស់គាត់ បានសម្រុកចូលវិមានកាពីតូល ដើម្បីរារាំងការប្រកាសជ័យជម្នះផ្លូវការរបស់លោក ចូ បៃដិន។
ហេតុការណ៍នោះបណ្តាលឲ្យមនុស្សមួយចំនួនបាត់បង់ជីវិត ហើយគេបន្ទោសចំៗទៅលោក ត្រាំ ថាជាអ្នកញុះញង់នៅពីក្រោយ។ ទោះបីជាយ៉ាងណាក៏ដោយ លោកអះអាងថា អ្នកគាំទ្ររបស់លោកមួយចំនួន ត្រូវគេចាប់ដាក់គុកដោយខុសច្បាប់។
7. បណ្តេញទីប្រឹក្សាពិសេស Jack Smith
លោក ត្រាំ បានប្តេជ្ញាបណ្តេញលោក Jack Smith ចេញពីតំណែងភ្លាម ពេលណាលោកចូលកាន់តំណែងវិញ។ Jack Smith គឺជារដ្ឋអាជ្ញាជើងចាស់ ដែលដឹកនាំការស៊ើបអង្កេតឧក្រិដ្ឋកម្មពីរករណី ប្រឆាំងនឹងរូបលោក។ លោក Smith បានចោទប្រកាន់លោក ត្រាំ ថាព្យាយាមបំផ្លាញលទ្ធផលឆ្នោតឆ្នាំ២០២០ និងការកាន់កាប់ឯកសារសម្ងាត់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ត្រាំ ប្រកាសមិនឲ្យសមាជិកគ្រួសារ កាន់តួនាទីណាមួយឡើយ ក្នុងរដ្ឋាភិបាលអាណត្តិថ្មីនេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
សន្តិសុខសង្គម១៤ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ